សហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ សហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ

20-03-2026 11:51

(អូក្លិន-នូវែលហ្សេឡង់)៖ ក្រោមការសម្របសម្រួលនិងគាំទ្រយ៉ាងពេញទំហឹងពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។

ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បង ក្នុងការជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។

ថ្លែងនាឱកកាសនោះលោកបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍សំខាន់ៗ ដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ដូចជា៖

* ទី១៖ ការពង្រឹងការងារ៖ ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។
* ទី២៖ ប្រសិទ្ធភាពការងារ៖ ត្រូវអនុវត្តតាមខ្លឹមសារនៃ MOU នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដជូនដល់មាតុភូមិ និងលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិ។
* ទី៣៖ តួនាទីជាស្ពានចម្លង៖ ត្រូវដើរតួនាទីយ៉ាងសកម្មជា «ស្ពានចម្លង» ដ៏រឹងមាំសម្រាប់អ្នកវិនិយោគ និងជាច្រកចេញដ៏សំខាន់សម្រាប់កសិផលខ្មែរទៅកាន់ទីផ្សារនូវែលហ្សេឡង់។ មួយវិញទៀត, កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការលក់ និងការគាំទ្រការបញ្ជាទិញកសិផលខ្មែរនេះ មិនត្រឹមតែជាការពង្រីកទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុង ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កសិករខ្មែរឱ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានតម្លៃបន្ថែម និងទីផ្សារដែលមានស្ថិរភាព។

លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ទៀតថា សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកទីផ្សារថ្មីៗ និងការធានាថា រាល់កិច្ចវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជាកម្លាំងចលករក្នុងការជួយដល់បងប្អូនកសិករនៅមូលដ្ឋានផ្ទាល់៕