ប្រធានសមាគម៖ ប្រសិនបើមានការក្លែងបន្លំស្វាយចន្ទីធម្មតា ជាផលិតផល GI នោះនឹងសម្លាប់វិស័យស្វាយចន្ទីទាំងមូល (Video inside)

05-05-2026 15:35

(ភ្នំពេញ)៖ លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ បានលើកឡើងថា សមាគមនឹងជំរុញការនាំចេញស្វាយចន្ទី ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត GI នៅឆ្នាំក្រោយឱ្យបានច្រើន តែយ៉ាងណាប្រសិនបើមានការក្លែងបន្លំស្វាយចន្ទីធម្មតា ជាផលិតផល GI នោះនឹងសម្លាប់វិស័យស្វាយចន្ទីទាំងមូល ដូច្នេះហើយសមាគមនឹងបង្កើតប្រព័ន្ធតាមដាន ដើម្បីទប់ស្កាត់ការក្លែងបន្លំនេះ។

កាលពីពេលថ្មីៗនេះ ស្វាយចន្ទីកំពង់ធំ​ ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ ​ដើម្បីលើកកម្ពស់ និងផ្តល់នូវកិច្ចការពារផ្លូវច្បាប់ ដល់សហគមន៍ដែលជាម្ចាស់ម៉ាកក្នុងការទប់ស្កាត់ការក្លែងបន្លំ និងធានាបាននូវការប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ។

លោក ស៊ុយ កុកធាន បានលើកឡើងថា​ ផលិតផលដែលត្រូវបាន ចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI គឺជាផលិតផលមួយដែលមានការទទួលស្គាល់ និងឱ្យតម្លៃ ​ហើយតាមរយៈនេះ នឹងជំរុញឱ្យទីផ្សារអន្តរជាតិឱ្យតម្លៃគ្រាប់ស្វាយចន្ទី​កម្ពុជាទាំងមូល។ លោកបន្ថែមថា បន្ទាប់ពីការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៅកម្ពុជា នៅពេលខាងមុខ នឹងឈានទៅចុះបញ្ជីនៅឆាកអន្តរជាតិដែលមានការទទួលស្គាល់ជាង៣០ប្រទេស។

លោកបន្ថែមថា សម្រាប់ស្វាយចន្ទីកំពង់ធំ ដែលបានចុះបញ្ជី​ GI ​មានសៀវភៅបន្ទុកដែលកំណត់ពីលក្ខខណ្ឌ និងកំណត់ពីប្រភេទចម្ការដែលអាចចុះបញ្ជីផលិតផល GIបាន។ សម្រាប់ចម្ការដែលបានចុះបញ្ជីផលិតផល GI នឹងទទួលបានតម្លៃបន្ថែម ហើយសមាគមនឹងជំរុញការនាំចេញទៅកាន់ប្រទេសអភិវឌ្ឍន៍បន្ថែមទៀត ដែលស្វាយចន្ទី GIនឹងអាចនាំចេញបាននៅឆ្នាំក្រោយ។

លោកគូសបញ្ជាក់ទៀតថា «ក្នុងការទប់ស្កាត់ការក្លែងបន្លំ​ សមាគមនឹងមានគណៈកម្មការច្បាស់លាស់ក្នុងការតាមដាន តាមរយៈការបង្កើតប្រព័ន្ធតាមដាន ដើម្បីអាចដឹង គ្រាប់ចន្ទីនោះជាផលិតផល GI ឬអត់។ យើងមិនអាចធ្វើ ផលិតផល GI ក្លែងបន្លំទេ នោះគឺជាការសម្លាប់ស្វាយចន្ទីទាំងមូល។ អ៊ីចឹងយើងមានក្រុមការងារដែលរួមមានទាំងក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្តហើយនឹងសមាគម ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រផលិតផល GI យើងនឹងតាមដានដោយគ្មានអ្នកអាចក្លែងបន្លំផ្លាកសញ្ញា ​ GIបានទេ»

ក្នុងការទប់ស្កាត់ការក្លែងបន្លំ ​សមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ និងសមាជិក ដែលជាម្ចាស់ម៉ាក GI ជាអ្នកដើរតួនាទី ផ្សព្វផ្សាយ និងទប់ស្កាត់ការក្លែងបន្លំគុណភាព និងទំនិញសម្គាល់ភូមិសាស្រ្ត ស្វាយចន្ទីកំពង់ធំ។ ក្នុងករណីសមាគមមិនអាចដោះស្រាយបាន សមាគមនោះ​ អាចប្តឹងទៅមន្ទីរពាក់ព័ន្ធ ឬអាជ្ញាធរមូលដ្ឋាន ឬមកក្រសួងពាណិជ្ជកម្មតែម្តងករណី។

បើតាម លោក ស៊ុយ កុកធាន ខេត្តកំពង់ធំ ជាខេត្តដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅកម្ពុជា ដោយក្នុងមួយឆ្នាំខេត្តកំពង់ធំអាចផលិតគ្រាប់ស្វាយចន្ទីប្រមាណ២០ម៉ឺនតោន ក្នុងនោះប្រមាណ៧០% គឺជាពូជគ្រាប់ M23 ។

សូមជម្រាបថា ​​មកដល់បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា បានចំនួន ១២ រួមមាន៖ ​ម្រេចកំពត​,ស្ករត្នោតកំពង់ស្ពឺ,ក្រូចថ្លុងកោះទ្រង់,ទឹកឃ្មុំព្រៃមណ្ឌលគិរី,អំបិលកំពតកែប,ទឹកត្រីកំពតកែប,បង្កងតាកែវ,ប្រហុកសៀមរាប,ក្ដាមថ្មកោះកុង,សូតមាសភ្នំស្រុក,ស្វាយចន្ទីកំពង់ធំ​ និង ​ស្វាយឧត្តមានជ័យ​​៕