រដ្ឋមន្រ្តីពាណិជ្ជមានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយអធិរាជស្វាយចន្ទី ក្នុងពេលខាងមុខ ខណៈទើបចរចាបានទីផ្សារថ្មីនៅហុងកុង (Video inside)
30-04-2026 17:03
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបាននូវគោលដៅក្លាយអធិរាជស្វាយចន្ទី ក្នុងពេលខាងមុខនេះ ខណៈបច្ចុប្បន្ននេះ វិស័យស្វាយចន្ទីបានបង្ហាញការរីកចម្រើនជាបន្តបន្ទាប់ ទាំងការនាំចេញ និងការដាំដុះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក លោកស្រី ចម និម្មល បានឱ្យដឹងថា ស្វាយចន្ទី គឺជាដំណាំដ៏មានសក្តានុពល ជាពិសេសកម្ពុជាមានពូជប្រភេទ M23 និង M26 ដែលជាប្រភេទពូជលេចធ្លោ ខុសប្លែកពីពូជផ្សេងនៅលើពិភពលោក ដែលធ្វើឱ្យអ្នកវិនិយោគមានការចាប់អារម្មណ៍ ដោយសារវាមានគ្រាប់ធំ និងមានរសជាតិឆ្ងាញ់ជាងគ្រាប់ធម្មតា។ ហើយដើម្បីឱ្យវិស័យស្វាយចន្ទីនៅកម្ពុជា កាន់តែរីកចម្រើន រដ្ឋាភិបាលបានបង្កើតនូវសួនឧស្សាហកម្មពិសេសមួយ សម្រាប់តែស្វាយចន្ទី ដែលនឹងជួយជំរុញទីផ្សារស្វាយចន្ទីនេះ បានកាន់តែប្រសើរ។
ទន្ទឹមគ្នានេះ លោកស្រីបានឱ្យដឹងថា តាមរយៈក្រសួងពាណិជ្ជកម្ម សហគមន៍ និងអ្នកកែច្នៃបានពង្រីកទីផ្សារនាំចេញបានយ៉ាងច្រើន ខណៈពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម ទើបតែចរចាទទួលបានទីផ្សារ ដែលទទួលទិញស្វាយចន្ទីកម្ពុជាដាក់លក់ប្រមាណជាង ៦០០ហាងបន្ថែមទៀតនៅហុងកុង ដែលជាប្រភេទម៉ាតធំៗ។
សូមជម្រាបផងដែរថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings និងក្រុមហ៊ុន ITOCHU Corporation គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា បាននិងកំពុងដាក់លក់នៅក្នុងផ្សារទំនើប Family Mart ដ៏ល្បីល្បាញជាង១ម៉ឺន៦ពាន់ទីតាំងនៅប្រទេសជប៉ុន។
យោងតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានដាក់គោលដៅជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានយ៉ាងតិច២៥% នៅត្រឹមឆ្នាំ២០២៧ និងកើនឡើងដល់យ៉ាងតិច ៥០% នៅឆ្នាំ២០៣២។ តាមគោលនយោបាយនេះ មានគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំមួយ ដើម្បីបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច។
ក្នុងជំរុញការកែច្នៃ និងនាំចេញគ្រាប់ចន្ទីទៅទីផ្សារអន្តរជាតិ ធនាគារ ជីប ម៉ុង បានសម្រេចបង្កើនទំហំហិរញ្ញប្បទានរហូតដល់ ៥០០លានដុល្លារ ជួយដល់វិស័យស្វាយចន្ទី និងស្រូវ-អង្ករ ដើម្បីគាំទ្រ និងលើកកម្ពស់ វិស័យស្នូលទាំងពីរនេះឱ្យមានលទ្ធភាព និងសមត្ថភាពប្រកួតប្រជែង នៅលើទីផ្សារអន្ដរជាតិ។
អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង មានប្រសាសន៍ថា ការបង្កើននូវបញ្ចប់ហិរញ្ញប្បទានសម្រាប់វិស័យស្រូវ-អង្ករ និងស្វាយចន្ទីនេះ ធ្វើឡើងក្នងគោលដៅជំរុញវិស័យទាំងពីរនេះឱ្យកាន់តែរឹងមាំ។
លោកបន្ថែមថា តាមរយៈផ្តល់ឥណទាន ក្នុងទំហំធំនេះនឹងជួយឱ្យរោងចក្រសហគ្រាសកែច្នៃ និងអ្នកនាំចេញផលិតផលស្វាយចន្ទី មានលទ្ធភាពប្រមូលទិញពីកសិករ យកមកស្តុកទុក សម្រាប់កែច្នៃ នាំចេញ។ ក្រៅពីការផ្តល់ទុន ជីប ម៉ុង ក៏ផ្ដល់ជាយុទ្ធសាស្រ្ដក្នុងការគ្រប់អាជីវកម្មឱ្យកាន់តែរីកចម្រើនផងដែរ។ លោកគូសបញ្ជាក់ថា តាមរយៈយុទ្ធសាស្រ្តនេះ នឹងបង្កើតការងារយ៉ាងច្រើនដល់ប្រជាជននៅមូលដ្ឋាន។
លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវបានចាត់ទុកថា ប្រទេសមួយដែលផលិតស្វាយចន្ទីច្រើនជាងគេ នៅលើពិភពលោក ដោយកាលពីឆ្នាំ២០២៥ កម្ពុជាមានសមត្ថភាពផលិតបានជាង ១លានតោន។ ប៉ុន្តែយ៉ាងនេះក្តី កម្ពុជាលទ្ធភាពតិចតួចក្នុងការកែច្នៃ ដោយស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញ ជាប្រភេទគ្រាប់ស្រស់ មិនទាន់កែច្នៃ ក្នុងនោះចេញទៅវៀតណាមជាង៩៩ម៉ឺនតោន។
បើតាមលោកអាន ដារ៉ា បច្ចុប្បន្ននេះ នៅកម្ពុជា មានរោងចក្រកែច្នៃប្រមាណ ៤៥រោងចក្រ ទាំងខ្នាតតូច និងខ្នាតធំ ដែលជាមធ្យមក្នុងមួយថ្ងៃ រោងចក្រមួយមានលទ្ធភាពកែច្នៃគ្រាប់ស្រស់ បានប្រមាណ ១០តោន។ លោកគូសបញ្ជាក់ថា ប្រសិនរោងចក្រទាំងនោះ មានទុនគ្រប់គ្រាន់ប្រមូលទិញគ្រាប់ស្វាយចន្ទី យកមកកែច្នៃឱ្យអស់លទ្ធភាព នឹងអាចកែច្នៃបានប្រមាណ១៥%នៃចំនួនស្វាយចន្ទីសរុបប្រមាណ ១លានតោន។
លោកបានសម្តែងការសាទរចំពោះធនាគារ ជីប ម៉ុង ដែលបានទម្លាក់ទុនរហូត ៥០០លានដុល្លារ ដល់អ្នកកែច្នៃស្វាយចន្ទី និងស្រូវអង្ករក្នុងស្រុក ដើម្បីឱ្យពួកគេមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការប្រមូលទិញគ្រាប់ស្រស់ មកស្តុកទុក សម្រាប់កែច្នៃ នាំចេញទៅកាន់ទៅផ្សារអន្តរជាតិ ស្របពេលបច្ចុប្បន្នសមាជិកសហព័ន្ធស្វាយចន្ទី ទទួលបានទុនបណ្តើរសម្រាប់ប្រមូលទិញស្វាយចន្ទីពីកសិករ យកមកស្តុកទុក សម្រាប់កែច្នៃផងដែរ៕










