ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍បង្ហាញផលិតផលខ្មែរ ក្នុងថ្ងៃនៃសេចក្តីស្រលាញ់ ពញ្ញាក់អារម្មណ៍សាធារណជនពី«ការស្រឡាញ់ ផលិតផលជាតិ ការស្រឡាញ់ចំពោះកសិករខ្មែរនិងផលិតករខ្មែរ»
14-02-2026 15:36
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ពាណិជ្ជកម្មក្នុងថ្ងៃនៃសេចក្តីស្រលាញ់ ១៤កុម្ភៈ ដើម្បីពញ្ញាក់អារម្មណ៍សាធារណជនពី «ការស្រឡាញ់ ផលិតផលជាតិ ការស្រឡាញ់ចំពោះកសិករខ្មែរនិងផលិតករខ្មែរ» និងងាកមកគាំទ្រផលិតផលខ្មែរ។
ពិព័រណ៍នេះរៀបចំឡើងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល។
ពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» បានរៀបចំឡើងនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង រីថែល នៃក្រុមហ៊ុនជីបម៉ុង សិប្បករ-ផលិតករក្នុងស្រុក និងតំណាងពីវិស័យឯកជនជាច្រើនរូបផងដែរ។
ក្នុងឱកាសនេះ លោកស្រីរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការកំណត់យកថ្ងៃទី១៤ កុម្ភៈ ប្រារព្ធឡើងនូវ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ពិតជាមានអត្ថន័យដ៏សំខាន់និងជ្រាលជ្រៅក្នុងសមានចិត្តរបស់ប្រជាពលរដ្ឋខ្មែរ គឺដើម្បីបង្ហាញអំពី «ការស្រឡាញ់ ផលិតផលជាតិ ការស្រឡាញ់ចំពោះកសិករខ្មែរនិងផលិតករខ្មែរ ព្រមទាំងជាស្មារតីស្រឡាញ់ជាតិមាតុភូមិរបស់យើង»។
លោកស្រីបន្តថា «យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ សុទ្ធសឹងជាអ្នកប្រើប្រាស់ ដែលពិតជាបានរួមចំណែកមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រ ជំរុញការប្រើប្រាស់ ផ្សព្វផ្សាយផលិតផលជាតិ និងពង្រីកការនាំចេញផលិតផលជាតិនៅនឹងកន្លែង»។
ជាមួយគ្នានេះ លោកស្រីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងភាពជាដៃគូដ៏ប្រសើររវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ-ផលិតផលករក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាត ដែលកំពុងប្រតិបតិ្តការរួមគ្នាជាធ្លុងមួយក្នុងការចូលរួមលើកកម្ពស់ ផលិតផលជាតិ។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នេះឡើងក្នុងគោលបំណងសំខាន់ៗដើម្បី៖
- បង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋ ជាអតិថិជន ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។
- ផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា និងពង្រឹងគុណភាព ដើម្បីអាចបង្កើនការចូលដាក់លក់ផលិតផលទៅក្នុងផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត បាន។
«យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ឆ្នាំពេញ ក្នុងនោះ ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។ មកដល់ពេលនេះ មានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចំនួនប្រមាណជាង ៣០០ ទីតាំង ក្នុងរាជធានី-ខេត្ត បានចូលរួមក្នុងយុទ្ធនាការនេះ៕

















