* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គនាយក ARDB ប្រាប់ប្រជាកសិករមកពីបណ្តាសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ ត្រូវរួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីមានតម្លៃខ្ពស់

18-05-2026 15:09

(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមកពីបណ្តាសហគមន៍កសិកម្មមួយចំនួន នៃស្រុកទាំងអស់ស្ថិតនៅ ខេត្តកំពង់ធំដោយក្នុងនោះ ស្នើឲ្យកសិករគួរពិចារណា ត្រូវរួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីមានតម្លៃខ្ពស់។

នៅកម្មវិធីសំណេះសំណាលនោះ មានការចូលរួមពីលោក ឯក ហៀង នាយកវិទ្យាស្ថានបច្ចេកទេស ខេត្តកំពង់ធំ លោក កាំង សុផាន់ណា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្ទោង លោក សំ ធារ៉ា នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ព្រមទាំង សហគមន៍មកពីបណ្តាស្រុក មេឃុំមកពីបណ្តាស្រុក-ឃុំ និងប្រជាកសិករសរុបចំនួន ១៧៩ នាក់។

លោកបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់ជូនប្រជាកសិករមកពីបណ្តាសហគមន៍កសិកម្មនៃស្រុកនានា ក្នុងខេត្តកំពង់ធំថា ការជួបជុំបងប្អូនកសិករនៅថ្ងៃនេះ គឺចង់ផ្តល់ជូននូវព័ត៌មានថ្មីៗលើវិស័យកសិកម្មជាពិសេសបងប្អូន ត្រូវតែពង្រឹងផលិតភាពឲ្យបានខ្ពស់លើការផលិតក្នុងដំណាក់ កាលជីគីមីឡើងថ្លៃដែលបញ្ហានេះ មិនត្រឹមតែផ្តល់ការលំបាកដល់កសិករយើងប៉ុណ្ណោះទេ គឺកសិករលើពិភពលោកក៏ជួបប្រទះបញ្ហាដូចគ្នាដែរ។

ត្រង់ចំណុចនេះដែរ លោកបណ្ឌិតប្រតិភូ បានសង្កត់ធ្ងន់ថា បងប្អូនសហគមន៍ និងកសិករនៅទីនេះ ត្រូវរួបរួមគ្នាផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី ជួយកាត់បន្ថែមថ្លៃដើមផលិត ទោះបីឆ្នាំនេះបានផលតិច តែជាជំហ៊ានមួយអាចប្រសើរនៅឆ្នាំបន្ទាប់ទៀត ដែលកសិករយើងធ្វើកសិកម្មបានចំណេញ និងលក់បានថ្លៃ។

ទន្ទឹមនោះ លោកបណ្ឌិតប្រតិភូ បានរំលឹកជូនកសិករថា វិស័យកសិកម្មជាឈាមរបស់ខ្មែរយើង មានផស្តុតាងស្រាប់លើប្រាងប្រាសាទ និងបារ៉ាយទឹកនៅតំបន់អង្គរវត្តដែលបង្ហាញថា ពីដើម ខ្មែរយើងមានពូជអំបូរជាអ្នកធ្វើកសិកម្មបន្តពីដូនតាមកហើយ ជាពិសេស ក្នុងសម័យអង្គរ ការធ្វើកសិកម្មដែលកាលនោះធ្វើឲ្យខ្មែរយើងខ្លាំងជាអាណាក្រមួយអស្ចារ្យ គឺ ខ្លាំងទាំងការពង្រីកទឹកដី ជាជន្ទល់សម្រាប់ការកសាងសេដ្ឋកិច្ចប្រជាជនព្រមទាំងធានាដល់ការផ្គត់ផ្គង់ស្បៀងដល់កងទ័ពថែមទៀតផង។

ជុំវិញរបៀបរបបនៃការធ្វើកសិកម្មសម័យទំនើបនេះ លោកបណ្ឌិតប្រតិភូ បានលើកទឹកចិត្តដល់កសិករថា បងប្អូនជាកសិករត្រូវមានមោទនភាពខ្លួនឯងដែរ ពោល បើអត់កសិករយើងមិនមានទីផ្សារអង្ករដែរ ព្រោះកសិកម្មមិនត្រឹមតែចិញ្ចឹមប្រទេសទេ គឺជាឆ្នាំងបាយរបស់ពិភពលោក តាមរយៈការនាំចេញអង្ករយើងទៅជាង៦០ប្រទេសផងដែរ។

បន្ថែមពីនេះ លោកបណ្ឌិតប្រតិភូ បានលើកឡើងថា ការធ្វើកសិកម្មសម័យនេះខុសពី ៥០០ឆ្នាំមុន ប្រើនង្គ័លភ្ជួរស្រែ និងឥឡូវត្រឡប់មកប្រើគ្រឿងយន្តវិញ ប៉ុន្តែក្នុងផលិតកម្ម បើបងប្អូនមិនចេះគិតអំពីថ្លៃដើមផលិត ក្នុង១ឯកតា និងការប្រើប្រាស់ពេលវេលា បាញ់ថ្នាំ ឬដាក់ជីឲ្យបានត្រឹមត្រូវទេក៏មិនទទួលបានផលល្អហើយប្រឈមមុខនឹងការខាតបង់រាល់ឆ្នាំ។

ត្រង់ចំណុចនេះ សមាគមបណ្តាញកសិករតេជោបង្កើតឡើងគឺមានបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖
(១)៖ ឆ័ត្រ សម្រាប់កសិករជ្រកគឺជារួម ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន កេងចំណេញលើកសិករ និង(២)៖ សមាគមធ្វើជាស្ពានឱ្យបងប្អូនដើរឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងការតភ្ជាប់សម្លេង របស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមន៍ជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ។

បន្ទាប់ពីសំណេះសំណាលរបស់លោកបណ្ឌិតប្រតិភូ រួចមកក៏មានការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ និងសមាគមបណ្តាញកសិករតេជោ អនុស្សារណៈនៃយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល និងសមាគមបណ្តាញកសិករតេជោផងដែរ៕