វេទិកាពន្ធដារកម្ពុជា ២០២៦ ជំរុញការលើកកម្ពស់អនុលោមភាពសារពើពន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

11-02-2026 14:20

(ភ្នំពេញ)៖ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំវេទិកាពន្ធដារកម្ពុជា ២០២៦ (Cambodia Tax Forum 2026) ក្រោមប្រធានបទស្តីពី «ការលើកកម្ពស់អនុលោមភាពសារពើពន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» នៅទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ (GDT Tower)។

ការរៀបចំវេទិកានេះឡើង ក្នុងគោលដៅសំខាន់៖ ទី១.លើកកម្ពស់ការយល់ដឹងពីរដ្ឋបាលសារពើពន្ធ បទប្បញ្ញត្តិនិងកាតព្វកិច្ច សារពើពន្ធ និងទំនើបកម្មប្រព័ន្ធពន្ធដារ ដើម្បីលើកកម្ពស់អនុលោមភាពសារពើពន្ធនៅកម្ពុជា, ទី២.លើកកម្ពស់កិច្ចពិភាក្សាក្រៅយន្តការរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់អភិក្រមការសន្ទនាដោយបើកចំហរ (Open Dialogue) ដើម្បីកំណត់បញ្ហាឱ្យចំគោលដៅ ស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាពឆ្លើយតបនឹងបញ្ហាប្រឈមពិតប្រាកដ និងកំណត់ទិសដៅអនុវត្តបន្តឱ្យបានត្រឹមត្រូវសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់, និងទី៣.ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា (Cambodia Tax Administration System) ឬហៅកាត់ថា “GDT HomeTax- ជីឌីធី ហូមថាក”។

នៅថ្ងៃទី១នៃវេទិកាពន្ធដារកម្ពុជា ២០២៦ ក្រោមអធិបតីភាពរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពន្ធដារកម្ពុជា ២០២៦” ដោយវេទិកានេះ គឺជាការផ្តួចផ្តើមឡើងរបស់លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា (ASEAN-BAC Cambodia) ជាសហប្រធានរៀបចំវេទិកា។

ក្នុងដំណើរការ នៃវេទិកាពន្ធដារកម្ពុជា២០២៦នេះ មានការអញ្ជើញចូលរួមជាកិតិ្តយសរបស់គណអធិបតីរួមមានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, បណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានាក្នុងជួររាជរដ្ឋាភិបាល ព្រមទាំងរបស់វិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជា, សមាគមនិងសភាពាណិជ្ជកម្មនានា, ស្ថាប័នអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ និងអង្គទូតនានាប្រចាំនៅកម្ពុជា សរុបប្រមាណជាង ១ ២០០ រូប។

ក្នុងឱកាសនៃការបើក វេទិកាពន្ធដារកម្ពុជា ២០២៦ សម្រាប់ថ្ងៃទី១, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរវាងអគ្គនាយដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជាក្នុង ការរៀបចំវេទិកានេះឡើង ដែលវេទិកានេះគឺជាការផ្តល់កាលានុវត្តភាពដ៏វិសេសមួយ ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូឱ្យ កាន់តែប្រសើរឡើងថែមទៀត រវាងរដ្ឋបាលសារពើពន្ធ-វិស័យឯកជន ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ ព្រមទាំងអង្គការ និងស្ថាប័នអន្តរជាតិ តាមរយៈការចូលរួមក្នុងកិច្ចសន្ទនា ការផ្លាស់ប្ដូរមតិយោបល់ បទពិសោធ ការចែករំលែកនូវឧត្ដមានុវត្តន៍លើប្រធានបទសំខាន់ៗ ដើម្បីជំរុញ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ សំដៅធានានូវចីរភាពនៃកំណើនចំណូលជូនរដ្ឋ បង្កើនជំនឿទុកចិត្តរបស់វិស័យឯកជនមកលើយន្តការប្រមូលចំណូលរបស់រដ្ឋ ព្រមទាំងរួមចំណែកពង្រឹងប្រព័ន្ធប្រមូលចំណូលពន្ធ ជូនរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព សមភាព និងសមធម៌ ក៏ដូចជារក្សាបាននូវគោលនយោបាយខាងផ្នែកសារពើពន្ធមួយ ដែលជាឃ្នាស់សេដ្ឋកិច្ចជំរុញដល់សកម្មភាពសេដ្ឋកិច្ចអាជីវកម្មថែមទាំងមិនបង្កពិការភាព នៅក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំរបស់លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលបានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកៀរគរប្រមូលចំណូលជូនរដ្ឋ និងការដាក់ចេញនូវប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានដ៏សម្បូរបែបនេះ ដែលជាលទ្ធផលគួរឱ្យកត់សម្គាល់ និងបានគាំទ្រនិងលើកទឹកចិត្តអគ្គនាយកដ្ឋានពន្ធដារឱ្យ បន្តយកចិត្តទុកដាក់ ជំរុញកិច្ចការងារការធ្វើបរិវត្តកម្មឌីជីថល សំដៅប្រែក្លាយខ្លួនទៅជារដ្ឋបាលសារពើពន្ធទំនើប ដែលកម្ពុជាត្រូវការបច្ចេកទេសជាអន្តរជាតិ និងប្រែក្លាយខ្លួនជារដ្ឋបាលសារពើពន្ធជំនាន់ទី៣.០។

