កម្ពុជា-ជប៉ុន ពិភាក្សាពីលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពវិស័យកសិកម្ម

21-02-2026 13:15

(កូជិ, ជប៉ុន)៖ នៅខេត្តកូជិ ប្រទេសជប៉ុន, លោក សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Inoue Takashi អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Inoue Calcium Corporation ព្រមទាំងលោកបណ្ឌិត Hiroyuki UKEDA និង លោកបណ្ឌិត Satoshi ISHIZUKA តំណាងសមាជិក នៃសាកលវិទ្យាល័យជាតិ កូជិ ដើម្បីពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពវិស័យកសិកម្ម សំដៅជំរុញការនាំចេញ នៃផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ជាមួយគ្នានេះ ក៏មានការពិភាក្សាអំពីលទ្ធភាព ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ការអភិវឌ្ឍកម្មវិធីសិក្សាពាក់ព័ន្ធវិស័យកសិកម្ម ការបណ្តុះបណ្តាលជំនាញ ការផ្លាស់ប្តូរនិស្សិត និងការសិក្សាស្រាវជ្រាវរួម សំដៅលើកកម្ពស់គុណភាពផលិតផល ស្តង់ដារ និងភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ឱ្យកាន់តែប្រសើរឡើងផងដែរ។

បន្ទាប់ពីនេះ នាព្រឹកថ្ងៃដដែលនេះ លោករដ្ឋលេខាធិការ ក៏បានបន្តជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកូជិ និងតំណាងវិស័យឯកជនក្នុងតំបន់ ដើម្បីពិភាក្សាអំពីទិសដៅ និងយន្តការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយផ្តោតជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃអាហារ សំដៅបង្កើនតម្លៃបន្ថែម ពង្រឹងគុណភាព ស្តង់ដារ និងភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិផងដែរ។

ក្នុងឱកាសនោះ ក៏មានការលើកឡើងអំពីការពង្រឹងការតភ្ជាប់រវាងវិស័យឯកជន ជាពិសេសក្រុមហ៊ុននាំចេញ និងការរៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម ដើម្បីពង្រីកឱកាសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើន ផងដែរ៕