ធនាគារធំៗចេញមកអះអាងពីភាពរឹងមាំរបស់ប្រព័​ន្ធធនាគារនៅកម្ពុជា ព្រមគ្នានឹងទេសាភិបាលធនាគារជាតិ អំពាវនាវកុំឱ្យពលរដ្ឋសម្រុកទៅដកប្រាក់ ព្រោះតែលឺពាក្យចចាមអារ៉ាមមិនពិត ! (Video inside)

17-03-2026 11:59

(ភ្នំពេញ)៖ ធនាគារធំៗជាច្រើន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលនូវព័ត៌មានចចាមអារ៉ាមមិនពិត អំពីការបិទធនាគារមួយចំនួន ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ រហូតឈានដល់ការសម្រុកទៅដកប្រាក់ចេញពីធនាគារ។

បន្ថែមពីនេះធនាគារធំៗទាំងនោះ សុទ្ធតែបញ្ជាក់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា។

ធនាគារ APD បានអះអាងថា ខ្លួនបន្តដំណើរការស្របតាមបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយថាខ្លួនបាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងជិតស្និទ្ធជាមួយគ្នាបំផុត ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ និងនិរន្តរភាពនៃសេវាកម្មធនាគារ។ ធនាគារ APD បានអរគុណដល់អតិថិជនរបស់ខ្លួន ដែលបានអត់ធ្មត់ និងយោគយល់ ពោះផលរំខានមួយចំនួនទាក់ទងនឹងការថែទាំប្រព័ន្ធធនាគារ ក្នុងពេលថ្មីៗនេះ។

ធនាគារ ហ្វីលីព ភីអិលស៊ី តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានបដិសេធនូវព័ត៌មានមិនពិត ដែលកំពុងចែកចាយលើបណ្តាញសង្គម និងអះអាងថា កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ ដើម្បីដោះស្រាយការរីករាលដាលនៃព័ត៌មានមិនពិត និងការផ្សព្វផ្សាយបំភ័ន្ត ដែលអាចបង្កឱ្យមានការព្រួយបារម្ភ ដល់អតិថិជន និងសាធារណជន។

ធនាគារ ហ្វីលីព អះអាងថា ខ្លួននៅតែរក្សាបាននូវស្ថានភាពហិរញ្ញវត្ថុរឹងមាំ ប្រតិបត្តិការជាធម្មតា និងអនុវត្តស្របតាម រាល់បទប្បញ្ញត្តិ ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (NBC)។ ធនាគារ ហ្វីលីព គឺជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital គ្រុប ដែលជាគ្រុបផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ រួមបញ្ចូលគ្នាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ជាមួយនឹងមូលនិធិរបស់ម្ចាស់ភាគហ៊ុនប្រមាណ ៤ពាន់លានដុល្លារ។ PhillipCapital បច្ចុប្បន្នកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១៦ និងគ្រប់គ្រងទ្រព្យសម្បត្តិ ៦៥ពាន់លានដុល្លារ។

សម្រាប់ ធនាគារ កាណាឌីយ៉ា ដែលដំណើរការជាងបីទសវត្សរ៍ជាមួយឧត្តមភាពផ្នែកហិរញ្ញវត្ថុ ភាពជឿជាក់ និងទំនុកចិត្ត បានអះអាងថា
ក្រុមហ៊ុន កាណាឌីយ៉ា អ៉ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន រួមមានធនាគារ កាណាឌីយ៉ា និងធនាគារប្រៃសណីយ៍កម្ពុជា បានបន្តអភិវឌ្ឍ និងថែរក្សាកេរ្តិ៍ឈ្មោះដ៏រឹងមាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់នៅក្នុងវិស័យធនាគារនៃកម្ពុជា។ ជាមួយនឹងទ្រព្យសកម្មសរុបលើសពី ១០ ពាន់លានដុល្លារ ជាមូលដ្ឋានហិរញ្ញវត្ថុ និងស្ថានភាពដើមទុនដ៏រឹងមាំ គាំទ្រដោយមូលនិធិគ្រប់គ្រាន់ អភិបាលកិច្ចប្រកបដោយស្តង់ដារខ្ពស់ និងការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការគាំទ្រការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងបន្តបម្រើតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជនយ៉ាងមានប្រសិទ្ធភាព។

ធនាគារ កាណាឌីយ៉ា អះអាងទៀតថា «យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំលើភាពធន់ និងស្ថិរភាពនៃវិស័យធនាគារនៅកម្ពុជា ក្រោមការដឹកនាំរបស់ ធនាគារជាតិនៃកម្ពុជា។ ជាមួយគ្នានេះផងដែរ យើងខ្ញុំសូមលើកទឹកចិត្តសាធារណជនឱ្យពឹងផ្អែកលើប្រភពព័ត៌មានដែលមានភាពច្បាស់លាស់ និងអាចជឿទុកចិត្តបាន ដើម្បីរួមចំណែកថែរក្សាទំនុកចិត្ត និងភាពថ្លៃថ្នូរនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ»។

សម្រាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបញ្ជាក់អំពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការបន្តប្រតិបត្តិការយ៉ាងរឹងមាំ និងអះអាងពីការរក្សាបាននូវស្ថានភាពសាច់ប្រាក់ និងដើមទុនគ្រប់គ្រាន់ ហើយបន្តអនុលោមតាមរាល់តម្រូវការបទប្បញ្ញត្តិ និងការប្រុងប្រយ័ត្ន ទាំងអស់។

សូមជម្រាបថា តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅក្នុងវីដេអូឃ្លឹបជាង៥នាទី លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ប្រព័ន្ធធនាគារទាំងអស់នៅកម្ពុជានៅមានភាពរឹងមាំល្អ ហើយស្នើសុំឲ្យបងប្អូនកុំសម្រុកដកសាច់ប្រាក់ ដើម្បីទុកពេលវេលាឲ្យធនាគារជាតិកម្ពុជា ធ្វើកិច្ចការលើបញ្ហានេះជាមួយធនាគារពាក់ព័ន្ធ។

ការចេញសេចក្តីថ្លែងការណ៍របស់លោកស្រីទេសាភិបាលធនាគារជាតិ ធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាម ស្តីពីការបិទធនាគារមួយចំនួន។

លោកស្រីបានលើកឡើងដូច្នេះថា «ប្រសិនជាអ្នកដាក់ប្រាក់បញ្ញើទាំងអស់ មកដល់ប្រាក់ខ្លួនឯងទាំងអស់ក្នុងពេលតែមួយ វាជារឿងធម្មតាទេ ដែលធនាគារមិនមានសាច់ប្រាក់ទាំងអស់ផ្តល់ទៅឱ្យអតិថិជន អ្នកដាក់ប្រាក់បញ្ញើ។ ខ្ញុំក៏សុំជម្រាបដែរថា ប្រព័ន្ធធនាគារ របស់យើងបច្ចុប្បន្ននៅរឹងមាំ។ ដូច្នេះសូមបងប្អូនទុកពេលវេលាឱ្យធនាគារជាតិនៃកម្ពុជា បន្តធ្វើការជាមួយនឹងធនាគារពាក់ព័ន្ធរកវិធី ដើម្បីដោះស្រាយប្រាក់បញ្ញើរបស់បងប្អូន»៕