មេគយកម្ពុជា៖ រាជរដ្ឋាភិបាលសម្រេចលុបបំបាត់កម្រៃ «ស្កេនកុងតឺន័រ» ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ ដើម្បីកាត់បន្ថយបន្ទុកចំណាយ ក្នុងវិស័យដឹកជញ្ជូន (Video inside)

28-04-2026 14:50

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបបំបាត់កម្រៃ «ស្កេនកុងតឺន័រ» ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះតទៅ ដើម្បីកាត់បន្ថយបន្ទុកថ្លៃភស្តុភារកម្ម (Logistics)។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត គុណ ញឹម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្ដក្នុងឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ជាផ្នែកមួយ នៃកិច្ចសម្រួលពាណិជ្ជកម្ម និងចូលរួមចំណែក ក្នុងការកាត់បន្ថយបន្ទុកថ្លៃភស្តុភារកម្ម (Logistics) រាជរដ្ឋាភិបាល បានសម្រេចអនុវត្ដចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះតទៅ គឺលុបបំបាត់កម្រៃស្កេនកុងតឺន័រទាំងស្រុងតែម្ដង»

បន្ថែមពីនោះទៀត លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងថា ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់ នៃតម្លៃប្រេងឥន្ធនៈជាសកល រាជរដ្ឋាភិបាល បានដាក់ចេញវិធានការរួមមាន៖

(១)៖ ការកែសម្រួលអត្រាពន្ធ និងអាករសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារចម្បង គឺការបញ្ចុះពន្ធគយលើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

និង (២)៖ ការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បីជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់។

លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា តាមការប៉ាន់ស្មាន ការអនុវត្តវិធានការទាំង២នេះ នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត៥០លានដុល្លារអាម៉េរិក ក្នុងមួយខែ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការដាក់ចេញវិធានមុតស្រួចទាំងនេះ គឺមានគោលបំណងសំខាន់២ រួមមាន៖ (១) បង្កើនចំណូលពន្ធអាករ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង (២) កែលម្អ និងបង្កជាបរិយាកាស ស្មើភាពនៅក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា ការដាក់ចេញនូវវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ មានលក្ខណៈម៉ឺងម៉ាត់ និងប្រាកដនិយម ដែលជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

សូមជម្រាបថា ក្នុងសិក្ខាសាលានេះ ក៏មានបទបង្ហាញស្ដីពី «វិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្ដក្នុងឆ្នាំ២០២៦» ដោយលោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផងដែរ៕