វិស័យឧស្សាហកម្មសម្រេចបានកំណើន ៩.៣% នៅឆ្នាំ២០២៥ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះមានជាង ២៥ពាន់លានដុល្លារអាមេរិក (Video inside)
23-02-2026 14:08
(ភ្នំពេញ)៖ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់ មួយឈានទៅសម្រេចនូវចក្ខុវិស័យនានា និងជាកម្លាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា ក្នុងឆ្នាំ២០២៥នេះ សម្រេចកំណើនក្នុងរង្វង់ ៩.៣% ដោយទុនវិនិយោគសរុបក្នុងវិស័យនេះ មានជាង ២៥ពាន់លានដុល្លារអាមេរិក។
ចំណែក ក្នុងឆ្នាំ២០២៦នេះ វិស័យនេះត្រូវបានព្យាករណ៍ថានឹងសម្រេចកំណើន ៧.២% ទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើន រួមទាំងអរិភាពព្រំដែនជាមួយប្រទេសជិតខាងក្តី។
ដើម្បីរួមចំណែកដល់កំណើនជាវិជ្ជមាននេះ ក្រសួងឧស្សាហកម្ម បានដាក់ចេញនូវយន្តការការងារសំខាន់ៗ ជាច្រើនស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ផង និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរួមមានការងារគ្រប់គ្រងរោងចក្រ ការងារបច្ចេកទេសនិងសុវត្ថិភាពឧស្សាហកម្ម ការងារកម្មសិទ្ធិឧស្សាកម្ម និងការងារជំរុញចលនាផលិតភាព។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខ ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យនេះជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជាកំលាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម រួចចំណែកសម្រេចចក្ខុវិស័យឆ្នាំ២០៥០។
លោកបន្ថែមថា «ឆ្នាំ២០២៦ ជាឆ្នាំដែលយើងរិតតែត្រូវខិតខំប្រឹងប្រែង និងបង្កើតល្បឿនឱ្យបានក្លៀវក្លាខលើអទិភាពការងារ ដែលស្មើដូចតទៅ ទី១.បន្តកំណែទម្រង់លើការផ្តល់សេវាកាន់តែលឿន កាន់តែឌីជីថល និងកាន់តែមានតម្លាភាព , ទី២.ឧត្តមភាពខាងនិយ័តកម្មដែលផ្អែកលើហានិភ័យ ផ្អែកលើភស្តុតាង និងត្រឹមត្រូវ យុត្តិធម៌ ,ទី៣ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ទី៤.មូលធនមនុស្សដែលប្របកដោយសមត្ថភាពវិជ្ជាជីវៈ និងវប្បធម៌បណ្តុះបណ្តាល និងទី៥ បន្តភាពជាអ្នកដឹកនាំក្នុងប្រព័ន្ធអេកូឡូស៊ី»។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ រោងចក្រធុនធំដំណើរការនៅកម្ពុជា មានចំនួន ៣ ០៨៣ រោងចក្រ ស្ថិតនៅក្នុង២៥ រាជធានី-ខេត្ត មានការកើនឡើងចំនួន ៦៥៨ រោងចក្រ ស្មើនឹង ២៧.១៣% បើធៀបទៅនឹងឆ្នាំ២០២៤។ រោងចក្រធុនធំកើតថ្មីមានចំនួន ៧០០ រោងចក្រ ស្ថិតនៅក្នុង១៩ រាជធានី-ខេត្ត មានការកើនឡើងចំនួន ៣៧៤ រោងចក្រ ស្មើនឹង ១១៤.៧២% បើធៀបទៅនឹងឆ្នាំ២០២៤។
យ៉ាងនេះក្តី ក្នុងឆ្នាំ២០២៥នេះ រោងចក្រធុនធំបិទទ្វារមានចំនួន ៤២ រោងចក្រ ស្ថិតនៅក្នុង ៧ រាជធានី-ខេត្ត មានការកើនឡើងចំនួន ១៦ រោងចក្រ ស្មើនឹង ៦១.៥៤% បើធៀបទៅនឹងឆ្នាំ២០២៤។
ចំណែកតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រដំណើរការសរុបមានចំនួន៣៤តំបន់ ស្ថិតនៅក្នុង១១ រាជធានីខេត្ត កើនឡើងចំនួន៤តំបន់ ស្មើនឹង១៣.៣៣% បើធៀបនឹងឆ្នាំ២០២៤។
ដោយឡែកតំបន់សួនឧស្សាហកម្ម ដែលមានរោងចក្រដំណើរការសរុបមានចំនួន២៣សួន ស្ថិតនៅក្នុង៦រាជធានី-ខេត្ត មានការកើនឡើងចំនួន៣សួន ស្មើនឹង១៥% បើធៀបនឹងឆ្នាំ២០២៤។
ចំណែកទុនវិនិយោគសរុបក្នុងវិស័យនេះ មានជាង ២៥.១៦៨ លានដុល្លារអាមេរិក មានការកើនឡើងជាង៤.៨១១ លានដុល្លារអាមេរិក ស្មើនឹង២៣.០៣% បើធៀបនឹងឆ្នាំ២០២៤។ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៣.៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥.៥២%នៃទុនវិនិយោគសរុប។
ក្នុងឆ្នាំ២០២៥ វិស័យឧស្សាហកម្ម បានផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១ ២៦៨ ៩៥៣ ក្នុងនោះស្រី្តមានចំនួនជា ជាង៩០ម៉ឺននាក់ ស្មើនឹង៧១.២៤ កើនឡើង ជាង១០ម៉ឺននាក់ ស្មើនឹង៩.៣៨% បើធៀបនឹងឆ្នាំ២០២៤៕














