ការនាំចូលទំនិញពីថៃមកកម្ពុជា មានទឹកប្រាក់ជាង ១៥០លានដុល្លារ ថយចុះជិត៥០% ក្នុងមករា ឆ្នាំ២០២៦ (Video inside)
10-02-2026 15:08
(ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០២៦នេះ ការនាំចូលទំនិញពីថៃមកកម្ពុជា មានទំហំទឹកប្រាក់ជាង ១៥១លានដុល្លារ ធ្លាក់ចុះ៤៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទំហំជាង ២៩៧លានដុល្លារ មុនពេលភាគីទាំងពីរមិនទាន់កើតជម្លោះព្រំដែនជាមួយគ្នា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងផងដែរថា ការនាំចេញទំនិញពីកម្ពុជាទៅថៃវិញមានទឹកប្រាក់ជាង៥៨ លានដុល្លារ ធ្លាក់ចុះ១៩.៦% ដែលនាំឱ្យទំហំពាណិជ្ជកម្មនៃប្រទេសពីរសម្រេចបានជាង ២០៩លានដុល្លារ ថយចុះ ៤៣.៥%។
សូមជម្រាបផងដែរ កាលពីឆ្នាំ២០២៥ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៣.៦ពាន់លានដុល្លារ ធ្លាក់ចុះ១៤.៩% ក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងទំហំជាង ៧៣២លានដុល្លារ ថយចុះ១៤.១% ខណៈថៃនាំចូលមកកម្ពុជាមានទំហំជាង២.៩ពាន់លានដុល្លារ ថយចុះ១៥%។
សូមជម្រាបថា បន្ទាប់ពីកម្ពុជានិងថៃកើតមានជម្លោះព្រំដែន កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់បម្រាមមិនឱ្យនាំចូលទំនិញមួយចំនួន ពីថៃមកកម្ពុជាដែលមានដូចជា បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ (១៖ ប្រេងសាំង (Gasoline) ,២៖ ប្រេងម៉ាស៊ូត (Diesel),៣៖ ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG),៤៖ ប្រេងខ្មៅ (Fuel oil) និង៥៖ ប្រេងសាំងយន្តហោះ (Jet-A1))។
ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញទាំងនេះ មិនត្រូវបាន ហាមឃាត់ការនាំចូលនោះទេ៕





