អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាថា ច្បាប់ស្តីពីវិនិយោគថ្មី បានរួមចំណែកទាក់ទាញកន្សោមឧស្សាហកម្ម ធុនមធ្យម និងធំជាច្រើន

06-02-2026 15:35

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទ្បើងថា ក្របខណ្ឌច្បាប់ស្តីពីវិនិយោគ ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១ និងអនុក្រឹត្យនៃការអនុវត្តច្បាប់នេះដែលមានភាពបើកចំហ និងគ្រប់ជ្រុងជ្រោយ បានធ្វើឱ្យបរិស្ថានវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផល និងទាក់ទាញបាននូវកន្សោមឧស្សាហកម្មផ្គុំដំទ្បើងរថយន្ត, ផលិតសំបកកង់រថយន្ត, ផ្គុំដំទ្បើងកង់ និងគ្រឿងបង្គុំកង់ជាច្រើន។

លោក ជា វុទ្ធី លើកឡើងបែបនេះ ក្នុងឱកាសដែលលោកចូលរួមធ្វើបទបង្ហាញអំពីច្បាប់ស្តីពីវិនិយោគ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាអំពីការគាំទ្រដល់ការរីកចម្រើនរបស់វិស័យឯកជន ក្នុងថ្ងៃទី២នៃវេទិកា ពន្ធដារកម្ពុជា ២០២៦ នេះ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកបានកត់សម្គាល់ថា ការរួមផ្សំនៃកត្តាទាំងនេះបានធ្វើឱ្យការវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនទ្បើងយ៉ាងគំហុក។ បន្ថែមពីនេះ លោកអគ្គលេខាធិការក៏បានលើកទ្បើងពីការលេចចេញនូវកន្សោមឧស្សាហកម្មមួយចំនួនដូចជាកន្សោមឧស្សាហកម្មផ្គុំដំទ្បើងរថយន្ត, ផលិតសំបកកង់រថយន្ត, ផ្គុំដំទ្បើងកង់ និងគ្រឿងបង្គុំកង់...។ល។ លើសពីនេះ លោកអគ្គលេខាធិការបានលើកឡើងពីសក្តានុពលនៃឧស្សាហកម្មឈើដាំដែលនឹងមានតួនាទីដ៏សំខាន់ក្នុងការផ្គត់ផ្គង់ជាធាតុចូលផលិតកម្មនៃការផលិតគ្រឿងសង្ហារិម បន្ទះក្តារវ៉ែនី និងក្តារប្លាកេដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។

ទន្ទឹមនេះ លោកក៏បានទាញចំណាប់អារម្មណ៍របស់អង្គពិធីអំពីការគិតគូររបស់រាជរដ្ឋាភិបាលលើការរៀបចំខ្សែច្រវាក់តម្លៃឧស្សាហកម្មស្វាយចន្ទីដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីវិស័យដ៏មានសក្តានុពលនេះ។

អគ្គលេខាធិការ បានបន្ថែមថា ទន្ទឹមនឹងកំណើននៃការវិនិយោគយ៉ាងគំហុកនេះក៏មានបញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិនដែលទាមទារឱ្យមានការសម្របសម្រួលស្វែងរកដំណោះស្រាយ និងការចូលរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការថែទាំវិនិយោគ, បង្កើនទំនុកចិត្តបន្ថែមពីសំណាក់សហគមន៍វិនិយោគ និងលើកកម្ពស់បរិយាកាសវិនិយោគ ក៏ដូចជាភាពប្រកួតប្រជែងរបស់កម្ពុជា៕