* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ADB: សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤.៥% ក្នុងឆ្នាំ២០២៦ បើស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស

10-04-2026 11:29

(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។ នេះបើយោងតាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមេសានេះ។

ក្នុងសេណារីយោរបស់ ADB ករណីដែលស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស កំណើនត្រូវបានគាំទ្រដោយដំណើរការវិស័យកម្មន្តសាលដែលមានភាពធន់។ កំណើនត្រូវបានព្យាករថានឹងកើនថែមទៀតដល់ ៥.០% នៅឆ្នាំ២០២៧ ដោយសារស្ថានភាពនៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយកំណែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi បានមានប្រសាសន៍ថា «កម្ពុជាបន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ»

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និង កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និង គ្រឿងសង្ហារឹម។ កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តទទួលបាន០.៩% ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលដែលលើកកម្ពស់ផលិតកម្មប្រកបដោយនិរន្តរភាព និង ធ្វើសមាហរណកម្មពលករចំណាកស្រុកដែលវិលត្រឡប់មកក្នុងវិស័យនេះវិញ នឹងជួយពង្រឹងកំណើនក្នុងវិស័យនេះថែមទៀត។

កំណើនវិស័យសេវាកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣.៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម២.៣% ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរដែលបានអនុម័តកើនឡើង៤៥% ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែលមានតម្លៃបន្ថែមតែខ្ពស់។

អតិផរណាត្រូវបានព្យាករថានឹងកើនឡើងដល់ ២.៨% ជាមធ្យមនៅឆ្នាំ២០២៦ ប្រសិនបើការកើនឡើងនៃថ្លៃទំនិញសកលដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។ ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈ ដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យ កសិកម្ម ផលិតកម្ម និងទេសចរណ៍។ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀត នៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ ខណៈដែលកំណើនប្រាក់ចំណូលធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចថយ។

ការសម្រេចបាននូវគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យមានការបង្កើនផលិតភាពប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយការវិនិយោគលើមូលធនមនុស្ស។ គម្លាតជំនាញនៅតែជាបញ្ហាសំខាន់ ដោយនិយោជកតែងតែលើកឡើងពីបញ្ហាប្រឈមក្នុងការស្វែងរកកម្មករដែលមានសមត្ថភាព។ ការកែទម្រង់របស់រាជរដ្ឋាភិបាល ដូចជាការធ្វើឱ្យមានការចូលរួមពីវិស័យឯកជននៅក្នុងស្ថាប័នបណ្តុះបណ្តាលសាធារណៈ នឹងជួយឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារ និងពង្រឹងកម្លាំងពលកម្ម។

លោកស្រី Siddiqi បានបន្ថែមថា «ការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយផលិតភាព គឺចាំបាច់សម្រាប់ការទាក់ទាញការវិនិយោគចម្រុះ ប្រកបដោយគុណភាព ហើយកិច្ចសហការរវាងវិស័យសាធារណៈ និង ឯកជនក្នុងការអភិវឌ្ឍជំនាញគឺមានសារៈសំខាន់ណាស់ ក្នុងការសម្រេចបាននូវកំណើនរយៈពេលវែងរបស់កម្ពុជា»