អាកាសចរស៉ីវិលម្ពុជា៖ ជើងហោះហើររវាងកម្ពុជា-ថៃ រក្សាប្រក្រតីភាពធម្មតា ដោយមាន ២៧០ជើង​ក្នុងមួយសប្តាហ៍

13-02-2026 15:33

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​ឱ្យដឹងថា ជើងហោះហើររវាងកម្ពុជា-ថៃ នៅរក្សាប្រក្រតីភាពហោះហើរជាធម្មតា បើទោះបីជាមានប្រទេសទាំងពីរ មានជម្លោះជាមួយគ្នាក៏ដោយ ​ក្នុងមួយសប្តាហ៍​មានជើងហោះហើរប្រមាណ ២៧០ជើង។

​លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១០ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការហោះហើរ ​ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ជាតិមានចំនួន ៣ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ៧ ដែលក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ថៃមានចំនួន៥​។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា​ ជើងហោះហើររវាងភ្នំពេញ-បាងកក មានចំនួន១៥២ ក្នុងមួយសប្តាហ៍(ទ្វេទិស) ដោយរាប់បញ្ជូលជើងហោះហើរដឹកជញ្ជូនទំនិញ ១០ ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស)។

ជាមួយគ្នានេះ លោកបានឱ្យដឹងដែរថា គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ - សៀមរាបអង្គរ - ព្រះសីហនុ) ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ជាមធ្យមចំនួន ១,៤៦៨ ជើងក្នុងមួយសប្តាហ៍ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៩៩៤ ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស), អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ៣៩៦ ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស), អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ៧៤ ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស)។

ដោយឡែក អាកាសយានដ្ឋានតារាសាគរ ដែលទើបបើកដំណើរការទទួលបានជើងហោះហើរ ៤ ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុក។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិ ៤ និងអន្តរជាតិ ៣២​ និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៧ ប្រទេស និង៤៦ ទីក្រុង។ ក្នុងចំណោម ១៧ ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ ប្រទេសក្នុងតំបន់អាស៊ាន (លើកលែង ប្រទេស ព្រុយណេ និងទីម័រខាងកើត) រីឯប្រទេសក្រៅតំបន់អាស៊ានរួមមាន ប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងតួកគី៕