រដ្ឋមន្ត្រី កែវ រតនៈ៖ ជិត ៤ខែដើមឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាល បានប្រមូលសួយសារ ពីអាជីវកម្មរ៉ែបានជាង៦០លានដុល្លារ (Video inside)
22-04-2026 15:41
(កំពង់ធំ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានប្រមូលចំណូលពន្ធអាករ និងសួយសារពីអាជីវកម្មរ៉ែមាស បាន២០០លានដុល្លារចូលថវិកាជាតិ ក្នុងនោះជិត៤ខែដើមឆ្នាំ២០២៦នេះ បានប្រមូលសួយសារពីអាជីវកម្មរ៉ែ ជាង៦០លានដុល្លារ។
លោក កែវ រតនៈ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីបើដំណើរការរោងចក្រស្លមាសរបស់ក្រុមហ៊ុន CAMBODIAN K88 INDUSTRY ដែលមានទីតាំងស្ថិតនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ និងជារោងចក្រស្លមាសទី៧ នៅកម្ពុជាផងដែរ។
ពិធីនេះដែរក៏មានការរចូលរួមពីថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងតំណាងក្រុមហ៊ុន បុគ្គលិក-កម្មកររបស់ក្រុមហ៊ុន CAMBODIAN K88 INDUSTRY ជាច្រើននាក់ផងដែរ។
លោក កែវ រតនៈ បានថ្លែងដូចនេះថា «នេះជាការរដ្ឋានទី៧ ក្នុងចំណោមការដ្ឋានរ៉ែមាស ដែលយើងបានដាក់ឱ្យដំណើរការ។ ក្នុង ៧ការរដ្ឋាននេះ ជាង៥ឆ្នាំមកនេះ កម្ពុជាបានប្រមូលពន្ធអាករ សួរសារ ដែលប្រមូលមកពីអាជីវកម្មរ៉ែមាសដែលមានកន្លងមកមានជាង ២០០លានដុល្លារចូលជាថវិកាជាតិ, ឆ្នាំ២០២៦នេះ មានកំណើនគួរឱ្យគត់សម្គាល់ទៅទៀត ដោយសារគ្រាន់តែឆ្នាំ២០២៦ គិតមកដល់ពេលនេះ (ជិត៤ខែ) យើងបានជាង ៦០លានដុល្លាររួចទៅហើយ គ្រាន់តែវិស័យរ៉ែមាសមួយ»។
លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមទៀតថា ប្រសិនបើយើងបន្តពង្រឹងការអនុវត្តវិស័យរ៉ែនេះ គ្រាន់តែចេញពីវិស័យរ៉ែមាស ខ្សាច់ ថ្ម នឹងអាចជួយបង្កើតការងារ ជូនដល់កម្មករខ្មែរបានរាប់ម៉ឺននាក់ ដើម្បីជួយដល់បងប្អូនកម្មរខ្មែរ អាចមានការងារធ្វើ មានប្រាក់ចំណូល និងមិនចាំបាច់ធ្វើចំណាកស្រុកនោះឡើយ។
លោកបញ្ជាក់ថា ចំណូលពីវិស័យរ៉ែមាស ខ្សាច់ ថ្មនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់វិស័យអប់រំ និងវិស័យសុខាភិបាលបានយ៉ាងច្រើនផងដែរ។
បើតាមលោក កែវ រតនៈ បានបញ្ជាក់ឱ្យដឹងទៀតថា ការសម្រេចដាក់ទុនក្នុងទំហំទឹកប្រាក់ជាច្រើនរបស់វិនិយោគិនក្នុងប្រទេសកម្ពុជា ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព ទើបធ្វើឱ្យបណ្តាញវិនិយោគិនហ៊ានបណ្តាក់ទុកវិនិយោគនៅកម្ពុជាបាន ជាក់ស្តែងក្រុមហ៊ុន CAMBODIAN K88 INDUSTRY ដែលបានដាក់ទុនប្រមាណ ៤០លានដុល្លារបង្កើតរោងចក្រស្លមាសនៅកម្ពុជា នៅតំបន់ស្នងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះនាពេលនេះ ក៏ដោយសារមើលឃើញពីកត្តាសុខសន្តិភាពរបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុនទាំង៧ ដែលកំពុងធ្វើអាជីវកម្មក្នុងវិស័យរ៉ែមាសនៅកម្ពុជា មានដូចជា៖ ក្រុមហ៊ុន Renaissance Minerals Cambodia Limited. នៅក្នុងមណ្ឌលគិរី, ក្រុមហ៊ុន Xing Yuan Yeak Co., Ltd. នៅក្នុងក្រចេះ, ក្រុមហ៊ុន Mesco Gold Cambodia Co., Ltd. នៅក្នុងខេត្តរតនគិរី , ក្រុមហ៊ុន Delcom Kampuchea Co., Ltd. នៅខេត្តព្រះវិហារ, ក្រុមហ៊ុន Phu Yang Cambodia Co., Ltd. នៅខេត្តបាត់ដំបង, ក្រុមហ៊ុន Jiang Xia Mining Energy Development Co., Ltd. នៅខេត្តកំពង់ធំ និងក្រុមហ៊ុន Cambodian K88 Industry Co., Ltd. នៅខេត្តកំពង់ធំ និងខេត្តក្រចេះ៕

























