យល់ដឹងពីជំនួញ៖ នាយកប្រតិបត្តិសហគ្រិនខ្មែរលើកទឹកចិត្តដល់អ្នកផលិតក្នុងវិស័យម្ហូបអាហារគិតគូរពីសុវត្ថិភាពចំណីអាហារជាចម្បង បើទោះបីជាសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកក៏ដោយ !
15-03-2026 16:07
(ភ្នំពេញ)៖ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ (Khmer Enterprise) បានលើកទឹកចិត្តដល់អ្នកផលិតក្នុងវិស័យម្ហូបអាហារ គិតគូរលើសុវត្ថិភាពចំណីអាហារជាចម្បង បើទោះបីជាសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកក៏ដោយ មិនមែនទាល់តែជាផលិតផលនាំចេញ ទើបផលិតតាមស្តង់ដារសុវត្ថិភាពនោះទេ។
លោកលើកឡើងថា ការផលិតដោយគិតគូរជាចម្បងទៅលើស្តង់ដារគុណភាព សុវត្ថិភាពចំណី គឺដើម្បីនិរន្តភាពអាជីវកម្ម និងកេរ្តិ៍ឈ្មោះខ្លួនឯងផង និងដើម្បីសុខភាពអ្នកប្រើប្រាស់ផង។ ទាល់តែអ្នកក្នុងស្រុកគាំទ្រ នោះទើបអាចឈានទៅដល់ការនាំចេញបាន។
លោកបន្ថែមថា «កុំឱ្យគិតថា ទាល់តែនាំចេញបានមានស្តង់ដារល្អ យើងយកមកញ៉ាំខ្លួនឯង ឱ្យមានសុខភាពល្អដែរ»។
ក្នុងការគិតគូរស្តង់ដារសុវត្ថិភាពក្នុងការផលិត ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបានទឹកចិត្តដល់ម្ចាស់អាជីវកម្មនៅកម្ពុជា ឈ្វេងយល់ពីអនុលោមភាពភូតគាមអនាម័យ ដើម្បីជួយឱ្យម្ចាស់អាជីវកម្ម និងសហគ្រិន ចេះរៀបចំខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានត្រឹមត្រូវ។
ថ្លែងក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត បញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» នាទី១១ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ឧកញ៉ា លឹម សុជាតិ បានលើកឡើងថា ការផលិតដោយអនុលោមភាពភូតគាមអនាម័យ គឺការកសាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះផលិតផលជាតិ ពោលគឺការអនុវត្តតាមអនុលោមភាព ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ថា ផលិតផលខ្មែរជាផលិតផលដែលមានប្រភពច្បាស់លាស់ និងមានសុវត្ថិភាពខ្ពស់ ជួយកសាងទំនុកចិត្តដល់អ្នកបញ្ជាទិញធំៗនៅក្រៅប្រទេសបានផងដែរ៕









