៣ខែដើមឆ្នាំនេះ កម្ពុជា​នាំទំនិញ​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានតម្លៃជាង ​៣.៣៥ពាន់លានដុល្លារ កើនឡើងជិត៤០% (Video inside)

20-04-2026 15:56

(ភ្នំពេញ)៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់សហរដ្ឋមេរិក មានតម្លៃជាង ​៣.៣៥ពាន់លានដុល្លារ កើនឡើង៣៨.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ដែលមានតម្លៃជាង ២.៤២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា។

យោងតាមរបាយការណ៍គយបានបញ្ជាក់ថា ក្នុងរយៈពេលបីខែឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបានជាង ៣.៤៨ពាន់លានដុល្លារ ក្នុងនោះកម្ពុជាចេញទៅសហរដ្ឋអាមេរិកក្នុងទំហំ ៣.៣៥ពាន់លានដុល្លារ កើនឡើង៣៨.៤% ខណៈអាមេរិកនាំចូលមកវិញមានទំហំ ជាង១២៦លានដុល្លារ កើនឡើង៦៧.៩%។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះថា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកនៅដើមឆ្នាំ២០២៦នេះ នៅតែល្អប្រសើរ និងមានកើនឡើង បើទោះបីជា សហរដ្ឋអាមេរិកបានកំណត់អត្រាពន្ធថ្មី ១៥% ស្មើនឹងបណ្តាប្រទេសដទៃទៀត ដែលនាំចូលផលិតផលដូចគ្នានឹងកម្ពុជាក៏ដោយ។

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយតុលាការកំពូលសហរដ្ឋអាម៉េរិក សម្រេចលុបចោលពន្ធគយបដិការ​ ដែលកំណត់ឡើងដោយ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ភ្លាមៗលោកបានប្រកាសដំឡើងអត្រាពន្ធនាំចូលថ្មីលើទំនិញពីគ្រប់ប្រទេសទាំងអស់ ចំនួន១៥% ដែលការអនុវត្តពន្ធថ្មីមានរយៈពេល១៥០ថ្ងៃ។

អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ការកំណត់នូវអត្រាពន្ធ១៥% ស្នើគ្នា គ្រប់ប្រទេសទាំងអស់ បានផ្តល់នូវផលវិជ្ជមាន និងអវិជ្ជមានចំពោះកម្ពជា។ លោកបានពន្យល់ថា បើទោះបីជាអត្រាពន្ធថ្មីនេះ បង្កើតភាពប្រកួតប្រជែងដល់កម្ពុជាច្រើនជាងមុនក៏ដោយ ប៉ុន្តែកម្ពុជានៅតែលទ្ធភាពប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ ដោយកម្ពុជានៅតែមានលទ្ធភាព ក្នុងការផលិតសម្រាប់នាំាចេញទៅកាន់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ កម្ពុជានៅតែមានលទ្ធភាព ក្នុងការទាក់ទាញលំហូរវិនិយោគពីបរទេស​ ដោយសារតែវិនិយោគមួយចំនួន ដែលមកវិនិយោគនៅកម្ពុជា មិនមែនសម្លឹងមើលតែទីផ្សារអាមេរិកនោះទេ ដោយកម្ពុជានៅមានទីផ្សារផ្សេងទៀត ដូចជាទីផ្សារអឺរ៉ុប និង អសិប ជាដើម​ ស្របពេលដែលកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដែលអាចទាក់ទាញអ្នកវិនិយោគបាន។ ទន្ទឹមគ្នានេះ កម្ពុជាមានគោលនយោបាយដើរទាក់ម៉ូយ ជាពិសេសការកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង និងការការពារអ្នកវិនិយោគ ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេស។

ប៉ុន្តែយ៉ាងមិញ លោកលើកឡើងថា ប្រសិនបើកម្លាំងពលកម្ម និងការដឹកជញ្ជូនកើនឡើង នោះអាចផ្តល់ផលប៉ះពាល់ដល់កម្ពុជា ជាពិសេសការប្រកួតប្រជែងជាមួយនឹងប្រទេសផ្សេងទៀត ដែលតម្លៃកម្លាំងពលកម្មទាបជាងកម្ពុជា ដូចជាប្រទេសបង់ក្លាដេសជាដើម។

ខណៈដែលកម្ពុជា និងបណ្តាប្រទេសដទៃទៀត រង់ចាំការកំណត់អត្រាពន្ធថ្មី លើទំនិញដែលនាំចូលកម្ពុជា ក្រោយអនុវត្ត ១៥០ថ្ងៃ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានដាក់ក្តី​រំពឹងថា ពន្ធថ្មីដែលអាមេរិក ដាក់មកលើទំនិញកម្ពុជានឹងស្ថិតនៅក្រោម១៩%​៕