៤ខែដំបូងឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៣ពាន់លានដុល្លារ កើនឡើង២០% (Video inside)

11-05-2026 14:41

(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៣ពាន់លានដុល្លារ កើនឡើង១៩.៩% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលមានទំហំប្រមាណជាង ១៩ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍បានបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃជាង ១១ពាន់លានដុល្លារ កើនឡើង២១.៧%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ជាង១២ពាន់លានដុល្លារ កើនឡើង១៨.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៥។

ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៧ ១៧២លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅចិនជាង ៥៨៣លានដុល្លារ ស្របពេលដែលចិន នាំចូលមកកម្ពុជាវិញមានតម្លៃជាង ៦ ៥៨៩លានដុល្លារ។

ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជាង ៤ ៦៦០លានដុល្លារ កើនឡើង៤១.៣% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ៤ ៤៧៧លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញ ក្នុងតម្លៃជាង១៨២លានដុល្លារ។

តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