ក្រុមហ៊ុនផលិតសំបុកត្រចៀកកាំមួយចំនួន ត្រៀមខ្លួននាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន ខណៈរំពឹងថា តម្លៃនឹងងើបឡើងវិញ (Video inside)
09-02-2026 17:22
(ភ្នំពេញ)៖ លោកស្រី ភឹម សម្ជស្ស សមាគមសម្ព័នពាណិជ្ជកម្មសំបុកត្រចៀកកាំកម្ពុជាអន្តរជាតិ និងជាប្រធានក្រុមហ៊ុន សោជីន សំបុកត្រចៀកកាំ បានឱ្យដឹងថា បន្ទាប់ពីអគ្គរដ្ឋបាលគយចិន បានអនុញ្ញាតឱ្យកម្ពុជា អាចនាំចូលសំបុកត្រចៀកកាំ ទៅកាន់ទីផ្សារចិនជាផ្លូវការកាលពីពាក់កណ្តាលឆ្នាំ២០២៥ ក្រុមហ៊ុនផលិតសំបុកត្រចៀកកាំមួយចំនួន បានត្រៀមខ្លួននិងរៀបចំនិតិវិធី ក្នុងការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិននៅពេលខាងមុខនេះ។
លោកស្រីបានឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុន ដែលបានចុះបញ្ជីជាមួយក្រសួងកសិកម្ម ក្នុងនោះក្រុមហ៊ុនចំនួន៥ត្រូវបានបញ្ចូនទៅគយចិន ដោយក្រុមហ៊ុនខ្លអាចនឹងនាំចេញនៅចុងឆ្នាំនេះ ខណៈក្រុមហ៊ុនលោកស្រីកំពុងរៀបចំនិតិវិធីនាំចេញនៅដើមឆ្នាំក្រោយ។
លោកស្រីរំពឹងថា នៅពេលដែលកម្ពុជានាំចេញសំបុក្រត្រចៀកកាំ ទៅកាន់ទីផ្សារចិនជាផ្លូវការ នោះនឹងធ្វើឱ្យតម្លៃសំបុកត្រចៀកកាំងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំ២០២៥។
បើតាម លោកស្រី ភឹម សម្ជស្ស បច្ចុប្បន្ននេះ ផ្ទះត្រចៀកកាំនៅកម្ពុជា អាចនឹងមានក្នុងរង្វង់ពី៣ពាន់ទៅ៥ពាន់ផ្ទះ និងប្រមូលផលបានប្រមាណជិត១០០តោនក្នុងមួយឆ្នាំ។
គួរជម្រាបថា អគ្គនាយកដ្ឋានគយចិន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យប្រទេសកម្ពុជា អាចនាំចូលសំបុកត្រចៀកកាំ ដែលបំពេញតាមគ្រប់លក្ខខណ្ឌចូល ទៅក្នុងទីផ្សារប្រទេសចិនបានជាផ្លូវការ។
បើតាមសេចក្តីជូនដំណឹង សំបុកត្រចៀកកាំដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំ សម្រាប់បរិភោគទាំងអស់ ដែលនាំចេញទៅចិន ត្រូវតែផលិតនៅក្នុងសហគ្រាស ដែលបានចុះឈ្មោះទទួលស្គាល់ដោយភាគីទាំងពីរ គោរពតាមស្តង់ដារអនាម័យ និងសុវត្ថិភាពអាហាររបស់ប្រទេសទាំងពីរ ហើយត្រូវឆ្លងកាត់ដំណើរការកម្តៅដោយ «សីតុណ្ហភាពមិនតិចជាង ៧០អង្សាសេ និងបន្ថែមកំដៅយ៉ាងហោចណាស់ ៣.៦វិនាទី» ដើម្បីសម្លាប់វីរុសជំងឺគ្រុនផ្តាសាយបក្សីជាដើម។
ចំពោះប្រភព សំបុកត្រចៀកកាំ ត្រូវមានប្រភពចេញពីផ្ទះត្រចៀកកាំ បានចុះឈ្មោះជាមួយអាជ្ញាធរកម្ពុជា ហើយត្រូវបានរាយការណ៍ទៅភាគីចិន។ សហគ្រាសដំណើរការផលិតសំបុកត្រចៀកកាំមិនទាន់សម្អាត និង សហគ្រាសផលិតសំបុកត្រចៀកកាំសម្រាប់បរិភោគ ត្រូវតែបានចុះឈ្មោះជាមួយអាជ្ញាធរគយនៃប្រទេសចិន ហើយអាចចាប់ផ្តើមផលិតផលិតផលសម្រាប់នាំចេញបាន លុះត្រាតែការចុះឈ្មោះបានចាប់អនុវត្ត៕











