២ខែដើម​ឆ្នាំនេះ កម្ពុជានាំចូលប្រេងឥន្ធនៈ ក្នុងតម្លៃប្រមាណ ៦០៦លានដុល្លារ ថយចុះ៧.៨%, អ្នកជំនួញថា ធ្លាក់ចុះដោយសារការងាកមកប្រើ យានយន្តអគ្គិសនី ! (Video inside)

16-03-2026 15:59

(ភ្នំពេញ)៖ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ ចាប់ពីខែមករា ដល់ខែកុម្ភៈ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ ក្នុងតម្លៃប្រមាណ ៦០៦លានដុល្លារ ថយចុះ៧.៥ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា។

របាយការណ៍បានបញ្ជាក់ថា រយៈពេល២ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចូល រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ (ប្រេងឥន្ធនៈ) ក្នុងតម្លៃប្រមាណ ៦០៦លានដុល្លារ ថយចុះ ៧.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ ក្នុងតម្លៃប្រមាណ៦៥៦លានដុល្លារ។

របាយការណ៍ដដែលបានបន្ថែមទៀតថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាបានចូលប្រេងឥន្ធនៈ ក្នុងតម្លៃប្រមាណ៣០២លានដុល្លារ ថយចុះ៥.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ ក្នុងតម្លៃប្រមាណ៣១៩លានដុល្លារ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News អ្នកឧកញ៉ា លឹម ហេង អនុប្រធានពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា​ ការនាំចូលប្រេងឥន្ធនៈ មានការថយចុះ ដោយសារតែរោងចក្រសហគ្រាសផ្សេងៗ ជាពិសេសយានយន្ដ បានជំនួសដោយអគ្គិសនី ដូច្នេះធ្វើឲ្យការប្រើប្រាស់ប្រេងឥន្ធនៈ មានការថយចុះ។

អ្នកឧកញ៉ា លឹម ហេង បានបន្ថែមទៀតថា ទៅថ្ងៃអនាគត ដោយសារតែថាមពលបៃតងរបស់កម្ពុជា ក៏ដូចជាការផលិតផ្គត់ផ្គង់អគ្គិសនីមានភាពគ្រប់គ្រាន់ ​ធ្វើឲ្យរោងចក្រសហគ្រាស និងឧស្សាហកម្មផ្សេងៗ ងាកមកប្រើប្រាស់អគ្គិសនីជំនួសវិញ។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា លឹម ហេង បានសង្កត់ធ្ងន់ថា «ការធ្លាក់ចុះ នៃការនាំចូលប្រេងនេះ វាមិនមានផលប៉ះពាល់ ឬក៏មានអ្វីដែលព្រួយបារម្ភនោះទេ ដែលខ្លាចថា ការនាំចូលប្រេងថយចុះ ធ្វើឲ្យសេដ្ឋកិច្ចថយចុះនោះឡើយ»

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ ក្នុងតម្លៃប្រមាណ៣ ៦៥៦លានដុល្លារ ថយចុះ៧.៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ក្នុងតម្លៃប្រមាណ៣,៨៤៧លានដុល្លារ៕