លោកបណ្ឌិត កៅ ថាច ជំរុញឱ្យកសិករនៅពោធិ៍សាត់ ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ ជាមួយការធានាជូនទីផ្សារ

23-02-2026 19:13

(ពោធិ៍សាត់)៖ បណ្ឌិត កៅ ថាច ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុក ជា អគ្គនាយក ធនាគារ អភិវឌ្ឍន៍ ជនបទ និង កសិកម្ម នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករជាអតីតយុទ្ធជន និងសមាជិកនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក ពៅ សំណាង ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ព្រមទាំងមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។
ក្នុងជំនួបដ៏មានសារៈសំខាន់ជាមួយបងប្អូន គឺមានគោលបំណងដើម្បីជំរុញគម្រោងចិញ្ចឹមជ្រូកកណ្តុរ ដោយផ្តល់ជូន បច្ចេកទេសថ្មី និងទីផ្សារច្បាស់លាស់

ក្នុងឱកាសនោះ លោក បណ្ឌិត ប្រតិភូ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់កសិករឱ្យងាកមកចាប់អារម្មណ៍លើ «ការចិញ្ចឹមជ្រូកកណ្តុរ» ដោយលោកបានពន្យល់ពីអត្ថប្រយោជន៍ និងបច្ចេកទេសថែទាំ ដែលអាចផ្តល់ផលចំណេញខ្ពស់។ អ្វីដែលពិសេសនោះគឺមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Little Duckling ដែលនឹងជួយជ្រោមជ្រែងលើ៖
- ការសាងសង់ទ្រុង៖ រៀបចំទ្រុងខ្នាតស្តង់ដារជូនកសិករប្រមាណជាង ១០០គ្រួសារ។
- ការផ្តល់ពូជ៖ ផ្តល់មេពូជជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងមួយគ្រួសារដើម្បីចាប់ផ្តើម។
- ការធានាទីផ្សារ៖ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រមូលទិញជ្រូកកណ្តុរពីកសិករវិញទាំងអស់។

បណ្ឌិត កៅ ថាច សង្កត់ធ្ងន់ថា «ខ្ញុំជឿជាក់ថា គម្រោងនេះនឹងលេចរូបរាងឡើងពេញលេញនៅក្នុងខែមីនាខាងមុខនេះ ហើយវានឹងក្លាយជាគំរូសម្រាប់ពង្រីកវិសាលភាពឱ្យកាន់តែធំថែមទៀតនាពេលអនាគត»

ឆ្លៀតក្នុងឱកាសនោះផងដែរ, លោម បណ្ឌិត ប្រតិភូ និងសហការី ក៏បាន អញ្ជើញទៅទស្សនកិច្ចនៅ កសិដ្ឋានចិញ្ចឹមគោរបស់ក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ ឯ.ក ដែលមានទីតាំងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់បន្ថែមពីសង្វាក់ផលិតកម្មកសិកម្ម។

គួរបញ្ជាក់ថា នេះគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករខ្មែរ ស្របតាមទិសដៅ «ខ្មែរជួយខ្មែរ» និង «គាំទ្រផលិតផលក្នុងស្រុក»