អ្នកឧកញ៉ា គិត ម៉េង៖ អាស៊ាននឹងក្លាយជាសេដ្ឋកិច្ចធំទី៤ របស់ពិភពលោក ដោយមាន GDP សរុបជិត ១០ទ្រីលានដុល្លារត្រឹមឆ្នាំ២០៣០ (Video inside)
04-03-2026 11:12
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានគូសបញ្ជាក់ថា អាស៊ាននឹងក្លាយជាសេដ្ឋកិច្ចធំ ទីបួនរបស់ពិភពលោក ដោយមានផលិតផលក្នុងស្រុកសរុប (GDP) សរុបជិត១០ទ្រីលានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា «ទោះជាយ៉ាងនេះក្ដី ក្នុងចំណោមបញ្ហាប្រឈមសកលទាំងនេះ តំបន់អាស៊ីអាគ្នេយ៍ នៅតែបន្តលេចធ្លោជាតំបន់នៃភាពធន់ ថាមវន្ត និងកាលានុវត្តភាព នៅត្រឹមឆ្នាំ២០៣០ អាស៊ានត្រូវបានព្យាករថា នឹងក្លាយជាសេដ្ឋកិច្ចធំទីបួនរបស់ពិភពលោក ដោយមានផលិតផលក្នុងស្រុកសរុប (GDP) សរុបជិត១០ទ្រីលានដុល្លារអាមេរិក»។
អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងទៀតថា បរិវត្តកម្មនេះ នឹងមិនកើតឡើងដោយចៃដន្យទេ តែជាលទ្ធផលនៃចេតនាពិតប្រាកដ ក្នុងការជ្រើសរើសគោលនយោបាយ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចូលរួមប្រកបដោយចីរភាពរបស់វិស័យឯកជន។
ទន្ទឹមគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើមរតក ដ៏មានមោទនភាពរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ ២០០២, ២០១២ និង២០២២។
អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា ទោះជាយ៉ាងនេះក្ដី ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីសមិទ្ធផលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសម្លឹងមើលទៅអនាគតផងដែរ។ ប្រធានបទរបស់យើង «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» គឺបានចាប់យកនូវភាពចាំបាច់នេះ។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា នៅឆ្នាំ២០២៦ ភាពធន់តែមួយមុខលែងគ្រប់គ្រាន់ទៀតហើយ។ អាស៊ានត្រូវតែវិវត្តន៍ដើម្បីឆ្លើយតប ទៅនឹងកម្លាំងដែលកំពុងបង្រួបបង្រួម យ៉ាងឆាប់រហ័ស ហើយដែលកំពុងផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសកល។
ទីមួយ នវានុវត្តន៍ឌីជីថលកំពុងពន្លឿនបរិវត្តកម្មក្នុងតំបន់។ ឆ្នាំនេះគឺជាការចុះហត្ថលេខា ជាប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ឬ DEFA ដែលជាកិច្ច ព្រមព្រៀងឌីជីថលទូទាំងតំបន់ដំបូងគេរបស់ពិភពលោក ហើយដែលត្រូវបានរំពឹងថា នឹងបង្កើនសេដ្ឋកិច្ចឌីជីថលរបស់អាស៊ានទ្វេដង ដល់២ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០៣០។
ទីពីរ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច កាន់តែស៊ីជម្រៅកំពុងក្លាយជាទិដ្ឋភាពជាក់ស្តែង និងកំពុងដំណើរការ។ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ អាស៊ានបានផ្លាស់ប្តូរលើសពីការប្តេជ្ញាចិត្តដែលមាននៅលើក្រដាស ឆ្ពោះទៅរកការធ្វើសមកាលកម្មតំបន់ ពិតប្រាកដនៃខ្សែសង្វាក់ផ្គត់ផ្គង់ ជាមួយដៃគូរបស់យើង នៅក្នុងប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់។
ទីបី៖ ការផ្លាស់ប្តូរបៃតងកំពុងទទួលបានសន្ទុះ។ ការភ្ជាប់ទំនាក់ទំនងថាមពល ក្នុងតំបន់កំពុងលេចចេញជារូបរាង ដែលអនុញ្ញាតឱ្យថាមពលកកើតឡើងវិញឆ្លងកាត់ព្រំដែន និងផ្តល់ថាមពលដល់មជ្ឈមណ្ឌលឧស្សាហកម្មពីអនុតំបន់មេគង្គរហូតដល់សមុទ្រជ្វា ខណៈពេលដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន៕









































