៤ខែដំបូងឆ្នាំនេះ ទំនិញថៃចូលមកកម្ពុជាបន្ដធ្លាក់ចុះជាង ៤០% (Video inside)
13-05-2026 16:03
(ភ្នំពេញ)៖ ស្មារតីពហិការ ឈប់ប្រើប្រាស់ទំនិញថៃ របស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឲ្យទំនិញថៃដែលនាំចូលមកកម្ពុជា បន្ដការធ្លាក់ចុះប្រមាណជាង ៤០ភាគរយ ពោល៤ខែដំបូងឆ្នាំ២០២៦ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ ពោលចាប់ពីខែមករា ដល់ខែមេសា ការនាំចូលទំនិញថៃ ចូលមកកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ៦៩០លានដុល្លារ ធ្លាក់ចុះ៤០.៨% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ មានរហូតដល់ ១,១៦៦លានដុល្លារ។
ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ ប្រទេសថៃបានទិញទំនិញពីប្រទេសកម្ពុជា ដើម្បីឲ្យយកទៅប្រើប្រាស់ ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣៤លានដុល្លារ បើធៀបនឹងឆ្នាំ២០២៥ មានចំនួនប្រមាណ ៣២៧លានដុល្លារ។
លោក គុណ ញឹម អគ្គនាយកគយកម្ពុជា ធ្លាប់បានបញ្ជាក់ថា ទំនិញដែលនាំចូលពីថៃ ភាគច្រើនគឺប្រភេទឧបករណ៍ បរិក្ខា ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម រួមប្រភេទគ្រឿងចក្រកសិកម្មដូចជាត្រាក់ទ័រ ម៉ាស៊ីនច្រូត ជាដើម។ ព្រមទាំងទំនិញមួយចំនួនទៀត ដែលជាធាតុចូលរបស់ឧស្សាហកម្មធុនធំមួយចំនួន សម្រាប់បម្រើផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន និងទំនិញមួយទៀត គឺប្រភេទគ្រឿងបង្គុំ សម្រាប់ថែទាំផលិតកម្ម របស់ក្រុមហ៊ុនដំឡើងរថយន្ត និងម៉ូតូមួយចំនួន។
លោកបានបញ្ជាក់ថា សម្រាប់ទំនិញដែលនាំចូល សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មានការថយចុះគួរឱ្យកត់សម្គាល់ ស្របពេលទំនិញដែលហាមឃាត់ដូចជា ប្រេងឥន្ទនៈ បន្លែ ផ្លែឈើ បានធ្លាក់ចុះដល់សូន្យភាគរយ។
គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា កាលពីពេលថ្មីៗនេះ បានផ្តាំអ្នកដែលនៅបន្តគប់គិតគ្នានាំទំនិញពីថៃ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះកម្ពុជាមានទំនិញគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក ដោយមិនចាំបាច់ត្រូវនាំចូលពីថៃឡើយ។
បន្ថែមពីនេះ សម្តេចបានអំពាវនាវដល់ដល់ពលរដ្ឋ សូមប្រើប្រាស់ផលិតផលខ្មែរឱ្យបានច្រើន ឬទំនិញដែលនាំចូលពីប្រទេសផ្សេងវិញ ព្រោះមានតែប្រជាជនកម្ពុជាទេ ដែលមានសិទ្ធិ ក្នុងការជ្រើសរើស គួរតែប្រើប្រាស់ទំនិញអ្នកណា។ សម្តេចថា បើទោះបីជាមានអ្នកនាំចូលច្រើនយ៉ាងណាក៏ បើសិនជាគ្មានអ្នកទិញទេ ក៏មិនអាចមានអ្នកលក់ឡើយ៕




