* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានជាង៩០លានដុល្លារ ក្នុងឆ្នាំ២០២៥ និងសម្រេចបែងចែកភាគលាភ​ ​ប្រមាណជាង៧លានដុល្លារជូនភាគហ៊ុនិក (Video inside)

04-06-2026 13:56

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាអង្គភាពរដ្ឋចុះបញ្ជីក្នុងផ្សារមូលបត្រ បានរៀបចំមហាសន្និបាតភាគហ៊ុនិកលើកទី១៤ ដើម្បីអនុម័តបែងចែកភាគលាភឆ្នាំ២០២៥ ជូនភាគហ៊ុនិក ដោយបានសម្រេចបែងចែកភាគលាភចំនួនជាង២៨ពាន់លានរៀល ឬប្រមាណជាង៧លានដុល្លារជូនភាគហ៊ុនិក។

មហាសន្និបាតភាគហ៊ុនិកលើកទី១៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតាមប្រព័ន្ធអនឡាញ ZOOM ក្រោមអធិបតីភាព លោក ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ មន្ត្រី-និយោជិតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ភាគហ៊ុនិក និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ។

បើតាម លោក ឯក សុនចាន់ ក្នុងឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរកចំណូលបានប្រមាណ ៣៧៣ពាន់លានរៀល ឬស្មើនឹងប្រមាណជាង៩០លានដុល្លារ ពីការលក់ទឹកស្អាតប្រមាណជាង២៣១លានម៉ែត្រគូបដល់អតិថិជន និងទទួលបានប្រាក់ចំណេញ ប្រមាណជាង៩៤ពាន់លានរៀល ឬប្រមាណជាង២៣លានដុល្លារ។

មហាសន្និបាតភាគហ៊ុនិក បានសម្រេចអនុម័តបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួនជាង២៨ពាន់លានរៀលឬប្រមាណជាង៧លានដុល្លារជូនភាគហ៊ុនិក ដែលមានឈ្មោះក្នុងបញ្ជីភាគហ៊ុនិក នាកាលបរិច្ឆេទកំណត់ទុកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងនោះទឹកប្រាក់ចំនួន៤.៣០៥.១៧១.៧៥០រៀល (ប្រមាណជាង១លានដុល្លារ) ជាភាគលាភដែលត្រូវបែងចែកជូនភាគហ៊ុនិក ឯកជន និងទឹកប្រាក់ចំនួន២៤.៣៩៥.៩៧១.៧១០រៀល(ប្រមាណជាង៦លានដុល្លារ) ជាភាគលាភរបស់រដ្ឋដែលតំណាងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយសំឡេងឆ្នោតគាំទ្រចំនួន៧៥.៤៩៨.៥២៧សំឡេង ស្មើនឹង៩៩,៩៣% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប។ ភាគលាភនេះនឹងត្រូវចែកជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទឹកប្រាក់ចំនួន ៣៣០រៀល/ភាគហ៊ុន។

ទន្ទឹមគ្នានេះមហាសន្និបាតភាគហ៊ុនិក បានអនុម័តលាភការរបស់សមាជិកក្រុមប្រឹក្សាភិបាលចំនួន៧រូប និងមន្ត្រីត្រួតពិនិត្យរដ្ឋអម រ.ទ.ស.ភ ចំនួន១រូប សម្រាប់ឆ្នាំ២០២៦ ដែលមានទឹកប្រាក់សរុបចំនួន១.១០៧.៩៧៩.១៥២រៀល ដោយ សំឡេងឆ្នោតគាំទ្រចំនួន៧៥.៤៧៤.៦៦៩សំឡេង ស្មើនឹង៩៩,៩០% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប។

លោក ឯក សុនចាន់ បានគូសបញ្ជាក់ថា លទ្ធផលខាងលើនេះឆ្លុះបញ្ចាំងឱ្យឃើញថា ភាគហ៊ុនិកទាំងអស់នៅតែបន្តឆន្ទៈគាំទ្រ និងផ្តល់ទំនុកចិត្ត យ៉ាងមុតមាំ មកលើដំណើរការធុរកិច្ចរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាប្រសិទ្ធភាពនៃការដឹកនាំ គ្រប់គ្រង និងចាត់ចែងអង្គភាពផងដែរ។

លោកមានប្រសាសន៍ថា «ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ភាគហ៊ុនិក តាងនាមឱ្យថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្ញុំសូមប្ដេជ្ញាបន្តធ្វើឱ្យប្រសើរឡើងក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និរន្តរភាព សុវត្ថិភាព និងរក្សាបានថ្លៃសមរម្យ។ ជាមួយគ្នានេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងបន្តធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុរបស់ស្ថាប័ន តាមរយៈការបង្កើនប្រសិទ្ធភាព ប្រសិទ្ធផលលើគ្រប់វិស័យ, ព្រមទាំងអនុវត្តការគ្រប់គ្រង និងធ្វើវិចារណកម្មចំណាយជាជំហានៗ ឱ្យកាន់តែមានភាពសមស្រប និងប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះ យើងនឹងខិតខំបង្កើនប្រភពចំណូលស្របច្បាប់គ្រប់មធ្យោបាយ តាមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ស្ថាប័នឱ្យកាន់តែរឹងមាំ»៕