* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា-ជប៉ុន បេីកកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ស្តីពីសេរីភាវូបនីយកម្ម, ការជំរុញ, និងការការពារវិនិយោគ (Video inside)

23-02-2026 18:29

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម, ការជំរុញ, និងការការពារវិនិយោគ។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា សរុបប្រមាណ២០០រូប ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

នាឱកាសនោះលោក ជា វុទ្ធី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូត, តំណាងក្រសួង-ស្ថាប័ន, សមាគម, អង្គការ, និងផ្នែកឯកជនជប៉ុនទាំងអស់ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ។

លោក ជា វុទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងតែគាំទ្រ និងនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាពិសេសក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ជប៉ុនបានវិវត្តពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ដែលបានខិតខំកៀរគរ និងជំរុញការវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជាជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកក៏បានរំលឹកឡើងវិញនូវសាវតារនៃយន្តការសន្ទនានេះ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ និងកិច្ចការសំខាន់ៗមួយចំនួនដែលរួមគ្នាធ្វើ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ ក្រោមក្របខ័ណ្ឌនៃ «កិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ» ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្ដី និងអតីតនាយករដ្ឋមន្រ្ដីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីឆ្នាំ២០០៨។

លោកបានបន្ថែមទៀតថា នៅពេលនោះកត្តាកំណត់ចម្បងសម្រាប់ទាក់ទាញការវិនិយោគពីជប៉ុនមកកម្ពុជាគឺការដាក់ចេញនូវការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការចូលជាធរមាននៃកិច្ចព្រមព្រៀងខាងលើ។

ជាមួយគ្នានោះ លោក ជា វុទ្ធី ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា បញ្ហាដែលបានលើកឡើងនាឱកាសនេះ នឹងត្រូវបានពិភាក្សា និងយកចិត្តទុកដាក់ដោះស្រាយពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវបរិយាកាសល្អប្រសើរសម្រាប់ថែទាំវិនិយោគជប៉ុនដែលមានស្រាប់ ជំរុញលើកទឹកចិត្តឱ្យមានការពង្រីកការវិនិយោគ និងឈានទៅដល់ការទាក់ទាញវិនិយោគថ្មីមកពីជប៉ុន ក្នុងគោលបំណងធ្វើពិពិធកម្មទាំងប្រភពទុន និងឧស្សាហកម្ម។

ជាកិច្ចឆ្លើយតបលោកឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលតែងតែផ្តល់នូវការសម្របសម្រួល និងឆ្លើយតបចំពោះសំណូមពររបស់វិនិយោគិនជប៉ុន។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់វិនិយោគិន។

លើសពីនេះ លោក UENO Atsushi បានបញ្ជាក់ពីការគាំទ្រ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារសំខាន់ៗរួមមាន៖ (១) ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ដែលការណ៍នេះបានជួយពង្រឹងទំនុកចិត្ត និងសុវត្ថិភាពសម្រាប់វិនិយោគិន និង (២) ការដោះស្រាយបញ្ហាតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយប្រើប្រាស់មធ្យោបាយការទូត ដែលជាកត្តាគន្លឹះក្នុងការស្តារ និងលើកកម្ពស់បរិយាកាសវិនិយោគ និងភស្តុភារកម្មឱ្យមានភាពល្អប្រសើរឡើងវិញ។

សូមជម្រាបជូនផងដែរថា ប្រធានបទដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី៣១នេះ មានវិសាលភាពគ្របដណ្តប់លើការងារសំខាន់ៗជាច្រើន រួមមាន៖ វិស័យសារពើពន្ធ, បរិស្ថាន, ពាណិជ្ជកម្ម, ភស្ដុភារកម្ម, ថាមពល និងសន្តិសុខសាធារណៈ៕