ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ រយៈពេល១៣ឆ្នាំ ចំណូលពន្ធដារកើនជិត៤ដង កើនពីជាង ៧០០លានដុល្លារ មកជាង៣.៥ពាន់លានដុល្លារ (Video inside)
21-05-2026 14:19
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១៣ឆ្នាំ ពោលចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៥ ចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឲ្យកត់សម្គាល់ ដោយកើនជិត៤ដង ពីជាង៧០០លានដុល្លារ នៅក្នុងឆ្នាំ២០២២ មកជាង៣.៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំធ្វើឡើង ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូលដែលត្រូវបានប្រមូល ដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឲ្យកត់សម្គាល់, ពីចំនួនត្រឹមតែប្រមាណ ២ ៩៦២ ប៊ីលានរៀល, សមមូលប្រមាណ៧៣៨លានដុល្លារអាម៉េរិក, ក្នុងឆ្នាំ២០១២, រហូតដល់ចំនួន ប្រមាណ១៤ ៣៤៥ ប៊ីលានរៀល, សមមូលប្រមាណ ៣ ៥៧៧ លានដុល្លារអាម៉េរិក, ក្នុងឆ្នាំ២០២៥ កន្លងទៅ, ពោលគឺមានកំណើនជិត៤ដង ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ»។
បើតាមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏មានភារកិច្ចដ៏សំខាន់ ក្នុងការចូលរួមជំរុញអនុវត្ត ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់នូវ «យុទ្ធសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា», ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ដើម្បីរួមចំណែកដល់ការកសាង នូវមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន។
«យុទ្ធសាស្រ្តកៀរគរចំណូល» នេះ ត្រូវបានរៀបចំឡើង ដោយប្រកាន់ខ្ជាប់នូវ អភិក្រមចំនួន៥ គឺ៖
១)៖ ធានានូវការគាំទ្រកំណើនសេដ្ឋកិច្ច ក៏ដូចជា ការបង្កើតបរិយាកាសអំណោយផល ដល់សកម្មភាពសេដ្ឋកិច្ច និង ការជំរុញសកម្មភាពពាណិជ្ជកម្ម;
២)៖ មិនបង្កើតប្រភេទពន្ធថ្មី និង មិនដំឡើងអត្រាពន្ធអាករ លើកលែងតែពន្ធអាករលើទំនិញ និង សេវា ដែលប៉ះពាល់ ដល់សុខភាពរបស់ប្រជាជន, សង្គម និង បរិស្ថាន;
៣)៖ ពង្រឹងយន្តការកែលម្អសេវាអ្នកជាប់ពន្ធ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និង ការពង្រឹងក្រមប្រតិបត្តិ មន្រ្តីប្រមូលចំណូល;
៤)៖ ជំរុញអនុវត្តវិធានការជាយុទ្ធសាស្រ្តមុតស្រួច ដែលមានចរិតបង្កើតចំណូល, ប៉ុន្តែ មិនបង្កឲ្យមានវិការភាពសេដ្ឋកិច្ច (Economic Distortion) និង ធានានូវសមធម៌ និង យុត្តិធម៌ ក្នុងការបង់ពន្ធ;
និង៥)៖ ជំរុញការចូលរួមពីវិស័យឯកជន ដើម្បីធានាឲ្យបាននូវគោលជំហរ និង ការយល់ដឹងរួម, ភាពគ្រប់ជ្រុងជ្រោយនៃវិធានការ និង ភាពជាក់ស្តែងនិយម ដែលផ្សារភ្ជាប់ទៅនឹង ចក្ខុវិស័យនៃការប្រែក្លាយប្រព័ន្ធចំណូលរដ្ឋ ឲ្យមានលក្ខណៈកាន់តែទំនើប, មានប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ និង ការវិវឌ្ឍយ៉ាងរហ័សនៃរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចកម្ពុជា។
ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុង ខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម តាមរយៈ ការបន្តធ្វើការកែទម្រង់ និងការអភិវឌ្ឍខ្លួន ជាប់ជានិច្ច, ទំាងផ្នែករដ្ឋបាល ក៏ដូចជា ផ្នែកគោលនយោបាយសារពើពន្ធ និង អភិបាលកិច្ច, រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលលោកសូមអនុញ្ញាតគូសរំលេចម្តងទៀត នូវសមិទ្ធផលដ៏ចម្បង និង ជាគន្លឹះ មួយចំនួន ជាអាទិ៍៖
១)៖ ការធ្វើទំនើបកម្មកម្មវិធី និង ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនានារបស់អគ្គនាយកដ្ឋាន តាមរយៈការធ្វើសមាហរណកម្ម និងសន្ធានកម្មប្រព័ន្ធទាំងនោះ ឲ្យបានពេញលេញ ហើយប្រែក្លាយជាប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់លទ្ធភាព និងមធ្យោបាយកាន់តែប្រសើរ ជូនដល់អ្នកជាប់ពន្ធ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ;
២)៖ ការពង្រឹងអភិបាលកិច្ច និង ការអភិវឌ្ឍមូលធនមនុស្ស ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១, ដែលចាត់ទុក «មនុស្ស» ជា អាទិភាពគន្លឹះ ទី១, តាមរយៈ ការវិភាគមុខងារអង្គភាពក្រោមឱវាទ, ការកែសម្រួលរចនាសម្ព័ន្ធការងារ តាមស្ថានភាពតម្រូវចាំបាច់, ការពង្រីកចំណេះដឹង និង ការជំរុញអនុវត្តនូវក្រមប្រតិបត្តិវិជ្ជាជីវៈរបស់មន្រ្តី;
៣)៖ ការរៀបចំនូវសៀវភៅណែនាំបែបបទ និង ស្តង់ដានីតិវិធីប្រតិបត្តិការ (SOP) ពាក់ព័ន្ធនឹងប្រភេទពន្ធសំខាន់ៗ ក៏ដូចជា ពាក់ព័ន្ធនឹងការធ្វើសវនកម្មពន្ធដារ, ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្ដីពីពន្ធដារ, ការផ្ដល់សេវាអ្នកជាប់ពន្ធ, ការដាក់លិខិតប្រកាសសារពើពន្ធ និង ការបង់ប្រាក់ពន្ធ;
៤)៖ ការបង្កើតនូវយន្តការនានា ដើម្បីជំរុញការដោះស្រាយបញ្ហា របស់វិស័យឯកជន ឲ្យកាន់តែមានប្រសិទ្ធ- ភាព និង ស័ក្តិសិទ្ធិភាពខ្ពស់;
៥)៖ ការបង្កើនប្រសិទ្ធភាព នៃការធ្វើសវនកម្មពន្ធ និង ការ-ដោះស្រាយបណ្តឹងតវ៉ា ប្រកបដោយទំនុកចិត្ត រវាងមន្រ្តីពន្ធដារ និង អ្នកជាប់ពន្ធ ទន្ទឹមគ្នានឹងការពង្រឹងគុណភាពនៃការវិភាគហានិភ័យទូទៅ ផ្អែកតាមវិធីសាស្រ្ត ជាឧត្តមានុវត្តន៍អន្តរជាតិ។
សូមជម្រាបថា សម្រាប់ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានគ្រោងប្រមូលសារពើពន្ធ សម្រេចឱ្យបាន ២៥ ៣៤១ប៊ីលានរៀល (ប្រមាណ ៦.៣ពាន់លានដុល្លារ) ក្នុងចំណូលពីពន្ធដារ ឱ្យបានចំនួន ១៣ ២៩២ ប៊ីលានរៀល (ប្រហែល៣.៣ពាន់លានដុល្លារ)៕







































































