សង្គ្រាមនៅមជ្ឈឹមបូព៌ា បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា បែបណាខ្លះ? (Vidoe inside)

10-03-2026 20:50

(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ មានរយៈពេល១១ថ្ងៃហើយ ដែលភ្លើងសង្គ្រាមនៅមជ្ឈឹមបូព៌ា នៅតែបន្តឆេះដោយមិនទាន់បង្ហាញសញ្ញាណនឹងចប់នៅពេលណានៅឡើយទេ។ ករណីនេះ បានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចសកល។

អ្នកជំនាញសេដ្ឋកិច្ច និងអ្នករកស៊ីក្នុងវិស័យមួយចំនួន បានបង្ហាញការព្រួយបារម្ភ ចំពោះការអូសបន្លាយសង្រ្គាម នៅមជ្ឈឹមបូព៌ា រវាងអ៊ីរ៉ង់ ជាមួយអាមេរិក និងអ៊ីស្រាអែល ដែលបានបង្កឱ្យមានផលប៉ះពាល់ដល់ តំបន់អាស៊ាន រួមទាំងកម្ពុជា ជាពិសេសការកើនឡើងនៃតម្លៃប្រេងឥន្ទនៈ ឧស្ម័ន និងការដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

តើសង្គ្រាមនៅមជ្ឈឹមបូព៌ា បាននិងកំពុងបង្កផលប៉ះពាល់ ដល់សេដ្ឋកិច្ច កម្ពុជាក្នុងរយៈពេលខ្លី និងវែងយ៉ាងដូចម្តេចខ្លះ? តើកម្ពុជាគួរធ្វើបែបណា ដើម្បីទប់ទល់នឹងវិបត្តិនេះ?

* ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ៖

ក្រោយផ្ទុះសង្រ្គាម ចាប់តាំងពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៦មក តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារអន្តរជាតិបានហក់ឡើងជាបន្តបន្ទាប់ ខណៈនៅកម្ពុជា គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងសាំងលក់នៅលើទីផ្សារបានកើនឡើងដល់ ៤៤០០រៀលក្នុងមួយលីត្រ និង ៥ ១៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត ជាតម្លៃដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម ស្របពេលនៅតំបន់ខ្លះ ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនបានឆ្លៀតឱកាសលក់ដំឡើងថ្លៃ លើសពីតម្លៃដែលក្រសួងបានកំណត់។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គ នាយក ក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា កត់សម្គាល់ថា សង្រ្គាមនេះ បានរីកកាន់តែធំឡើងៗ។ ដោយសារនៅតំបន់នេះ បានផ្គត់ផ្គង់ប្រេងឥន្ធនៈនៅលើពិភពលោកប្រមាណពី២៥%ទៅ៣០% ហេតុនេះហើយ វានឹងជះឥទ្ធិពលដល់តំបន់អាស៊ី និងកម្ពុជា ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការហក់ឡើងថ្លៃនេះ បានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទៅដល់ឧស្សាហកម្មធុនតូច ធុនមធ្យម និងធុនធំ ដូច្នេះនឹងធ្វើទំនិញ និងសេវាកម្មផ្សេងៗហក់ឡើងថ្លៃ និងបង្អាក់ការផ្គត់ផ្គង់មិនឱ្យទាន់ពេលវេលា។

លោកបានមានប្រសាសន៍ថា«នៅចំពោះមុខ ប្រេងសាំងឡើងថ្លៃ ពួកគាត់ត្រូវគិតគូទៅលើការចំណាយលើប្រេងសាំង ហើយរដ្ឋាភិបាលគួរតែគិតគូរទៅលើភាគីដែលមានការពាក់ព័ន្ធ ក្នុងការធានាទៅសន្និធិប្រេង សម្រាប់ប្រើប្រាស់ចាប់ពី៣ខែទៅកន្លះឆ្នាំ។»

