អាកាសចរណ៍ស៊ីវិល៖ ការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប៉ះពាល់ដល់ចរាចរណ៍អ្នកដំណើរចេញចូលកម្ពុជាជាង ៥ម៉ឺននាក់ក្នុងមួយខែ

02-03-2026 16:24

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញបច្ចុប្បន្នភាពនៃការតភ្ជាប់ជើងហោះហើររវាងកម្ពុជា ជាមួយតំបន់មជ្ឈិមបូព៌ា ក្រោយផ្ទុះសង្រ្គាមរវាងអ៉ីរ៉ង់ និងអាមេរិក អ៉ីស្រាអែល ហើយតាមការវាយតម្លៃបឋម សង្គ្រាមនេះបានប៉ះពាល់ដល់ចរាចរណ៍អ្នកដំណើរចេញចូលកម្ពុជាជាង ៥ម៉ឺននាក់ក្នុងមួយខែ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវត្ថា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ការកើនឡើងនៃសកម្មភាពជម្លោះយោធាថ្មីៗនៅតំបន់មជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមតាំងពីថ្ងៃសៅរិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦មក បានបណ្តាលឱ្យមានការបិទដែនអាកាសជាបណ្តោះអាសន្ន រំខានប្រតិបត្តិការនៅអាកាសយានដ្ឋានមជ្ឈមណ្ឌលសំខាន់ៗក្នុងតំបន់ឈូងសមុទ្រ (Gulf), ការប្តូរផ្លូវហោះហើរនៅលើច្រកអាកាសចរណ៍រវាងអឺរ៉ុប–អាស៊ី និងការកើនឡើងនៃចំណាយប្រេងឥន្ធនៈ និងថ្លៃធានារ៉ាប់រងហានិភ័យសង្គ្រាម។

ទោះបីជាកម្ពុជាមានភូមិសាស្ត្រ ស្ថិតនៅឆ្ងាយពីតំបន់ជម្លោះក៏ដោយ តំបន់មជ្ឈិមបូព៌ានៅតែមានតួនាទីសំខាន់ជាស្ពានដឹកជញ្ជូនអន្តរជាតិ ដែលតភ្ជាប់អឺរ៉ុប អាហ្វ្រិក និងអាមេរិកខាងជើង មកកាន់តំបន់អាស៊ីអាគ្នេយ៍។

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាការតភ្ជាប់ដោយផ្ទាល់ ឬ ដោយប្រយោលទៅកាន់តំបន់មជ្ឈិមបូព៌ា តាមរយៈមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ (Hubs) ឈូងសមុទ្រ ដោយ​ក្រុមហ៊ុនអាកាសចរណ៍ចំនួនរួមមាន Qatar Airways, Emirates Airlines និង Etihad Airways បានតភ្ជាប់ជើងហោះហើរអាកាសយានដ្ឋានកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ មានតួនាទីសំខាន់ និងជាបណ្តាញតភ្ជាប់សំខាន់របស់កម្ពុជាទៅកាន់ អឺរ៉ុប អាមេរិកខាងជើង អាហ្វ្រិក និងទេសចរណ៍ចូលមកពីតំបន់មជ្ឈិមបូព៌ា។

បើតាមលោក ស៊ីន ចាន់សិរីវត្ថា បច្ចុប្បន្នកម្ពុជាមានប្រតិបត្តិការហោះហើរ ដែលភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ាចំនួន ៥២ ជើង/សប្ដាហ៍ (ទ្វេរទិស) ក្នុងនោះ ៤៦ ជើង/សប្តាហ៍ (ទ្វេរទិស) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និង៦ ជើង/សប្តាហ៍ (ទ្វេរទិស) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលអាកាសចរណ៍ (Hubs) ទាំងនេះ បម្រើជាច្រកផ្លាស់ប្តូរជើងហោះហើរ សម្រាប់ចរាចរណ៍អ្នកដំណើរចូល និងចេញពីកម្ពុជា។ តាមការប៉ាន់ស្មានផលប៉ះពាល់ជាអវិជ្ជមានបឋម អាចមានអ្នកដំណើរ ប្រហែល ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ និង ប្រហែល ៥១,៨៤០ នាក់ ក្នុងមួយខែ។

