អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ទទូចឱ្យកសិករចេះរកឲ្យឃើញពីការចំណាយលើឯកតាផលិតកម្ម បើមិនចង់ក្លាយខ្លួនជាអន្ទាក់បំណុលថែមទៀត

19-05-2026 07:53

(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ មកពីសហគមន៍អូរក្លែងព័រមានជ័យ, សិស្សានុសិស្សមកពីវិទ្យាល័យជាស៊ីម ត្បែងមានជ័យ ផ្នែកបច្ចេកទេសកសិកម្ម ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ឃាង សុខជា ប្រធានសហគមន៍អូរក្លែងព័រមានជ័យ និងលោក ទេព សំធារិទ្ធិ មេឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ព្រមទាំងកសិករជា អ្នកផលិតស្រូវ បន្លែ និងផ្នែកចន្ទី ដែលអ្នកចូលរួមសរុបមាណ ១០០នាក់។

បន្ទាប់ពីស្តាប់ពីកង្វល់ និងបញ្ហាប្រឈមលើវិស័យកសិកម្មពីប្រជាកសិករ ក្នុងសហគមន័ខាងលើរួចមក លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកពីស្ថានភាពនៃការប្រែប្រួលយ៉ាងលឿន លើតម្លៃប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម ហក់ឡើងថ្លៃដែលជំរុញឲ្យការធ្វើកសិកម្មរបស់ប្រជាកសិករ នៅបណ្តាប្រទេសរួមនិងកម្ពុជាយើងផងដែរ ជួបការលំបាក ក្នុងការផលិតកម្ម ជាពិសេសបញ្ហាថ្លៃដើមផលិតខ្ពស់។

នៅក្នុងបញ្ហាប្រឈមខាងលើនេះ លោកបណ្ឌិតប្រតិភូបានលើកឡើងថា ការធ្វើកសិកម្មមិនងាយស្រួលទេ គឺទាមទារឲ្យធ្វើពិតប្រាកដមិនមែនធ្វើលេងៗទេ ជាពិសេសមានរឿងច្រើនជុំវិញថ្លៃដើមផលិត ដោយកសិករយើងត្រូវចេះរកឲ្យឃើញពីការចំណាយលើផលិតកម្មក្នុង១ឯកតា (ការចំណាយថ្លៃដើមក្នុង១គីឡូក្រាម) ដែលត្រូវចំណាយ ទាំងកសិកម្ម ចិញ្ចឹមសត្វ និងដំណាំចន្ទីជាដើម បើមិនដូច្នោះទេ កសិករយើងនឹងក្លាយខ្លួនជាអន្ទាក់បំណុលថែមទៀតផង។

ដើម្បីដោះស្រាយបញ្ហាដែលកសិករប្រឈមមុខនឹងការធ្វើកសិកម្មជួបហានិភ័យ រាល់ឆ្នាំរឿងតម្លៃនោះ លោកបណ្ឌិតប្រតិភូបានប្រាប់កសិករថា សមាគមបណ្តាញកសិករតេជោ បង្កើតឡើងដើម្បីជួយបងប្អូនប្រជាកសិករ នឹងធ្វើជា៖ (១) ឆ័ត្រ សម្រាប់កសិករជ្រក គឺជារួមចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន គៃចំណេញលើកសិករ និង (២) សមាគមធ្វើជាស្ពានឱ្យបងប្អូនដើរ ឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងការតភ្ជាប់សម្លេងរបស់កសិករ ទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ៕