រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល៖ បច្ចុប្បន្នចរាចរណ៍គ្រប់គ្រងដែនអាកាសកម្ពុជា គឺគ្រប់គ្រងដោយកូនខ្មែរទាំងស្រុង បន្ទាប់ពីមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ
19-05-2026 12:54
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ ចរាចរណ៍គ្រប់គ្រងដែនអាកាសកម្ពុជា គឺត្រូវបាន គ្រប់គ្រងដោយមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាកូនខ្មែរទាំងស្រុង បន្ទាប់ពីមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយគណៈប្រតិភូនៃគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាប់ប្រាប់ Fresh News ថា ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូរដ្ឋសភា បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ចរាចរណ៍គ្រប់គ្រងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានគ្រប់គ្រងដោយមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាកូនខ្មែរទាំងស្រុង បន្ទាប់ពីមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃមក»។
បើតាមលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់, នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជាអាចគ្រប់គ្រងការហោះហើរ ដែលមានដង់ស៊ីតេខ្ពស់ បាននៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ដោយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ទៀតផង។
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ការកែទម្រង់ការអភិវឌ្ឍសេវាកម្មចរាចរណ៍នាំផ្លូវ និងប្រព័ន្ធគ្រប់គ្រងដែនអាកាសថ្មី (New CNS/ATM)៖ ច្បាប់នេះ ផ្តល់អំណាចក្នុងការអនុវត្ត៖
១)៖ ការបញ្ជារ និងគ្រប់គ្រងការហោះហើរ (Communication)
២)៖ ការនាំផ្លូវហោះហើរ និងចុះចតតាមផ្កាយរណប (Require Navigation Performant-RNAV5., Performant Base Navigation-PBN) និងប្រព័ន្ធចាស់ (Conventional) ការនាំផ្លូវហោះហើរ ឧបករណ៍នាំផ្លូវចុះចតស្វ័យប្រវត្តិ (Instrument Landing System-ILS) ឧបករណ៍នាំ ផ្លូវចំងាយឆ្ងាយ VOR/DME
៣)៖ ប្រព័ន្ធតាមដានការហោះហើរ (Secondary Radar)។
ប្រព័ន្ធគ្រប់គ្រងដែនអាកាសថ្មី ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេសលើផ្នែកសុវត្ថិភាព (Safety) និងកាត់បន្ថយការចំណាយលើការប្រើប្រាស់ប្រេង ចូលរួមចំណែក ដល់ការលើកស្ទួយបរិស្ថាន ជាសកល (Environment) ប្រតិបត្តិការហោះហើរឱ្យកាន់តែ មានភាពច្បាស់លាស់។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា តាមរយៈការផ្លាស់ប្តូរពីប្រព័ន្ធចាស់ (Conventional) ទៅជាប្រព័ន្ធថ្មី (Modernized CNS/ATM) គឺជាការផ្លាស់ប្តូរពីការប្រើប្រាស់ឧបករណ៍វិទ្យុនៅ លើដី ទៅជាបច្ចេកវិទ្យាឌីជីថល និងផ្កាយរណប។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងធ្វើបច្ចុប្បន្នភាព ប្រព័ន្ធគ្រប់គ្រងដែនអាកាសថ្មីមួយចំនួនដូចជា AIM (Aeronautical Information Management -ការគ្រប់គ្រងព័ត៌មានអាកាសចរណ៍) វាគឺជាការវិវត្តន៍ថ្មីចេញពីប្រព័ន្ធ AIS (Aeronautical Information Service) ដែលប្រើប្រាស់ក្រដាស ទៅជាប្រព័ន្ធដែលផ្អែកលើទិន្នន័យ ឌីជីថលទាំងស្រុង។
គោលបំណងចម្បងរបស់ AIM គឺផ្តល់នូវព័ត៌មានអាកាសចរណ៍ដែលត្រឹមត្រូវ ជឿទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃលំហូរចរាចរណ៍ ផ្លូវអាកាសសកល៕












