រដ្ឋមន្ត្រីថាមពលរំពឹងថា យ៉ាងយូរ៣ឆ្នាំទៀត កម្ពុជានឹងមានរោងចម្រាញ់ប្រេងឆៅផ្ទាល់ខ្លួន ដើម្បីផ្គត់ផ្គង់តម្រូវការ (Video inside)

04-03-2026 17:43

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញក្តីរំពឹងថា យ៉ាងហោចណាស់ ៣ឆ្នាំទៀត កម្ពុជានឹងមានរោងចម្រាញ់ប្រេងឆៅផ្ទាល់ខ្លួន ដើម្បីផ្គត់ផ្គង់តម្រូវការ។

លោកបានឲ្យដឹងបែបនេះ ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះ «ប្រទេសកម្ពុជា យើងសូមជម្រាបថា អត់ទាន់មានរោងចក្រចម្រាញ់ប្រេងកាតទេ ដូច្នេះយើងអត់ទាន់មានលទ្ធភាព ដើម្បីស្តុកប្រេងឆៅ ដើម្បីយកមកកែច្នៃទេ។ ឥលូវនេះ រាជរដ្ឋាភិបាល កំពុងតែជជែក ជាមួយនឹងក្រុមហ៊ុនវិនិយោគមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាត នៅកម្ពុជា […] ខ្ញុំសង្ឃឹមថា ប្រសិនបើពុំមានអីប្រែប្រួល រោងចក្រនេះនឹងចេញជារូបរាង នៅត្រឹមប្រហែលជា ៣ឆ្នាំទៀតយ៉ាងយូរ»

លោករដ្ឋមន្ត្រីបានបកស្រាយចំពោះការលើកឡើងថា យូរហើយម៉េចមិនមានរោងចក្រចម្រាញ់ប្រេងឆៅថា មិនមែនចេះតែធ្វើទេ ព្រោះដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាត ទាល់តែមានមាត្រដ្ឋានសេដ្ឋកិច្ចធំ ទាល់តែមានទីផ្សារធំ។ ប៉ុន្មានឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ធ្លាប់ចង់ធ្វើដែរ ប៉ុន្តែកម្ពុជានៅមានមាត្រដ្ឋានសេដ្ឋកិច្ចទីផ្សារទាប៕