កម្ពុជាប្រមូលចំណូលបានជាង ៧២លានដុល្លារ ពីវិស័យកាស៊ីណូ ខណៈគិតត្រឹមឆ្នាំ២០២៥ កាស៊ីណូស្របច្បាប់មានសរុប ១៩៥ទីតាំង (Video inside)

20-02-2026 16:44

(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អនុវត្តការប្រមូលចំណូល​កាតព្វកិច្ច ​ពីល្បែងសរុបជាង ៧២លានដុល្លារអាម៉េរិក កើនឡើង១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួនជាង ៦០លានដុល្លារអាម៉េរិក។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេស របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម កម្ពុជា (គ.ល.ក.) បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ការអនុវត្ត​ការ​ប្រមូល​ចំណូល​កាតព្វកិច្ច ពីល្បែងសរុបបានចំនួន ២៩០,៧៣៦.៤៩លានរៀល (ប្រមាណ៧២លានដុល្លារ)។

ចំណូលនៅក្នុងឆ្នាំ២០២៥នេះ បើប្រៀបធៀបនឹងចំណូលកាតព្វកិច្ច ពីល្បែងក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ ឃើញថា កើនឡើងចំនួន ៣៥,៨២៨.៩៩លានរៀល (ប្រមាណជាង៦០លានដុល្លារ) ស្មើនឹង១៤%។

លោក ឆឹង ចន្ថា បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ នៅកម្ពុជា មានកាស៊ីណូស្របច្បាប់សរុប១៩៥ទីតាំង។ ក្នុងនោះ១៦០ទីតាំង កំពុងដំណើរការ មាន១៦០កន្លែង ដែលភាគច្រើន នៅក្នុងខេត្តព្រះសីហនុ។

បើតាមលោក ឆឹង ចន្ថា, ចំពោះប្រតិបត្តិករ និងកម្មសិទ្ធិករកាស៊ីណូ ដែលប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងអនុវត្តតាមនីតិវិធី ការដាក់ទណ្ឌកម្មរដ្ឋបាល ដោយការព្រមាន ការពិន័យអន្តរការណ៍ និងអាចឈានដល់ការព្យួរអាជ្ញាបណ្ណ និងដកហូតអាជ្ញាបណ្ណ។

លោក ឆឹង ចន្ថា បានលើកឡើងថា កម្មសិទ្ធិករ និង/ឬប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល​។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការព្យួរអាជ្ញាប័ណ្ណ និងលុបអាជ្ញាប័ណ្ណកាស៉ីណូ សរុបចំនួន៥ផងដែរ៕