* ផលប៉ះពាល់លើវិស័យអាកាសចរណ៍ និងទេសចរណ៍

សង្រ្តាមនៅតំបន់មជ្ឈឹមបូព៌ា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើរតាមផ្លូវអាកាស។ ត្រឹមតែរយៈពេល៤ថ្ងៃ បន្ទាប់ពីសង្រ្គាម កើតឡើង ជើងហោះហើរប្រមាណជាង ៩.៥០០ជើង ត្រូវលុបចោល។ ជុំវិញបញ្ហានេះ បានធ្វើឱ្យកម្ពុជា បាត់អ្នកដំណើរចេញចូល ប្រមាណ៥ម៉ឺននាក់ក្នុងមួយខែ ឬប្រមាណ៥២ជើងហោះហើរក្នុងមួយសប្តាហ៍។

តែណាមិញ លោកស៊ីន ចាន់ សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៉ីវិល បានបញ្ជាក់ថា សម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា មិនបានរងផលប៉ះពាល់ទាំងស្រុងនោះទេ ដោយរងប៉ះពាល់តែការតភ្ជាប់ជើងហោះហើរជាមួយនឹងទីក្រុងឌួបៃ អាប៊ូដាប៊ី និងទីក្រុងដូហា ប៉ុណ្ណោះ ដោយជើងហោះហើរផ្សេងទៀតនៅដំណើរការធម្មតា។

ដោយសារ ការលុបជើងហោះហើរពីតំបន់មជ្ឈឹមបូព៌ា លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានលើកឡើងថា បញ្ហានេះ មិនមែនតែប៉ះពាល់ដល់វិស័យទេសចរណ៍នៅ កម្ពុជានោះទេ គឺនៅអាស៊ានទាំងមូល ដោយធ្វើឱ្យបាត់អ្នកដំណើរប្រមាណ១ម៉ឺននាក់ក្នុងមួយសប្តាហ៍ ដោយអ្នកខ្លះបានលុបចោលដំណើរកម្សាន្ត ខ្លះទៀតបានពន្យាពេល ប៉ុន្តែអ្នកខ្លះបានព្យាយាមរកមធ្យោបាយមកកម្ពុជា។

* ការ ដឹកជញ្ជូនត្រូវបានដំឡើងថ្លៃ

សង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ដែលកំពុងរាលដាលនៅមជ្ឈិមបូព៌ា បានឈានទៅដល់ការបិទច្រកសមុទ្រ Hormuz ដែលបានបង្កការលំបាកដល់ការដឹកជញ្ជូនទំនិញនៅតាមផ្លូវសមុទ្រ និងបានផ្តល់ផលប៉ះពាល់ដល់ការដឹកជញ្ជូន ពីកម្ពុជាទៅតំបន់ មជ្ឈឹមបូព៌ា។

ការបិទច្រកសមុទ្រ Hormuz និងការឡើងប្រេងឥន្ធនៈ បណ្តាលឱ្យការដឹកជញ្ជូនពីកម្ពុជាទៅតំបន់មជ្ឈឹមបូព៌ា ឡើងថ្លៃប្រមាណពី៥០% ទៅ១០០%។

អ្នក ជំនាញក្នុងវិស័យ ដឹកជញ្ជូន និង ភស្តុភារ កម្ម ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី បានឱ្យដឹងថា បន្ទាប់ពីផ្ទុះសង្គ្រាម នៅ មជ្ឈឹមបូព៌ា ក្រុមហ៊ុនកប៉ាល់ខ្លះ បានជូនដំណឹងពីការដំឡើងថ្លៃទៅលើការដឹកជញ្ជូនពីកម្ពុជាទៅតំបន់ មជ្ឈិមបូព៌ា ក្នុងនោះតម្លៃកុងតឺន័រ ២០ហ្វីត គិតតម្លៃបន្ថែមប្រមាណ២ពាន់ដុល្លារ, សម្រាប់ កុងតឺន័រ ៤០ហ្វីត គិតតម្លៃបន្ថែមប្រមាណ ៣ពាន់ដុល្លារ។ ដោយឡែកកុងតឺន័រត្រជាក់ គិតតម្លៃបន្ថែមប្រមាណ ៤ពាន់ដុល្លារបន្ថែមទៀត។

