អ្នកជំនាញដឹកជញ្ជូន៖ ក្រោយផ្ទុះសង្គ្រាមនៅមជ្ឈឹមបូព៌ា ការដឹកជញ្ជូនពីកម្ពុជា ទៅតំបន់មជ្ឈឹមបូព៌ា ឡើងថ្លៃប្រមាណពី៥០%ទៅ១០០% តែទៅតំបន់ដទៃមិនទាន់មានសញ្ញាឡើងថ្លៃទេ
05-03-2026 16:11
(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម បានឱ្យដឹងថា ការដឹកជញ្ជូនពីកម្ពុជាទៅតំបន់មជ្ឈឹមបូព៌ា ឡើងថ្លៃប្រមាណពី៥០% ទៅ១០០% ខណៈទៅប្រទេសដទៃទៀត ដូចជាសហរដ្ឋអាមេរិក ចិន និងក្នុងតំបន់ មិនមានសញ្ញាណឡើយថ្លៃនៅទេ។
លោកបានឱ្យដឹងថា បន្ទាប់ពីផ្ទុះសង្គ្រាមនៅមជ្ឈឹមបូព៌ារវាងអ៊ីរ៉ង់ ជាមួយ អាមេរិក និងអ៊ីស្រាអែល ក្រុមហ៊ុនកប៉ាល់ខ្លះ បានជូនដំណឹងពីការដំឡើងទៅលើការដឹកជញ្ជូនពីកម្ពុជាទៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះតម្លៃកុងតឺន័រ ២០ហ្វីត គិតតម្លៃបន្ថែមប្រមាណ២ពាន់ដុល្លារ, សម្រាប់ កុងតឺន័រ ៤០ហ្វីត គិតតម្លៃបន្ថែមប្រមាណ ៣ពាន់ដុល្លារ។ ដោយឡែកកុងតឺន័រត្រជាក់ គិតតម្លៃបន្ថែមប្រមាណ ៤ពាន់ដុល្លារបន្ថែមទៀត។
តែយ៉ាងណា លោកថា កម្ពុជាមិនទាន់សូវរងផលប៉ះពាល់ខ្លាំងនោះទេ ដោយសារកម្ពុជា ធ្វើពាណិជ្ជកម្មជាមួយតំបន់នេះនៅតិចតួចនៅឡើយ ខណៈទៅប្រទេសដទៃទៀត ដូចជាសហរដ្ឋអាមេរិក ចិន និងក្នុងតំបន់អាស៊ានជាដើម ដែលជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជា មិនមានសញ្ញាណឡើងថ្លៃនៅឡើយទេ៕
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី៖




