ស្មារតីពហិការឈប់ប្រើប្រាស់ទំនិញថៃ បានជំរុញឱ្យរោងចក្រ សហគ្រាសកើតថ្មីកើនឡើងមិនធ្លាប់មានពីមុនមក, ៣ខែដើមឆ្នាំនេះ កើនឡើងជាង ៥០០មូលដ្ឋាន (Video inside)

20-04-2026 16:45

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ស្មារតីពហិការឈប់ប្រើប្រាស់ទំនិញថៃ បានជះផល់វិជ្ជមានជាបណ្តើរៗដល់សេដ្ឋកិច្ចកម្ពុជា ដោយលោកបានកត់សម្គាល់ថា ចំនួនរោងចក្រ និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs) បានកើនឡើងយ៉ាងខ្លាំង​ មិនធ្លាប់មានពីមុនមក។

លោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា​ ចាប់តាំងពីកម្ពុជា ផ្ទុះជម្លោះជាមួយថៃ កាលពីកណ្តាលឆ្នាំ២០២៥មក ចំនួនសហគ្រាសខ្នាតតូច និងមធ្យម(SMEs) បានកើនឡើងច្រើនគួរឱ្យកត់សម្គាល់​​ ខណៈចំនួនរោងចក្របានកើនឡើងរហូតដល់ជាង ១០០%។

បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្មរូបនេះ ​កំណើនសហគ្រាសធុនតូច និងមធ្យម ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២៦ មានកំណើន ៥០៥ មូលដ្ឋាន។ ដោយឡែកសម្រាប់ឆ្នាំ២០២៥ ចំនួន SMEs មានកំណើន ១ ២៦៨ មូលដ្ឋាន និងរោងចក្រធុនធំមានកំណើន ៧០០ រោងចក្រ។

លោកមានប្រសាសន៍ថា តាមរយៈទិន្នន័យទាំងនេះ បានឆ្លុះបញ្ចាំងពីទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋកម្ពុជា ​ដែលបានងាកមកចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដែលបានជំរុញឱ្យធុរជនក្នុងស្រុក រួមគ្នាបង្កើតរោងចក្រ សហគ្រាស និងសិប្បកម្ម ផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបានបញ្ចៀសនូវការមាក់ងាយដែលថា កម្ពុជាខ្លះអ្នកជិតខាងមិនបាន។

លោកបានសង្កត់ធ្ងន់ថា «យន្តការនៃការគាំទ្រ ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋរបស់យើង បានធ្វើឱ្យ SME របស់យើងមានទឹកចិត្ត ដោយសារមានអ្នកគាំទ្រ អីចឹងការរុញផលិតកម្មរបស់គាត់ មានលក្ខណៈប្រសើរ។ យើងក្រឡេកមើល ក្នុងឆ្នាំ២០២៥ ក្នុងរយៈពេល ៦ខែចុងក្រោយ ក្រោយពីមានវិបត្តិជាមួយនឹងប្រទេសជិតខាងរបស់យើង កាលពីខែឧសភា អីចឹងចាប់ពីខែមិថុនា ដល់ខែធ្នូ ​SMEs របស់យើងកើតច្រើនមែនទែន រោងចក្ររបស់យើង ក៏កើតច្រើនស្ទើរតែមិនគួរឱ្យជឿ។ បើនិយាយពីរោងចក្រកើនឡើងលើសពី១០០% ដែលជាកំណើនមួយដ៏ធំ ដែលយើងមិនធ្លាប់មាន»។​

លោក ឌួង ពូលឡង់ មន្ត្រី​​ជាន់ខ្ពស់ផ្នែក​សេដ្ឋកិច្ច​ នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានលើកឡើងថា ស្របពេលជម្លោះកម្ពុជា-ថៃ បាន​បង្កើតនូវបញ្ហាប្រឈមសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្តែក៏បង្កើតនូវឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងខ្លួនផងដែរ។ ជាពិសេសនោះ ដោយសារស្មារតីស្រលាញ់ជាតិសាសន៍ បានជំរុញពលរដ្ឋកម្ពុជាព្រមទទួល និងសម្រេចជ្រើសរើសប្រើប្រាស់ទំនិញក្នុងស្រុកជំនួសទំនិញថៃ បើទោះបីជាគុណភាពនៃការផលិតទាន់ដល់គេក៏ដោយ។

ជាមួយគ្នានេះ លោកជំរុញដល់ម្ចាស់សហគ្រាសទាំងអស់ ត្រូវធ្វើឱ្យប្រសើរនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលពីប្រទេសជិតខាងតិចជាងមុន៕