លោកលើកឡើងថា ការឡើងថ្លៃដឹកជញ្ជូន បានជះឥទ្ធិពលដល់ការឡើងថ្លៃទំនិញ ដែលបានបង្កការលំបាកដល់អ្នកប្រើប្រាស់ផងដែរ។

តែយ៉ាងនេះក្តី លោកបញ្ជាក់ថា ការដឹកជញ្ជូនទៅបណ្តាប្រទេសដទៃទៀត ដូចជាសហរដ្ឋអាមេរិក ចិន និងក្នុងតំបន់ មិនមានសញ្ញាណឡើយថ្លៃនៅទេ។

បើទៅបីជាបញ្ហានេះមិនទាន់មានផលប៉ះពាល់ ខ្លាំងនៅឡើយ តែទាមទារឱ្យវិស័យនេះ ត្រូវត្រៀមផែនការ និងរកផ្លូវជំនួសសម្រាប់ដឹកជញ្ជូនក្នុងតំបន់។

* តើសង្រ្គាមនេះ អាចនឹងបង្កការលំបាកដល់ការទាក់ទាញ លំហូរវិនិយោគទុនពីក្រៅប្រទេសដែរទេ?

ដោយសារ នេះជាវិបត្តិសាកល លោកបណ្ឌិត ហុង វណ្ណៈ មើលឃើញកម្ពុជាអាចនឹងពិបាកក្នុងការអន្ទង ឬទាក់ទាញ លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) មកបណ្តាក់ទុនវិយោគនៅកម្ពុជា។

ផ្ទុយពីការយល់ឃើញនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា បញ្ហានេះ អាចជាឱកាសសម្រាប់កម្ពុជាទាក់ទាញវិនិយោគិនបរទេសមកវិញ។ ដោយឆ្លងកាត់បទពិសោធន៍កន្លងមក អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា នៅពេលដែលកើតមានសង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិក សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនធ្វើឱ្យកម្ពុជា ទទួលបានការវិនិយោគពីបរទេសបានយ៉ាងច្រើន។ ហើយទន្ទឹមគ្នានេះ កម្ពុជា ក៏អាចច្បាមយកឱកាសក្នុងការនាំចេញកសិផលបានផងដែរ។

ជាក់ស្តែង ក្នុង រយៈពេល ២ ខែ នៃ ឆ្នាំ ២០២៦ នេះ កម្ពុជា បាន នាំ ចេញ អង្ករ បាន ចំនួន ជាង២៤ម៉ឺនតោន ទៅ កាន់ ទីផ្សារ អន្តរជាតិ ដោយ ទទួល បាន ទឹកប្រាក់ ជាង ១៤២.៨៧ លាន ដុល្លារ។ បរិមាណនេះ បាន កើនឡើង ៨៣,៥ ភាគរយ ខណៈ ដែល កាលពី ២ ខែ ដំបូង ឆ្នាំ ២០២៥ កម្ពុជា នាំ ចេញ បាន ត្រឹម ជាង១៣ម៉ឺនតោនប៉ុណ្ណោះ និងបានចំណូល១០៦លានដុល្លារ។

* ផលប៉ះពាល់លើវិស័យផលិតកម្ម

ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បានលើកឡើងថា ការឡើងថា ថ្លៃតម្លៃប្រេងសាំង បាននិងកំពុងជះផលអវិជ្ជមាន ដល់វិស័យផលិតកម្ម ជាពិសេសសហគ្រាសធុន តូច និងមធ្យម ដោយវត្ថុធាតុដែលយកមកផលិតបានឡើងថ្លៃ។