ក្នុងឱកាសដ៏សំខាន់នេះដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធបន្តស្មារតីនៃកិច្ចសហការស្អិតល្មួតនេះ និងសូមយកចិត្តទុកដាក់បន្ថែមទៀត ព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួនជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់សម្រាប់យកទៅអនុវត្តជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ដោយមានកិច្ចសហការជិតស្និទ្ធពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមមាន៖ ទី១.ចក្ខុវិស័យ និងលទ្ធផល, ទី២.កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ, ទី៣.ការកែទម្រង់ ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍខ្លួនឱ្យក្លាយជារដ្ឋបាលសារពើពន្ធដ៏ទំនើប និងឆ្លាតវៃ (Tax Administration 3.0) និងទី៤.ការកសាងមូលធនមនុស្ស។

ឆ្លៀតក្នុងវេទិកាពន្ធដារនេះដែរ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ការប្រព្រឹត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការប្រកួតប្រជែងដោយយុត្តិធម៌ អភិបាលកិច្ច សាជីវកម្មល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឱ្យផ្នែក ឯកជនទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចនិងប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ដោយចាត់ទុកថាពន្ធជាធនធានរួមដ៏សំខាន់ ដែលផ្តល់អំណាចដល់រដ្ឋក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរក្សាស្ថិរភាពជាតិរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនៃការបើកវេទិកាពន្ធដារកម្ពុជា ២០២៦, លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា វេទិកាពន្ធដារកម្ពុជាដែលជាយន្តការថ្មី ដើម្បីបំពេញបន្ថែមទៀតពីលើយន្តការនៃកិច្ចសហការជាមួយវិស័យឯកជន ដែលកំពុង អនុវត្តស្រាប់ គឺជាឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្នុងឱកាសដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ, វិស័យឯកជន, តំណាងស្ថានទូតនិងកុងស៊ុល, និងដៃគូអភិវឌ្ឍនានា។ ដូច្នេះធាតុចូលទាំងនេះមានតួនាទីសំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការគិតគូររៀបចំគោលនយោបាយសារពើពន្ធ និងជាមូលដ្ឋាន សំខាន់ក្នុងការកំណត់ទិសដៅអនុវត្តបន្ត ជាពិសេសការបន្តខិតខំកែទម្រង់ទាំងផ្នែករដ្ឋាភិបាល ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ និងបុព្វហេតុជាតិទាំងមូល។

ជាមួយគ្នានេះ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីការកំណែ ទម្រង់របស់រដ្ឋបាលសារពើពន្ធ ដែលពីមុនការប្រកាសបង់ពន្ធប្រើដោយដៃ រហូតដល់អភិវឌ្ឍប្រព័ន្ធជាច្រើនក្នុងការជួយសម្រួល ដល់ការបង់ពន្ធដោយប្រព័ន្ធឌីជីថល (Digital) ហើយបច្ចុប្បន្ននេះ តាមរយៈការធ្វើបរិវត្តកម្មរដ្ឋបាលសារពើពន្ធ ដែលសម្រេចបាននូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា ដែលជួយលើកកម្ពស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងបរិបទរដ្ឋបាលសារពើពន្ធទំនើប នៅក្នុងតំបន់និងសកល៕