លោកបានបញ្ជាក់បន្ថែមថា សកម្មភាពជម្លោះនេះ បានបង្កការរំខានប្រតិបត្តិការនៅមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗ ក្នុងតំបន់ឈូងសមុទ្រដែលអាចបណ្តាលឱ្យមាន ការខ្វះតុល្យភាពជាបណ្តោះអាសន្ន ក្នុងការសម្របសម្រួលផ្ទេរអ្នកដំណើរ ដែលអាចប៉ះពាល់ដល់ភាពទុកចិត្តនៃការតភ្ជាប់ជើងហោះហើរ។ ការរំខានដល់ការតភ្ជាប់ជើងហោះហើរបន្ត តាមច្រកអាកាសចរណ៍អឺរ៉ុប–អាស៊ី និងការកើនឡើងនៃបន្ទុកការងារផ្នែកឡូជីស្ទីក និងសេវាកម្មអតិថិជន ដែលពាក់ព័ន្ធនឹងការកំណត់កាលវិភាគហោះហើរថ្មី និងការប្តូរផ្លូវហោះហើរសម្រាប់អ្នកដំណើរ។

យ៉ាងណាមិញលោកបញ្ជាក់ថា «ប្រទេសកម្ពុជានៅតែមានសុវត្ថិភាព និងមានដំណើរការជាប្រក្រតី​ និងមិនរងផលប៉ះពាល់ពីទស្សនៈសន្តិសុខ ឬការគ្រប់គ្រងដែនអាកាសឡើយ។ អាកាសយានដ្ឋាន និងដែនអាកាសជាតិរបស់យើងនៅតែបន្តដំណើរការតាមស្ថានភាពធម្មតា។ យើងសូមបញ្ជាក់ជូនសាធារណជន និងអ្នកដំណើរអន្តរជាតិថា ប្រព័ន្ធអាកាសចរណ៍របស់កម្ពុជា នៅតែមានស្ថិរភាព និងសុវត្ថិភាព។ ​យើងមានទំនុកចិត្តថា ការតភ្ជាប់អាកាសចរណ៍នឹងត្រឡប់មកស្ថានភាពធម្មតាវិញ នៅពេលស្ថានភាពក្នុងតំបន់មានស្ថិរភាពឡើងវិញ»

លោកបន្ថែមថា ដោយសារការវិវត្តន៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងការអភិវឌ្ឍពាក់ព័ន្ធនឹងដែនអាកាសក្នុងតំបន់នេះ សេវាកម្មមួយចំនួន ដែលភ្ជាប់តាមមជ្ឈមណ្ឌលដឹកជញ្ជូនជាក់លាក់នៅទីក្រុង ដូហា ឌូបៃ និងអាប៊ូដាប៊ី បានជួបប្រទះការផ្អាក (ផ្នែកខ្លះ) ឬមានការកែសម្រួលកាលវិភាគហោះហើជាបណ្តោះអាសន្ន។ សេចក្តីសម្រេចប្រតិបត្តិការទាំងនេះ គឺធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីឆ្លើយតបនឹងស្ថានភាពខាងក្រៅតំបន់ ហើយមិនពាក់ព័ន្ធនឹងបញ្ហាណាមួយនៅកម្ពុជាទេ។

លោកបន្តថា «អាកាសចរណ៍ស៊ីវិល កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងសហការបន្តជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលពាក់ព័ន្ធ និងអាជ្ញាធរអាកាសយានដ្ឋាន ដើម្បីតាមដានការវិវត្តន៍ស្ថានការណ៍ និងសម្របសម្រួលក្នុងការរៀបចំការធ្វើដំណើរជាក់ស្តែង នៅក្នុងករណីចាំបាច់»

អ្នកដំណើរត្រូវបានណែនាំឱ្យពិនិត្យកាលវិភាគថ្មីដោយផ្ទាល់ជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន៕