ខែដំបូងឆ្នាំនេះ កម្ពុជាទទួលចំណូលបានជាង ១៥៩លានដុល្លារពីការនាំចេញសំបកកង់រថយន្ដ កើនឡើងជិត៧១% (Video inside)

20-02-2026 15:39

(ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជាបានសម្រេចការនាំចេញសំបកកង់រថយន្ដ ក្នុងទំហំទឹកប្រាក់ជាង ១៥៩លានដុល្លារ កើនឡើងជិត៧១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥​ មានចំនួនជាង ៩៣លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

បើតាមអ្នកជំនាញលើផ្នែកពាណិជ្ជកម្ម, ការកើនឡើងនេះ ដោយសារតែមានការទាកទាញ់វិនិយោគ ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យរោងចក្រ ផលិតសំបកកង់រថយន្ដ មកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យកម្ពុជាឈានដល់ការនាំចេញសំបកកង់រថយន្ដ។

បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការរួមមាន៖ នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។

បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ, កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៤៦ ៨៤២ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ១០១ ២០៨ហិកតា ស្មើនឹង២៣%។

ចំណូលឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៨៣២ ៤៨៤ ៩២៦ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញ ជ័រកៅស៊ូ ចំនួន២២៣ ០៤១ ២៥៩ដុល្លារ, ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន២២៣ ០៤១ ២៥៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៦ ១៩៩ ០៧៣ដុល្លារ៕