គម្រោងវិនិយោគចំនួន៩ ក្នុងទុនវិនិយោគ ៤២៣លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកយកមកពិនិត្យ ដើម្បីអនុម័តសំណើរ
10-02-2026 16:27
(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៩គម្រោង ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្ម ចំនួន៧គម្រោង រួមមាន៖ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនីនិងបរិក្ខារអគ្គិសនីបំភ្លឺ, ផលិតប្រដាប់ព្យួរសម្លៀកបំពាក់, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ (បុណ្យណូអែល និងបុណ្យ Halloween) និងវត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផ្គុំដំឡើងម៉ូតូ, ផលិតក្តារបន្ទះ និងផលិតក្រដាស, វិស័យទេសចរណ៍ចំនួន១គម្រោង៖ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១.៣៤១បន្ទប់, និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ បង្កើតកសិដ្ឋានបណ្តុះមេផ្សិតនិងផ្សិតគ្រប់ប្រភេទ និងវេចខ្ចប់កសិផល (ផ្សិត)។
គម្រោងវិនិយោគទាំង៩ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឹ កំពង់ឆ្នាំង និងស្វាយរៀង៕
