ជុំវិញផលប៉ះពាល់ដែលកម្ពុជានឹងជួបប្រទះដោយសារសង្រ្គាមនៅតំបន់មជ្ឈឹមបូព៌ា អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ហុង វណ្ណៈ បានលើកឡើងថា អាចនឹងធ្វើឱ្យកម្ពុជា មិនអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ច ដែលបានព្យាករណ៍ នៅក្នុងឆ្នាំ២០២៦នេះ ក្នុងរង្វង់ ៥%។

លោកពន្យល់ថា «កម្ពុជាយើង ក៏រងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈឹមបូព៌ាហ្នឹងច្រើន ដែលធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចរងការមិនសម្រេចបាននូវកំណើនសេដ្ឋកិច្ចទៅតាមការព្យាករណ៍របស់ខ្លួន។ វិស័យទេសចរណ៍ដូចជាជាប់គាំងមួយផ្នែកធំនៅពេលដែលមានវិបត្តិ ។ ចំណុចនេះ បានផ្តល់នូវផលប៉ះពាល់ច្រើន មកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ចតំបន់ និងពិភពលោកផងដែរ ហើយបើសង្រ្គាមនេះនៅអូសបន្លាយបន្ត បញ្ហាទាំងអស់នេះ នឹងនៅតែបន្តញាំញីដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា»។

ទាក់ទងបញ្ហានេះ ដែរ លោកមាស សុខសេនសានរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រដ្ឋាភិបាលបានបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ និងត្រៀមចាត់វិធានការសមស្របណាមួយ។

ក្នុងការទប់ទល់នឹងវិបត្តិនេះ អ្នកកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ហុង វណ្ណៈ បានលើកឡើងថា ប្រសិនបើសង្រ្គាមនេះនៅបន្តអូសបន្លាយ នឹង ផ្តល់ប៉ះពាល់កាន់តែខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
អ្នកជំនាញអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានលើក ទឹកចិត្តដល់ពលរដ្ឋ ប្រើប្រាស់ផលិតផល ដែលផលិតក្នុងស្រុកឱ្យបានច្រើន ដើម្បីកាត់បន្ថយការហូរសាច់ប្រាក់ចេញទៅក្រៅប្រទេស។

ជាមួយគ្នានេះ លោកជំរុញឱ្យពលរដ្ឋ បណ្តុះទម្លាប់នៃការដាំដុះបន្លែ និងចិញ្ចឹមត្រី សត្វឡើងវិញ សម្រាប់ការផ្គត់ផ្គង់ក្នុងផ្ទះរបស់ខ្លួន។

ជាមួយគ្នានេះ សាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់លើគោលនយោបាយ ពាណិជ្ជកម្ម (គ.ផ.គ.ព.) មានប្រសាសន៍ថា ស្របពេលដែលកម្ពុជាបានជួប នូវវិបត្តិជាបន្តបន្ទាប់ ដូចជា ការរីករាលដាលនៃជំងឺកូវីដ ជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ហាកើតនាពេលថ្មីៗនេះ គឺសង្រ្គាមនៅមជ្ឈឹមបូព៌ា លោកចង់ឃើញការប្រឹងប្រែងរួមគ្នា ប្រមូលសាមគ្គីភាពក្នុងប្រទេសឱ្យរឹងមាំ និងប្រឹងផលិតផលិតផលឱ្យកាន់តែខ្លាំង ដើម្បីរុញកម្លាំងសេដ្ឋកិច្ចឱ្យកាន់តែខ្លាំង។

លោកមានប្រសាសន៍ថា ដោយសារកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច កម្លាំងសេដ្ឋកិច្ចនៅតូច ដូច្នេះនៅពេលដែលកើតមានវិបត្តិណាមួយ ពិបាកក្នុងការងើបឡើង ខណៈកម្ពុជានៅរំពឹងច្រើនទៅលើទីផ្សារអន្តរជាតិ៕