មន្ត្រីជាន់ខ្ពស់ពន្ធដារ អំពាវនាវដល់អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ប្រកាសពន្ធលើប្រាក់ចំណូលឱ្យបានត្រឹមត្រូវ (Video inside)
19-03-2026 16:38
(ភ្នំពេញ)៖ លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ដែលមកប្រកាសពន្ធលើប្រាក់ចំណូល នៅអគ្គនាយកពន្ធដារ សូមប្រកាសពន្ធឲ្យបានត្រឹមត្រូវ ជៀសវាងនូវការផាកពិន័យ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត អេង រតនា អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូល និងការបំពេញទម្រង់លិខិតប្រកាសពន្ធ លើប្រាក់ចំណូល តាមរយៈអនឡាញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
លោកបណ្ឌិត អេង រតនា បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនថា បើសិនជាអ្នកជាប់ពន្ធម្នាក់ ប្រកាសពន្ធខុស គឺប៉ះពាល់តែម្នាក់ប៉ុណ្ណោះ តែបើសិនជាភ្នាក់ងារសេវាកម្មពន្ធដារធ្វើខុស ខ្ញុំគិតថា ផលប៉ះពាល់ដល់អគ្គនាយកដ្ឋានពន្ធដារច្រើនណាស់ ជាពិសេសផលប៉ះពាល់ចំណូលរបស់រដ្ឋធ្ងន់ធ្ងរ»។
បើតាមលោកបណ្ឌិត អេង រតនា, បើសិនជារដ្ឋបាលសារពើពន្ធ ពិនិត្យឃើញថា អ្នកជាប់ពន្ធណាមួយ ដែលប្រកាសមិនបានត្រឹមត្រូវ មានការសង្ស័យ អគ្គនាយកដ្ឋានពន្ធដារ នឹងបញ្ជូនមន្ដ្រីទៅធ្វើសវកម្ម ដើម្បីធ្វើការផ្ទៀងផ្ទាត់។
ទន្ទឹមគ្នានេះ លោកបណ្ឌិត អេង រតនា បានឲ្យដឹងថា បើសិនជាដាក់លិខិតប្រកាសបង់ពន្ធមិនត្រឹមត្រូវ នឹងទទួលខុសត្រូវដោយខ្លួនឯង ហើយអគ្គនាយកដ្ឋានពន្ធដារ មិនមានបំណងអ្វីចង់ផាកពិន័យនោះឡើយ ប៉ុន្ដែនេះជាអ្វីច្បាប់បានតម្រូវមក ដែលត្រូវអនុវត្ដជាចាំបាច់។
លោកបណ្ឌិត អេង រតនា បានលើកទឹកចិត្ដ បើសិនជាមានបញ្ហា លើការប្រកាសបង់ពន្ធ សូមអញ្ជើញមកសួរនាំ នៅអគ្គនាយកដ្ឋានពន្ធ ឬតាមរយៈអនឡាញផ្សេងៗ ហើយមន្ដ្រីពន្ធដារទាំងអស់ សូមស្វាគមន៍ផ្ដល់សេវា ដោយមិនគិតថ្លៃ ដល់អ្នកដែលជាប់ពន្ធទាំងអស់ រាល់ចម្ងល់នានា ពាក់ព័ន្ធនឹងការប្រកាសពន្ធនេះ៕




