កម្ពុជា-ប៉ាគីស្ថាន ប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាឧត្តមប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ (Video inside)
13-02-2026 17:37
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចនៅ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដោយបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងវិស័យឯកជននៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានផងដែរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងប៉ាគីស្ថាន ហើយបានបង្កើនភាពជឿទុកចិត្តគ្នាទៅវិញទៅមក ដោយភាគីទាំងពីរបានប្ដេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដើម្បីជាឧត្តមប្រយោជន៍រួម នៃប្រជាជនប្រទេសទាំងពីរ។
លោកបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានជួបប្រជុំជាមួយថ្នាក់ដឹកនាំរបស់ប៉ាគីស្ថានរួមមាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងផលិតកម្ម ក៏ដូចជាសហគមន៍ធុរកិច្ចរបស់ប៉ាគីស្ថានដូចជា សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មប៉ាគីស្ថាន សភាពាណិជ្ជកម្មនិងឧស្សាហកម្មអ៊ីស្លាម៉ាបាដ សមាគមក្រុមហ៊ុនផលិតឱសថ និងបរិក្ខារពេទ្យ ប៉ាគីស្ថាន ក្រុមអ្នកផលិត និងអ្នកនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ប៉ាគីស្ថាន ដោយក្នុងកិច្ចប្រជុំទាំងអស់ ភាគីប៉ាគីស្ថានបានថ្លែងអំណរគុណ និងសាទរចំពោះការអញ្ជើញមកបំពេញទស្សនកិច្ច របស់លោកស្រីរដ្ឋមន្ត្រី និងប្ដេជ្ញាចិត្តប្រឹងប្រែងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
សមាគមក្រុមហ៊ុនផលិតឱសថប៉ាគីស្ថាន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគបង្កើតរោងចក្រផលិតឱសថ និងបរិក្ខារសុខាភិបាលនៅកម្ពុជា និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញ ហើយក្រសួងពាណិជ្ជកម្មក៏បានលើកទឹកចិត្ត ឱ្យមករៀបចំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទទួលបានការលើកទឹកចិត្តផ្សេងៗ ហើយការកសាងរោងចក្រផលិត និងវេចខ្ចប់នេះ គឺអាចបម្រើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារអាស៊ាន អាសិប និងទីផ្សារដទៃទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក ក៏ដូចជាប្រព័ន្ធអនុគ្រោះផ្សេងៗ ដែលកម្ពុជាអាចប្រើប្រាស់បាន។
លោកបន្តថា កិច្ចដំណើរទស្សកិច្ចនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ គឺ៖ (១) អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មនៃប៉ាគីស្ថាន និង (២) សេចក្ដីថ្លែងការណ៍រួម ស្ដីពីការចាប់ផ្ដើមចរចាកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប៉ាគីស្ថាន មានទំហំ ៥៣,៩៤ លានដុល្លារ ក្នុងនោះផលិតផលដែលកម្ពុជានាំចេញមានដូចជា ផលិតផលនៃឧស្សាហកម្មកិនម្សៅ ស្បែកជើង ក្រណាត់ និង គ្រឿងម៉ាស៊ីន ។ល។ ផលិតផលដែលកម្ពុជានាំចូលពីប៉ាគីស្ថានមានដូចជា ផលិតផលឱសថ ស្បែកឆៅ កប្បាស សរសៃអំបោះសិប្បនិម្មិត្ត និង ផលិតផលកែច្នៃពីគ្រាប់ធញ្ញជាតិ ។ល។
ទំនិញសក្ដានុពលដែលអាចនាំចេញទៅប៉ាគីស្ថានបានមានដូចជា ផលិតផលកសិកម្ម និងផលិតផលកែច្នៃកសិកម្មដូចជា គ្រាប់ស្វាយចន្ទី ដំឡូងមី កៅស៊ូ និងផលិតផលឧស្សាហកម្មដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងគ្រឿងអេឡិចត្រូនិក ។ល។ នាពេលបច្ចុប្បន្ន មានសហគ្រាស/ក្រុមហ៊ុនប៉ាគីស្ថានចំនួន ១៦៣ ដែលបានចុះបញ្ជីធ្វើធុរកិច្ចនៅកម្ពុជា៕



















