ថ្នាក់ដឹកនាំសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តទទូចឱ្យប្រជាជនខ្មែរ ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ

18-05-2026 14:09

(ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកទឹកចិត្ដឱ្យប្រជាជនខ្មែរ គួរតែនាំគ្នាប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ជៀសវាងប្រើហិរញ្ញវត្ថុក្រៅផ្លូវការ ដែលមានការប្រាក់ខ្ពស់ និងឈានដល់ការជាប់បំណុលវ័ណ្ឌករ។

ការលើកទឹកចិត្ដបែបនេះ ពីថ្នាក់ដឹកនាំទាំងពីរ ក្នុងវិស័យហិរញ្ញវត្ថុ ធ្វើឡើងក្នុងកម្មវិធីបណ្តុះបណ្តាល ស្តីពីការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងនាមសមាគមធនាគារនៅកម្ពុជា លោក រ័ត្ន សោភ័ណ បានសម្តែងការកោតសរសើរដោយស្មោះ ចំពោះអង្គការ ILO និងសមាគមមីក្រូហិរញ្ញវត្ថុ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងការអប់រំផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោក រ័ត្ន សោភ័ណ បានលើកឡើងថា កម្មវិធីនេះ និងក្លាយជាសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ភាពអង់អាច និងបំពាក់បំប៉នដល់ធនាគារិក នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

លោក រ័ត្ន សោភ័ណ បានឲ្យដឹងទៀតថា នៅក្នុងទិដ្ឋភាពវិស័យហិរញ្ញវត្ថុ ដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនមែនជាជម្រើសទៀតនោះទេ ប៉ុន្តែវាគឺជាភាពចាំបាច់ និងសំខាន់បំផុត។

ជាមួយគ្នានេះ លោកបានឲ្យដឹងថា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំសិក្ខាសាលានានា ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» នៅតាមបណ្តាខេត្ត ក្រុងនានាក្នុងប្រទេសកម្ពុជា។

លោក រ័ត្ន សោភ័ណ បានថ្លែងថា «ក្នុងនាមជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ យើងមើលឃើញថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល គឺមានសារៈសំខាន់ណាស់ ហើយយើងលើកទឹកចិត្តឱ្យប្រជាជនប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ»

លោក សុខ វឿន បានឲ្យដឹងថា ការដាក់បញ្ចូលវគ្គបណ្តុះបណ្តាលកម្មវិធីសកល ស្តីពីការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អង្គការ ILO ទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលផ្លូវការ គឺជាជំហានដ៏សំខាន់មួយ ក្នុងការកសាងសមត្ថភាពបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទូទាំងវិស័យហិរញ្ញវត្ថុទាំងមូល។

លោកបានថ្លែងថា គំនិតផ្តួចផ្តើមនេះ នឹងជួយពង្រឹងសមត្ថភាពគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ឱ្យឈានជើងហួសពីការផ្តល់សេវាប្រតិបត្តិការសាច់ប្រាក់ធម្មតា ទៅជាការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង ច្បាស់លាស់ ទទួលខុសត្រូវ និងផ្តោតជាចម្បងលើអតិថិជន។

បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាគ្រឹះដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលមានស្ថិរភាព និងរីកចម្រើន។

* សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ វានឹងជួយឱ្យមានការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងជួយលើកកម្ពស់គុណភាពផលប័ត្រឥណទាន។ នៅពេលដែលអតិថិជន យល់ច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ហានិភ័យនៃការជាប់បំណុលច្រើនលើសលប់នឹងត្រូវកាត់បន្ថយ ដែលចូលរួមចំណែកដល់និរន្តរភាពគ្រឹះស្ថានកាន់តែរឹងមាំ។

* សម្រាប់អតិថិជន៖ ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុជួយលើកកម្ពស់ការងារសមរម្យ និងយុត្តិធម៌សង្គម។ វាជួយបំពាក់បំប៉នបុគ្គលម្នាក់ៗនូវចំណេះដឹង និងភាពជឿជាក់ក្នុងការ គ្រប់គ្រងចំណូល ធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង និងជ្រើសរើសផលិតផលហិរញ្ញវត្ថុណាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគេ។

លើសពីនេះ វាក៏ជួយគាំទ្រដល់ការចូលរួមយ៉ាងទូលំទូលាយនៅក្នុងសេដ្ឋកិច្ចផ្លូវការ ដែលផ្តល់ផលប្រយោជន៍ទាំងដល់បុគ្គលម្នាក់ៗ និងដល់ជាតិទាំងមូល។ នេះជាការបញ្ជាក់បន្ថែម របស់លោក សុខ វឿន។

នៅក្នុងកម្មវិធីនេះ ក៏មានការអនុស្សរណៈ នៃកិច្ចព្រមព្រៀង រវាងអង្គការ ILO និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។ តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាចិត្តបំពេញតួនាទីរបស់ខ្លួនក្នុងការជំរុញគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដែលរួមមាន៖

* បញ្ជូននិងគាំទ្របេក្ខជនជាគ្រូបង្គោលថ្នាក់ជាតិសម្រាប់វគ្គបណ្តុះបណ្តាលកម្មវិធីវិញ្ញាបនបត្រនេះ រួមទាំងវដ្តនៃការបណ្តុះបណ្តាលរបស់ពួកគាត់។
* ផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលនេះ ទៅកាន់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទូទៅ បុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
* ស្វែងរកប្រភពធនធានហិរញ្ញវត្ថុ ដើម្បីជួយសម្រាលការចំណាយលើការបណ្តុះបណ្តាល សម្រាប់អ្នកទទួលផលចុងក្រោយ៕