អ្នកឧកញ៉ា គិត ម៉េង៖ ជម្លោះរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បង្កឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ខណៈកំណើនសេដ្ឋកិច្ចអាស៊ាននៅឆ្នាំនេះនឹងត្រូវប្រឈមដោយផ្ទាល់ (Video inside)
04-03-2026 11:11
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា
បានគូសបញ្ជាក់ថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ហើយកំណើនសេដ្ឋកិច្ចរបស់អាស៊ាននឹងត្រូវប្រឈមដោយផ្ទាល់នៅឆ្នាំ ២០២៦នេះ ដូច្នេះហើយសមាជិកអាស៊ានទាំងអស់ត្រូវរួមគ្នា រក្សាអាស៊ានជាកម្លាំងដែលមានស្ថិរភាព និងជាកម្លាំងជំរុញការសន្ទនា រក្សាទំនាក់ទំនងទីផ្សារ។
អ្នកឧកញ៉ា គិត ម៉េង ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា បញ្ហាជម្លោះនេះបានធ្វើឱ្យតម្លៃប្រេងឆៅប្រភេទ Brent កើនឡើងខ្ពស់ និងបានរំខាននៅក្នុងច្រកសមុទ្រ Hormuz ដែលជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនប្រេង ២០% របស់ពិភពលោក ដែលអាជីវកម្មក្នុងតំបន់ត្រូវប្រឈមនឹងសម្ពាធអតិផរណាភ្លាមៗ។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា នៅក្នុងបរិយាកាសនេះ ចំណុចខ្លាំងរបស់អាស៊ានមិនមែនស្ថិតនៅលើការជ្រើសរើសភាគីនោះទេ ប៉ុន្តែស្ថិតនៅលើការរក្សាភាពបើកចំហ អព្យាក្រឹតភាព និងជាមជ្ឈភាព។
អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា «ភារកិច្ចរួមរបស់យើង គឺរក្សាអាស៊ានជាកម្លាំងដែលមានស្ថិរភាព ដែលជាកម្លាំងជំរុញការសន្ទនា រក្សាទំនាក់ទំនងទីផ្សារ និងធានាថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែត្រូវបានគ្រប់គ្រងដោយភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក។ ភាពពាក់ព័ន្ធរបស់អាស៊ានមិនដែលមានសារៈសំខាន់ជាងពេលនេះទេ ហើយការទទួលខុសត្រូវរបស់យើងក៏មិនដែលមានភាពស៊ីជម្រៅជាងនេះដែរ»។
ជាមួយគ្នានេះ អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថា យើងកំពុងមើលឃើញសម័យកាលនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំង រវាងមហាអំណាចធំៗ ដែលអាស៊ានកំពុងតែធ្វើដំណើរឆ្លងកាត់រលកសម្ពាធ ដែលកើតចេញពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។
លើសពីនេះ អ្នកឧកញ៉ាបានលើកឡើងថា រលកថ្មីៗនៃវិធានការពន្ធឯកតោភាគី និងការឆ្លើយតបជាបន្តបន្ទាប់ បានធ្វើឱ្យសេដ្ឋកិច្ចកាន់តែការបែកបាក់ខ្លាំងឡើងផងដែរ ដោយបានបង្កើនល្បឿននៃគម្លាត និងបង្ហាញពីការផ្លាស់ប្តូរបន្តិចម្តងៗងាកចេញពីប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលអាចព្យាករបាន និងផ្អែកលើបទបញ្ញត្តិច្បាប់ ឆ្ពោះទៅរកសណ្តាប់ធ្នាប់សកលមួយដែលត្រូវបានជំរុញដោយប្រតិបត្តិការ និងផលប្រយោជន៍៕





















































