ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦ អាចនឹងថយជាងឆ្នាំ២០២៥ ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា (Video inside)
21-05-2026 14:29
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៦នេះ អាចនឹងមានការថមថយជាងឆ្នាំ២០២៥ ដោយសារផលអវិជ្ជមាននៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ក្រសួងសេដ្ឋកិច្ច ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាននូវអត្រាកំណើន ៤,២% នៅក្នុងឆ្នាំ ២០២៦ ទាបជាងការព្យាករកាលពីពេលមុនថាសម្រេចបានក្នុងរង្វន់ ៥%។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «កំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០២៦នេះ អាចនឹងមាននិន្នាការថមថយ ជាងកំណើនក្នុងឆ្នាំ២០២៥ ដោយសារកម្មវិបាកអវិជ្ជមាន នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ ជាពិសេស ឥទ្ធិពលអវិជ្ជមាននៃការកើនថ្លៃប្រេងឥន្ធនៈ មកលើវិស័យដែលពឹងផ្អែកលើប្រេង ជាកត្តាផលិតកម្ម, តួយ៉ាង កសិកម្ម, ដឹកជញ្ជូន និង ទេសចរណ៍, គួបផ្សំនឹងការកើននៃសម្ពាធអតិផរណា ដែលអាចបន្ទច់បង្អាក់ ដល់សកម្មភាពចាយ និង ការប្រើប្រាស់ជារួម»។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកឡើងផងដែរអំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព ពិសេសក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល គួបផ្សំជាមួយសមិទ្ធផលដ៏ប្រសើរ ក្នុងការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដែលជួយឱ្យអគ្គនាយកដ្ឋានពន្ធដារ ដើរតួនាទីជាស្ថាប័នស្នូលដ៏សំខាន់បំផុតមួយ ក្នុងការប្រមូលចំណូលជូនរាជរដ្ឋាភិបាល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាព ដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគសាធារណៈ លើហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទ ជាអាទិ៍៖ ផ្លូវថ្នល់, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធធារាសាស្រ្ត, ប្រព័ន្ធទឹកស្អាត, បណ្តាញអគ្គិសនី -ល- និងម្យ៉ាងទៀត, ក្នុងការតម្លើងប្រាក់បៀវត្ស, ប្រាក់បំណាច់មុខងារ និងរបបសន្តិសុខសង្គម ជូនមន្រ្តីរាជការស៊ីវិល, កងកម្លាំងប្រដាប់អាវុធ, និវត្តជន និងមន្រ្តី-បុគ្គលិកគ្រប់ប្រភេទ ទន្ទឹមគ្នានឹងការបង្កើនប្រាក់សោធនប្រចាំខែ សម្រាប់អតីតមន្រ្តីរាជការស៊ីវិល និង អតីតយុទ្ធជន ព្រមទាំង ការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ជូនដល់ប្រជាជនកម្ពុជា ដោយឈរលើគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»។
បើតាមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញ និងកំពុងជំរុញអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ និងវិធានការគន្លឹះ ចំនួន៥, សំដៅខិតខំជម្នះឲ្យបាន នូវបញ្ហាប្រឈមទាំងឡាយ និង សម្របខ្លួន ទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់, និងខណៈខ្លះ កើតឡើងដំណាលៗគ្នា, ដោយតម្រូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ ឲ្យបានទាន់ពេល និងចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ព្រមទាំង ត្រៀមដាក់ចេញនូវវិធានការ ឆ្លើយតបមុតស្រួច លើគ្រប់វិស័យសំដៅ ម្ខាងដោះស្រាយបញ្ហាប្រឈមចំពោះមុខ និង បន្តរក្សានូវចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម និង ម្ខាងទៀត ប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឲ្យក្លាយទៅជាកាលានុវត្តភាព តាមរយៈការបន្តខិតខំពង្រឹងភាពប្រកួតប្រជែង ក៏ដូចជា ភាពរឹងមាំ និង ភាពធន់ទៅនឹងវិបត្តិ តាមរយៈ ការពង្រីក និង ការពង្រឹងប្រព័ន្ធគាំពារសង្គម ការកែលម្អបរិយាកាសធុរកិច្ច ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងវិស័យហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និង មិនមែនធនាគារ ការពង្រឹងលទ្ធភាព លើកកម្ពស់ខ្សែច្រវាក់ផលិតកម្ម ក្នុងស្រុក សំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងតំបន់ និង លើសកលលោក; ការចាប់យកសកម្មភាពផលិតកម្ម ដែលបង្កើតតម្លៃបន្ថែមខ្ពស់ ការបង្កើតការងារកាន់ តែច្រើន សម្រាប់ពលករកម្ពុជា និងការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែទូលំទូលាយ សំដៅឈានទៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។
ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ ក្នុងបរិការណ៍សកល ក៏ដូចជា ត្រូវប្រឈមនឹងការគម្រាម និងការរំលោភលើអធិបតេយ្យជាតិ និងបូរណភាពទឹកដី យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥.៣% ក្នុងឆ្នាំ ២០២៥ កន្លងទៅ។ នេះជាការបញ្ជាក់បន្ថែម របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៕
សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៦ មានការកើនឡើងចំនួន ៤.៥%ដូចគ្នា៕







































































