មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងអ្នកជំនាញសេដ្ឋកិច្ច៖ ការបង្រ្កាបការឆបោកតាមអនឡាញ (ONLINE SCAMS )នៅកម្ពុជាផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា (Video inside)

06-02-2026 17:38

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកជំ នាញសេដ្ឋកិច្ច បានលើកឡើងថាបង្រ្កាបបទល្មើសឆបោកប្រាក់តាមអនឡាញនៅកម្ពុជា មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជារយៈពេលវែង ដូច្នេះហើយ ការទប់ស្កាត់ ការឆបោកតាមអនឡាញ គឺជារឿងដែលរដ្ឋាភិបាលត្រូវធ្វើ។

ក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការលុបបំបាត់ការឆបោកតាមអនឡាញនៅកម្ពុជា នឹងផ្តល់ផលប្រយោជន៍រយៈពេលវែងដល់កម្ពុជា ដូច្នេះហើយ ការទប់ស្កាត់ ការឆបោកតាមអនឡាញ គឺជារឿងដែលរដ្ឋាភិបាលត្រូវធ្វើ និងកែទម្រង់។

ចំណែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភា កម្ពុជាបានលើកឡើងថា យុទ្ធនាការបង្រ្កាបបទល្មើសឆបោកប្រាក់តាមអនឡាញនៅកម្ពុជា មានឥទ្ធិពលយ៉ាងសំខាន់ ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា ដោយសារសកម្មភាពទាំងនេះ ប៉ះពាល់ទៅវិនិយោគិនបរទេស ដែលរកស៊ីសុចរិតភាព។

លោកបានពន្យល់ថា ទង្វើ ឆបោកទាំងនេះ គឺជាដំបៅនៅក្នុងកែវភ្នែករបស់ប្រទេសមហាអំណាច និងមិនមែនជាតម្រូវការរបស់វិនិយោគិន ឬអ្នកជំនួញសុចរិត ដែលអនុវត្តច្បាប់ប្រកបដោយសុចរិតភាពនោះឡើយ ដូចជានៅជប៉ុន កូរ៉េខាងត្បូង នៅសហគមន៍អឺរ៉ុប និងប្រទេសមួយចំនួនទៀត ដោយពួកគេត្រូវការបរិយាកាសវិនិយោគប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ ដូច្នេះយុទ្ធនាការនេះ អាចនឹងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិនបរទេសធំៗ ព្រមទាំងទទួលបានទំនុកចិត្តពីបណ្តាវិនិយោគិនទាំងនោះ។

យ៉ាងនេះក្តី លោកលើកឡើងថា យុទ្ធនាការបង្រ្កាបបទល្មើសឆបោកប្រាក់តាមអនឡាញនេះ នឹងមិនប៉ះពាល់ដល់លំហូរវិនិយោគិនចិនមកកម្ពុជា ដែលវិនិយោគដោយត្រឹមត្រូវឡើយ។ ហើយតាមរយៈវិធានការរបស់រាជរដ្ឋាភិបាល នឹងធ្វើឱ្យជនបរទេស ដែលជាជនឆ បោក នឹងត្រូវបានកាត់បន្ថយ។ យុទ្ធនាការគួរតែធ្វើឱ្យបានជាប្រចាំ ដើម្បីទប់ស្កាត់កុំឱ្យមានក្រុមជនឆបោកអនឡាញទាំងនេះនៅកម្ពុជាទៀត ដែលនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា។

លោកពន្យល់បន្តថា «ជាធម្មតាទេ ល្បាយប្រជាជនចិន ដែលហូរមកកម្ពុជាសុទ្ធតែចម្រុះ មាន ទាំងវិនិយោគិន មានទាំងមនុស្សល្អ អាក្រក់ លាយលំគ្នា អ៊ីចឹងពេលខ្លះយើងពិបាកញែក ប៉ុន្តែនៅពេលដែលយើងមានវិធានការទប់ស្កាត់ គ្រប់គ្រងបានប្រាកដប្រជា បានតឹងរឹង ពេលនោះយើងអាចញែកល្បាយទាំងអស់នោះឱ្យចេញដាច់ស្រឡះពីគ្នានឹងងាយក្នុងការគ្រប់គ្រងហើយ»។

ជាមួយគ្នានេះ លោកស្នើដល់ប្រជាពលរដ្ឋទាំងអស់ គួរតែប្រើប្រាស់បញ្ញាញាណ ឈប់បាញ់បោក និងរួមចំណែកទប់ស្កាត់នូវទង្វើនេះ ទាំងអស់គ្នា។

គួររម្លឹកថា កាលពីពាក់កណ្តាលឆ្នាំ ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបនៅទូទាំងប្រទេស ដើម្បីបោសសម្អាតក្រុមជនឆបោកទាំងនោះ។

ឯកសារដែលបានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