អ្នកឧកញ៉ា គិត ម៉េង៖ ប្រព័ន្ធពន្ធដារមានតម្លាភាព-យុត្តិធម៌ ជាកត្តាចាំបាច់សម្រាប់កសាងទំនុកចិត្ត ជំរុញការវិនិយោគ និងអនុញ្ញាតឱ្យអាជីវកម្មអាចពង្រីកខ្លួន
07-02-2026 12:33
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធពន្ធដារ មានតម្លាភាព-យុត្តិធម៌ ជាកត្តាចាំបាច់សម្រាប់ កសាងទំនុកចិត្ត ជំរុញការវិនិយោគ និងអនុញ្ញាតឱ្យអាជីវកម្មអាចពង្រីកខ្លួន។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា គិត ម៉េង រួមជាមួយនឹងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រិតភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អញ្ជើញជាអធិបតីភាព ក្នុងពីធិបិទវេទិការពន្ធដារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការលើកកម្ពស់អនុលោមភាព សារពើពន្ធសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា» នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា វេទិកាពន្ធដារកម្ពុជាឆ្នាំ២០២៦ ក្នុងរយៈពេលពីរថ្ងៃពេញនេះ (ថ្ងៃទី៥-៦ ខែកុម្ភៈ) បានផ្តល់នូវមូលដ្ឋានដ៏មានតម្លៃ សម្រាប់ការសន្ទនាប្រកបដោយភាពបើកចំហ ស្ថាបនា និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការការពង្រឹងប្រព័ន្ធពន្ធដារនៅកម្ពុជា និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
អ្នកឧកញ៉ាបានសង្កត់ធ្ងន់ពីទស្សនៈរបស់វិស័យឯកជន ប្រព័ន្ធពន្ធដារដែលមានតម្លាភាព យុត្តិធម៌ និងអាចព្យាករណ៍បាន គឺជាកត្តាចាំបាច់សម្រាប់កសាងទំនុកចិត្ត ជំរុញការវិនិយោគ និងអនុញ្ញាតឱ្យអាជីវកម្មអាចពង្រីកខ្លួន និងបង្កើតការងារបាន។ វិស័យឯកជនត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងដើរតួជាដៃគូដ៏មានការទទួលខុសត្រូវ ក្នុងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។
អ្នកឧកញ៉ាប្រធាន ក៏បានគូសបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ទាំងអស់ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចដែលមានការទទួលខុសត្រូវ ការប្រកួតប្រជែងដោយស្មើភាព អភិបាលកិច្ចសាជីវកម្មល្អ និងបរិយាកាសធុរកិច្ច ដែលគាំទ្រដល់កំណើនប្រកបដោយបរិយាបន្ន និងចីរភាព។
ជាថ្មីម្តងទៀត អ្នកឧកញ៉ា បានសម្តែងការកោតសរសើរចំពោះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការរៀបចំវេទិកានេះរួមគ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាវាគ្មិន អ្នកសម្របសម្រួល អ្នកចូលរួម អ្នកឧបត្ថម្ភ និងមន្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម និងគាំទ្រវេទិកាពន្ធដារជាតិលើកដំបូងរបស់កម្ពុជានេះ។
លោក គង់ វិបុល បានថ្លែងអំណរគុណ និងកោតសរសើរដូចគ្នាជូន ចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, វាគ្មិន អ្នកសម្របសម្រួល អ្នកចូលរួម អ្នកឧបត្ថម្ភ ក្រុមការងារនៃសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ ដែលបានសហការគ្នាយ៉ាងល្អ និងជិតស្និត ក្នុងការសម្រេចបានយ៉ាងជោគជ័យក្នុងការរៀបចំវេទិការដ៏មានសារៈសំខាន់នេះឡើង។
លោកបានសំដែងនូវការប្តេជ្ញាថា ចំពោះវេទិការពន្ធដារលើក្រោយ និងប្រារព្ធធ្វើឡើងឱ្យកាន់តែធំ និងមានជោគជ័យជាងឆ្នាំនេះបន្ថែមទៀត៕










