លោក គង់ វិបុល ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារសាខាខេត្តស្វាយរៀង ខិតខំបម្រើសេវាជូនអ្នកជាប់ពន្ធឱ្យអស់ពីសមត្ថភាព និងទាន់ពេលកំណត់

05-03-2026 09:53

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី នៃសាខាពន្ធដារខេត្តស្វាយរៀង លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានណែនាំចំនួន៦ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារសាខាខេត្តស្វាយរៀង ខិតខំបំពេញការងារឱ្យបានល្អ។

ចំណុច១ ក្នុងចំណោយចំណុចទាំង៦ លោក គង់ វិបុល បានជំរុញឱ្យមន្ត្រីពន្ធដារ ត្រូវប្រកាន់ខ្ជាប់នូវវិន័យការងារ និងក្រមសីលធម៌វីជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំបម្រើសេវាសាធារណៈ ជូនអ្នកជាប់ពន្ធឱ្យអស់ពីសមត្ថភាព និងទាន់ពេលកំណត់ ចៀសវាងការថ្នាំងថ្នាក់ណាមួយជាយថាហេតុ។

ក្រៅពីនោះ លោកបានណែនាំឱ្យបន្តពង្រឹងគុណភាពនៃការផ្តល់សេវា ដោយប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍បរិក្ខារទំនើប ដែលបានរៀបចំជាមួយនឹងអគារសាខាពន្ធដារថ្មីឱ្យអស់សក្តានុពល សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាអ្នកជាប់ពន្ធមានគុណភាពខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ, ត្រូវខិតខំពន្លឿនការផ្តល់សេវាអ្នកជាប់ពន្ធ ឱ្យបានទាន់ពេលវេលា ចៀសវាងការថ្នាំងថ្នាក់ណាមួយជាយថាហេតុ, ត្រូវបន្តកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការងារគ្រប់គ្រងប្រមូលចំណូលពន្ធដារ,
ត្រូវបន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ អនុលោមតាមការកែទម្រង់ និងការធ្វើទំនើបកម្មរបស់អគ្គនាយកដ្ឋាន ពន្ធដារ ជាពិសេសការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញជាដើម និងត្រូវខិតខំបន្តការងារកែទម្រង់រដ្ឋបាលសារពើពន្ធនានា ដោយផ្តោតជាសំខាន់លើការពង្រឹង អភិបាលកិច្ចល្អ ស្របតាមកម្មវិធីកែទម្រង់នានា របស់អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សូមជម្រាបថា អគាររដ្ឋបាលថ្មីនៃសាខាពន្ធដារខេត្តស្វាយរៀង ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ មានអាសយដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៤ ភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

អគាររដ្ឋបាលថ្មីនៃសាខាពន្ធដារខេត្តស្វាយរៀង មានផ្ទៃក្រឡាសំណង់សរុបចំនួន ២ ៣៣៣ ម៉ែត្រក្រឡា ដោយមានបំពាក់នូវសម្ភារបរិក្ខារទំនើប ដែលមានសមត្ថភាពពេញលេញ សម្រាប់ជាកន្លែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារនៃសាខាពន្ធដារខេត្តស្វាយរៀង ពិសេសជាកន្លែងទទួលអ្នកជាប់ពន្ធ ដែលអញ្ជើញមកទទួលសេវាអ្នកជាប់ពន្ធប្រកបដោយផាសុកភាព និងមានសាលប្រជុំធំមួយសម្រាប់រៀបចំ កិច្ចប្រជុំនានា សិក្ខាសាលា វគ្គបណ្តុះបណ្តាលនានា សម្រាប់សាធារណជន និងអ្នកជាប់ពន្ធ។

អគារនេះត្រូវបានសាងសង់ឡើងក្រោមរចនាបទ តែមួយដូចគ្នាទៅនឹងសាខាពន្ធដារខេត្តកែប មណ្ឌលគិរី កំពង់ធំ និងកំពត ស្របតាមអនុសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅកំណត់អត្តសញ្ញាណតែមួយ និងផ្តល់ភាពងាយស្រួលសម្គាល់ជូនអ្នកជាប់ពន្ធ និងសាធារណជន៕