រដ្ឋមន្ត្រី កែវ រតនៈ៖ នៅចំពោះមុខ កម្ពុជាមិនមានការខ្វះប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់នោះទេ តែតម្លៃអាចកើនឡើង (Video inside)
04-03-2026 17:34
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា នៅចំពោះមុខប្រទេសកម្ពុជា នឹងមិនមានការខ្វះប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់នោះទេ តែតម្លៃអាចកើនឡើង។
ការចេញមកបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី កែវ រតនៈ បានធ្វើឡើងក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
រដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះកម្ពុជា នៅក្នុងពេលខាងមុខនេះយើងមិនទាន់មានឃើញមានសញ្ញាណាមួយដែលថា កម្ពុជាយើងនឹងរងផលប៉ះពាល់បន្ទាន់ភ្លាម ចំពោះបញ្ហាផ្គត់ផ្គង់ទេ គឺមានន័យថា ក្រុមហ៊ុនដែនផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យកម្ពុជាទាំងអស់ ធានាការផ្គត់ផ្គង់នៅតែបន្តមិនមានការរអាក់រអួលនោះទេ»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា អ្វីដែលនឹងកើតឡើងថ្លៃនឹងឡើង គឺប្រេងថ្មីនាំចូលមកដល់ទោះជាបញ្ហាផ្គត់ផ្គង់វាអាចមានការរំខាន ប៉ុន្តែ នៅចំពោះមុខនេះមិនទាន់មានបញ្ហានោះទេ អាចនឹងមានស្ថានភាពឧស្ម័នមានការឡើងថ្លៃ ចំណុចនេះជាក្តីកង្វល់រួមរបស់ពិភពលោក។
លោកថា ចំពោះបញ្ហានេះ, ត្រូវបានបណ្តាប្រទេសក្នុងពិភពលោកស្នើឱ្យភាគីមានម្លោះរកទុកចរចា ដើម្បីរកសន្តិភាពឡើងវិញ ពីព្រោះកាលណាមានសង្គ្រាម គឺបង្កផលប៉ះពាល់ទាំងអស់គ្នា៕




