អគ្គនាយកនិយ័តករធានារ៉ាប់រង៖ ៥ឆ្នាំចុងក្រោយនេះ ទីផ្សារធានារ៉ាប់រងកម្ពុជា រីកចម្រើនគួរឱ្យកត់សម្គាល់ និងរក្សាបាននូវកំណើនវិជ្ជមាន ពីមួយឆ្នាំទៅមួយឆ្នាំ

20-04-2026 13:34

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទីផ្សារធានារ៉ាប់រងកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ និងរក្សាបាននូវកំណើនវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៊ូ ច័ន្ទភីរូ អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០»។ សិក្ខាសាលានេះ ធ្វើឡើងនៅសាលប្រជុំធំជាន់ទី២ នៃទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា ៥ឆ្នាំចុងក្រោយនេះ គ្រឹះស្ថានធានារ៉ាប់រង បានកើនឡើងពីចំនួន៨៣ក្រុមហ៊ុន ក្នុងឆ្នាំ២០២១ ដល់១១២ក្រុមហ៊ុន ក្នុងឆ្នាំ២០២៥ ដែលរួមមាន ក្រុមហ៊ុនធានារ៉ាប់រងសរុប ចំនួន៣៩ក្រុមហ៊ុន, ក្រុមហ៊ុនអន្តរការីសរុបចំនួន៦៤ក្រុមហ៊ុន និងផ្ដល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រង សរុបចំនួន៩ក្រុមហ៊ុន។

ជាមួយគ្នានេះ ទំហំទីផ្សារធានារ៉ាប់រង ឆ្លុះបញ្ចាំងតាមរយៈបុព្វលាភដុលធានារ៉ាប់រង បានកើនឡើងពីប្រមាណ៣០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជាង ៣៦៧លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ដែលមានកំណើនជាមធ្យមប្រមាណជាង៦% ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ។

ទន្ទឹមនេះ ទ្រព្យសកម្មធានារ៉ាប់រង បានកើនឡើងពីប្រមាណជាង៨៥០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជិត១.៣ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ នេះជាការលើកឡើង របស់លោក ប៊ូ ច័ន្ទភីរូ។

បន្ថែមពីនោះទៀត លោក ប៊ូ ច័ន្ទភីរូ បានគូសបញ្ជាក់ថា វិស័យធានារ៉ាប់រង បានរួមចំណែកក្នុងសេដ្ឋកិច្ច តាមរយៈអត្រាភាគទានធានារ៉ាប់រង ក្នុងសេដ្ឋកិច្ច១.១១% និងដង់ស៊ីតេធានារ៉ាប់រង ២០.៩៥ដុល្លារអាម៉េរិក ក្នុងមនុស្សម្នាក់ ក្នុងឆ្នាំ២០២៥។

ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បន្ទុកហិរញ្ញវត្ថុប្រមាណជាង១១១ ប៊ីលានដុល្លារអាម៉េរិក ត្រូវបានការពារដោយកិច្ចសន្យារ៉ាប់រង ដែលក្នុងនោះ សំណងធានា-រ៉ាប់រងប្រមាណជិត៦៨លានដុល្លារអាម៉េរិក ត្រូវបានផ្ដល់ជូនអ្នកត្រូវបានធានា និងអ្នកទទួលផល។ នេះជាការបញ្ជាក់ របស់លោក ប៊ូ ច័ន្ទភីរូ។

ជាមួយគ្នានេះ លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល កាលពីឆ្នាំ២០២១ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ និងដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០»។

ផែនការយុទ្ធសាស្ដ្រនេះ ជាផែនទីចង្អុលផ្លូវ ក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ដែលត្រូវបានតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងធ្វើបច្ចុប្បន្នកម្ម ក្នុងឆ្នាំ២០២៥ ទៅជា «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០» ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្ដែងនៃទីផ្សារធានារ៉ាប់រងក្នុងស្រុក, តំបន់ និងសកល។

ផែនការយុទ្ធសាស្ត្រនេះ ផ្តោតលើក្របខណ្ឌយុទ្ធសាស្ត្រធំៗចំនួន ៤ រួមមាន៖
១)៖ ក្របខណ្ឌយុទ្ធសាស្រ្ត
២)៖ ក្របខណ្ឌទីផ្សារធានារ៉ាប់រង
៣)៖ ក្របខណ្ឌនិយ័តកម្ម
និង៤)៖ ក្របខណ្ឌសហប្រតិបត្តិការ និងតំណរភ្ជាប់ ដែលត្រូវអនុវត្តក្នុងរយៈពេលខ្លី (២០២៥-២០២៦) រយៈពេលមធ្យម (២០២៧-២០២៨) និងរយៈពេលវែង (២០២៩-២០៣០)។

ស្របតាមការអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រទាំង៤ គួបផ្សំ និងការងារអាទិភាពដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រនេះ វិស័យធានារ៉ាប់រងត្រូវបានរំពឹងថា នឹងបន្តរួមចំណែក ក្នុងសេដ្ឋកិច្ចតាមរយៈ អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចប្រមាណ ២% និងដង់ស៊ីតេធានារ៉ាប់រងប្រមាណ ៤៥ ដុល្លារអាម៉េរិក ក្នុងមនុស្សម្នាក់ ក្នុងឆ្នាំ២០៣០។

ជារួមផែនការយុទ្ធសាស្ត្រនេះ សំដៅជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ប្រកបដោយនវានុវត្តន៍ ភាពធន់ និងវិជ្ជាជីវៈខ្ពស់ ស្របតាមនិយាមអន្តរជាតិ សំដៅចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន និងរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ភាពរីកចម្រើននៃវិស័យធានារ៉ាប់រង មិនត្រឹមតែឆ្លុះបញ្ចាំងពីកំណើននៃទីផ្សារធានារ៉ាប់រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីភាពប្រសើរឡើង ក្នុងការគ្រប់គ្រងហានិភ័យ, ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងលើកកម្ពស់ភាពធន់នៃសង្គម-សេដ្ឋកិច្ចផងដែរ៕