ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចំនួនប្រមាណជាង ៣០០ ទីតាំង ​ចូលរួមព្រមគ្នា​លើកផ្លាកយុទ្ធ​នាការ«ផលិតផលជាតិ #MadeInCambodia» ជំរុញការផ្សព្វផ្សាយផលិតផលខ្មែរ(Video inside)

14-02-2026 18:17

(ភ្នំពេញ)៖ លោកចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​បានឱ្យដឹងថា ក្នុងថ្ងៃទី១ នៃការបើកសម្ពោធយុទ្ធ​នាការ«ផលិតផលជាតិ #MadeInCambodia» មានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចំនួនប្រមាណជាង ៣០០ ទីតាំង ក្នុងរាជធានី-ខេត្ត បានចូលរួមព្រមគ្នាក្នុងការលើកផ្លាកយុទ្ធ​នាការ«ផលិតផលជាតិ #MadeInCambodia» ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់អ្នកប្រើប្រាស់ជាតិនិងអន្តរជាតិ។

​«យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ឆ្នាំពេញ ក្នុងនោះ ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។​ មកដល់ពេលនេះ មានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចំនួនប្រ​​មាណជាង ៣០០ ទីតាំង ក្នុងរាជធានី-ខេត្ត បានចូលរួមក្នុងយុទ្ធនាការនេះ។

ការរៀបចំ«យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នឹងប្រព្រឹត្តទៅជា ២ ព្រឹត្តិការណ៍ដំណាលគ្នា គឺ៖ ១-ការរៀបចំធ្នើរដាច់ដោយឡែកបន្ថែម សម្រាប់តែការដាក់តាំងលក់ផលិតផលជាតិនៅតាមផ្សារទំនើប និងម៉លធំៗ និងទី.២ ការរៀបចំតុបតែងធ្នើរលក់ផលិតផលខ្មែរនៅតាមផ្សារម៉ាត និងមីនីម៉ាត ឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោ។

ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ដែលចូលរួមក្នុង «យុទ្ធនាការផលិតផលជាតិ #MadeInCambodia»នេះ នឹងចូលរួមរៀបចំសកម្មភាពនៃព្រឹត្តិការណ៍ទាំងពីរខាងលើ រយៈពេល ១ សប្តាហ៍ ក្នុង១ ខែ សម្រាប់រយៈពេល ១ ឆ្នាំ ពេញ​៕