អ្នកឧកញ៉ា គិត ម៉េង អំពាវនាវដល់វិស័យឯកជនបង់ពន្ធជូនរដ្ឋ ឱ្យបានត្រឹមត្រូវទាំងអស់គ្នា ដើម្បីរួមចំណែកជួយឱ្យប្រទេសជាតិរីកចម្រើន

05-02-2026 17:26

(ភ្នំពេញ)៖ ថ្លែងទៅកាន់បណ្តាក្រុមហ៊ុនឯកជននានា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់ផ្នែកវិស័យឯកជនទាំងអស់ ត្រូវបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកប្រមូលចំណូលជូនរដ្ឋ សម្រាប់អភិវឌ្ឍន៍វិស័យសំខាន់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា គិត ម៉េង អំពាវនាវបែបនេះ ធ្វើឡើងក្នុង «វេទិកាពន្ធដារកម្ពុជា» ដែលបានរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែង យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ដល់ផ្នែកឯកជនទាំងអស់នៅទីនេះ យើងត្រូវតែបង់ពន្ធ ។ ការបង់ពន្ធនេះ គឺដើម្បីជួយកម្ពុជាយើង ឱ្យរីកចម្រើន នៅពេលដែលយើងខ្សោយ នោះប្រទេសយើងខ្សោយ នៅពេលដែលយើងមាន ប្រទេសយើងមានមុខមាត់ យើងត្រូវតែចាំទាំងអស់គ្នា។ ខ្ញុំក៏មានភារកិច្ចបង់ពន្ធដូចគ្នា ខ្ញុំរកស៊ីនៅស្រុកខ្មែរតាំងពីឆ្នាំ៩១ ដែលមកទល់ពេលនេះ ជិត៣ទស្សវត្សកន្លះ ដែលខ្ញុំបានរួមចំណែកបង់ពន្ធជូនជាតិ ។ អ៊ីចឹងខ្ញុំសូមអំពាវនាវផ្នែកឯកជនទាំងអស់ដែលនៅទីនេះ សូមបំពេញតួនាទី ដើម្បីបង់ពន្ធ»

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ស្នើរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ជួយសម្រួលដើម្បីធ្វើឱ្យអ្នកជាប់ងាយស្រួលក្នុងការបំពេញកាតព្វបង់ពន្ធ និងផ្តល់នូវទំនុកចិត្តរវាងគ្នាទៅវិញទៅមក។

បន្ថែមពីនេះ អ្នកឧកញ៉ា បានគូសបញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ការប្រព្រឹត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការប្រកួតប្រជែងដោយយុត្តិធម៌ អភិបាលកិច្ចសាជីវកម្មល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងវេទិកានេះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា វិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ និងជាក្បាលម៉ាស៊ីនដ៏ចាំបាច់ នៃកំណើនសេដ្ឋកិច្ច និង ជាឆ្អឹងខ្នងដ៏រឹងមាំនៃការអភិវឌ្ឍសង្គមជាតិ។ វិស័យឯកជន បាននិង កំពុង ចូលរួមបង្កើតការងារ និង មុខរបរ, បង្កើនប្រាក់ចំណូល, កាត់បន្ថយភាពក្រីក្រ, និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ ចីរភាព, បរិយាបន្ន, និងភាពធន់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ទៀតថា «ខ្ញុំចង់សម្តែងនូវការស្វាគមន៍ ចំពោះការប្តេជ្ញា និងការអំពាវនាវរបស់ អ្នកឧកញ៉ា គិត ម៉េង ថាសូមឱ្យវិស័យឯកជនទាំងអស់គ្នា រួមគ្នាបង់ពន្ធ និងពង្រឹងអនុលោមភាពចំពោះការបង់ពន្ធនេះ។ជាមួយគ្នានេះដែលខ្ញុំក៏ទទួលនូវសំណូមថា ខាងរាជរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកគយ ដើរតួនាទី២ទន្ទឹមគ្នា គឺម្ចាងប្រមូលចំណូលជូនរដ្ឋ និងម្ខាងទៀត ផ្តល់នូវការសម្រួលពាណិជ្ជកម្ម និងធានានូវសមធម៌ សមភាពក្នុ ងការបង់ពន្ធហើយសម្រូលនូវសកម្មភាពនៃការវិនិយោគ និងការធ្វើធុរកិច្ច»

លោក ម៉េន ជាប្រុស អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អិម-ផេក & អឹសូស៊ីអេត ឯ.ក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មពន្ធដារ និងផ្តល់ប្រឹក្សាលើគណនេយ្យគ្រប់ប្រភេទ បានកត់សម្គាល់ថា តាមរយៈកំណែទម្រង់របស់រាជរដ្ឋាភិបាល និងអគ្គនាយកដ្ឋានពន្ធដារ បានធ្វើឱ្យការបង់ពន្ធពីមួយឆ្នាំទៅមួយឆ្នាំកាន់ តែមានភាពងាយស្រួល ជាពិសេសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ E-filling កាន់តែផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ។

លោកបន្ថែមថា «ពីមុនគាត់ឃើញពិបាកពេលខ្លះ គាត់ខ្ជិល តែឥលូវមានភាពងាយស្រួលគាត់បង់ពន្ធច្រើន។ ការបង់ពន្ធ គឺជាកាតព្វ ហើយខ្ញុំក្នុងនាមជាភ្នាក់ងារ ក៏ជំរុញឱ្យគាត់បង់ពន្ធឱ្យបានត្រឹមត្រូវដែរ ដើម្បីជួយវិស័យសេដ្ឋកិច្ច ឱ្យបានរីកចម្រើន ជាពិសេសទៅលើវិស័យធារាសាស្រ្ត សាលារៀន មន្ទីរពេទ្យជាដើម»៕