ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ពន្ធបដិកាដែលអាមេរិកដាក់លើទំនិញកម្ពុជាក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ខណៈកំពុងអនុវត្តពន្ធថ្មី១៥% បន្ថែមពីលើពន្ធ MFN ទាបជាងអត្រាមុន (Video inside)
04-03-2026 18:13
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ពន្ធគយបដិកាដែលអាម៉េរិកកំណត់លើទំនិញកម្ពុជា ក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិកសេចក្តីសម្រេចកាលពីពេលថ្មីៗ ដូច្នេះកម្ពុជារំពឹងថា ពន្ធថ្មីដែលអាមេរិកដាក់មកលើទំនិញកម្ពុជានឹងស្ថិតនៅក្រោម១៩%។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានបញ្ជាក់ថា បន្ទាប់ពីពន្ធគយបដិកា១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ បច្ចុប្បន្ននេះ ក្រោមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្ម ឆ្នាំ១៩៧៤ សហរដ្ឋអាមេរិក បានអនុវត្តពន្ធបន្ថែមថ្មីក្នុងអត្រា ១៥% បូកបន្ថែមលើអត្រាពន្ធមូលដ្ឋាន MFN មកលើកម្ពុជា និងប្រទេសផ្សេង ក្នុងរយៈពេល១៥០ថ្ងៃ។
យ៉ាងណាមិញ ក្រោយ១៥០ថ្ងៃនេះ កម្ពុជារង់ចាំ ការសម្រេចបន្ថែមរបស់ លោកប្រធានាធិបតី ដូណាល់ ដែលនឹងមានការកំណត់ទៅលើប្រទេសនានា៕




