រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល៖ ច្បាប់អាកាសចរណ៍ស៊ីវិលឆ្នាំ២០២៦ នឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីនៅកម្ពុជា ទទួលបានទំនុកចិត្តពីអន្តរជាតិកាន់តែខ្លាំង
19-05-2026 12:45
(ភ្នំពេញ)៖ ក្នុងឱកាសជួបប្រជុំជាមួយ ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើង ពី «គុណតម្លៃពិតប្រាកដ» នៃច្បាប់អាកាសចរណ៍ស៊ីវិលឆ្នាំ២០២៦ ដែលនឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ ដែលចុះបញ្ជីនៅកម្ពុជា ទទួលបានទំនុកចិត្តពីអន្តរជាតិកាន់តែខ្លាំង ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អាចហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក និងពង្រីកទីផ្សារទៅកាន់អឺរ៉ុប។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូ នៃគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិលប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដែលដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ។
លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ Fresh News ថា ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូរដ្ឋសភាបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា«ជាមួយនឹងច្បាប់ដ៏រឹងមាំនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីនៅកម្ពុជា នឹងទទួលបានទំនុកចិត្តពីអន្តរជាតិកាន់តែខ្លាំង។ នេះគឺជាជំហានដំបូងដើម្បីឈានទៅរក ចំណាត់ថ្នាក់សុវត្ថិភាពលេខ១ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាស ចរណ៍កម្ពុជាអាចហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក និងពង្រីកទីផ្សារទៅកាន់អឺរ៉ុប»។
លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់ថា ច្បាប់អាកាសចរណ៍ស៊ីវិលឆ្នាំ២០២៦ ជាច្បាប់អាចអនុវត្ត សម្រាប់ស្តង់ដារកម្រិតខ្ពស់ និងទំនើប តាមរយៈការផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន (Airport Certification)។ ការកសាងអាកាសយានដ្ឋានលំដាប់ 4E និង 4F ត្រូវបាន រចនាស្របតាមលក្ខខណ្ឌក្នុងស្រុក វប្បធម៌ ភាពបៃតង និងពោរពេញដោយគំនិតឆ្នៃប្រឌិតខ្ពស់ ជាគំរូអាកាសយានដ្ឋានស្តង់ដារអន្តរជាតិ ដែលមានរចនាបទ វប្បធម៌ខ្មែរមានភាព ទាក់ទាញ បរិស្ថាន និងបង្កើតបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកដំណើរទូទាំងពិភពលោក។ ជាក់ស្តែងអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ មិនត្រឹមតែជាជោគជ័យផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាការធានាបាន នូវ «សន្តិសុខ និងសុវត្ថិភាព តាមស្តង់ដារសកលកម្រិតខ្ពស់» ផងដែរ និងអាចទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូល ដូចជាក្រុមហ៊ុន Emirates, Qatar ឬក្រុមហ៊ុន អឺរ៉ុប និងសហរដ្ឋអាមេរិក មកបាន។
លោកបន្តថា ការបង្កើនអំណាច ដល់ការត្រួតពិនិត្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីចេញវិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (Air Operator Certificate-AOC) និងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលយើង ទទួលបានពិន្ទុ នៃប្រសិទ្ធភាព ការងារសន្តិសុខ និងសុវត្ថិភាព ខ្ពស់ជាងមធ្យមភាគសកល ដែលវាយតម្លៃដោយអង្គការ ICAO គឺជាការប្រកាសផ្តល់ព័ត៌មាន ប្រាប់ពិភពលោកថា «ការគ្រប់គ្រងដែនអាកាស និង ព្រលានយន្តហោះនៅកម្ពុជា មានសុវត្ថិភាពបំផុត» ធ្វើឱ្យក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិខ្នាតធំៗ ប្រើប្រាស់យន្តហោះខ្នាតយក្ស (ដូចជា Airbus A380, A330-900neo, A350-100 ឬ Boeing B-747, B777-200LR, B777X, B787-10) អាចសម្រេចចិត្តបើកផ្លូវហោះហើរត្រង់មកកម្ពុជា ដោយគ្មានការរារែក។
សូមជម្រាបថា ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃ កម្ពុជា មាន២៥ជំពូក និង ១០៤មាត្រា។ ច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីបំពេញនូវមូលដ្ឋានគតិយុត្ត ឱ្យបានគ្រប់គ្រាន់សម្រាប់គ្រប់គ្រងនិងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ស្របតាមនិន្នាការវិវត្តរីកចម្រើន នៃវិស័យអាកាសចរណ៍ពិភពលោក និងដើម្បីបំពេញចំណុចខ្វះខាតផ្នែកបទដ្ឋានគតិយុត្តដែលបានរកឃើញ ដោយក្រុមសវនកររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០២៣៕












